អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្សី ថា​តុលាការ​ខ្មែរ​ក្រហម​មិន​មាន​យុត្តិធម៌​ពេញ​លេញ តែ​មន្ត្រី​សាលា​ក្តី​យល់​ថា​ជា​ការ​ញុះញង់​នយោបាយ​

មន្ត្រី​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភត្រ្តា បាន​ហៅ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា​មាន​លក្ខណៈ​ញុះ​ញង់ មិន​យល់​ពី​ដែន​យុត្តាធិការ​របស់​តុលាការ​ខ្មែរ​ក្រហម ហើយ​មាន​របៀប​វារៈ​នយោបាយ​បែប​សង​សឹក​។ ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​សាលា​ក្តី​ខ្មែរ​ក្រហម​ដូច​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បទ​អន្តរាគមន៍​របស់​លោក​សម រង្សី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឯ​ព្រឹទ្ធសភា​បារាំង បាន​ចោទ​ប្រកាន់​ថា​តុលាការ​កូន​កាត់​នេះ មិន​បាន​ផ្តល់​យុត្តិធម៌​ពេញ​លេញ​ជូន​រាស្ត្រ​ខ្មែរ​ទេ​។ 

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ @Sam Rainsy Facebook Page
ផ្សាយពាណិជ្ជកម្ម

ប្រធាន​កិច្ច​កិច្ចការ​សាធារណៈ និង​ជា​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម លោក នេត្រ ភត្រ្តា បាន​ចាត់​ទុក​ថា លោក សម រង្ស៊ី កំពុង​តែ​ប្រមាថ​ព្រលឹង​ជន​រង​គ្រោះ​ខ្មែរ​រាប់​លាន​នាក់ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត និង​មិន​ឱ្យ​តម្លៃ​លើ​ការ​លះ​បង់ របស់​ជន​រងគ្រោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី​ប្រកប​ដោយ​ជំនឿ​ទុក​ចិត្ត​។ លោក នេត្រ ភត្រ្តា បន្ត​ថា លោក សម រង្ស៊ី ក៏​កំពុង​ប្រមាថ​សហគមន៍​អន្តរជាតិ ដែល​ជួយ​ជ្រោម​ជ្រែង​បង្កើត​តុលាការ​ខ្មែរ​ក្រហម ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស​ដើម្បី​តុលាការ​ទទួល​បាន​ជោគ​ជ័យ​។

ជុំវិញ​ការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម នៅ​ចំពោះ​មុខ​តុលាការ​ខ្មែរ​ក្រហម នៅ​ទីក្រុង​ភ្នំពេញ​លោក សម រង្ស៊ី នៅ​ឯ​ព្រឹទ្ធសភា​ប្រទេស​បារាំង​កាល​ពី​សប្តាហ៍​មុន បាន​បញ្ជាក់​ថា តុលាការ​នេះ មិន​បាន​ផ្តល់​យុត្តិធម៌​ពេញ​លេញ ជូន​ប្រជារាស្ត្រ​ខ្មែរ​ទេ ពី​ព្រោះ​រដ្ឋ​អំណាច លោក ហ៊ុន សែន រារាំង​មិន​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត ចំពោះ​ជន​ឧក្រិដ្ឋ មួយ​ចំនួន ដែល​បាន​រួច​ខ្លួន ដោយ​សារ​តែ​ជា​អ្នក​មាន​អំណាច​សព្វ​ថ្ងៃ​។ ក្នុង​នោះ​មាន​ទាំង​លោក ហេង សំរិន និង លោកហ៊ុន សែន ផងដែរ ដែល​មាន​បាត​ដៃ​ប្រឡាក់​ឈាម​។ នេះ​បើ​តាម​លោក សម រង្ស៊ី សរសេរ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​លោក នៅ​ថ្ងៃ​អង្គារ​នេះ​។ លោក សម រង្ស៊ី បន្តថា ជន​ទាំង​២ នាក់​នេះ បាន​បម្រើ​របប ប៉ុល ពត យ៉ាង​សកម្ម ពីឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៧-១៩៧៨​។

នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​គណបក្ស​ប្រជាជន​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​លោក នេត្រ ភត្រ្តាបាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធ​ផល​ការងារ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ដល់​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​។ ជន​រងគ្រោះ​ជាង ៩០%​បាន​ថ្លែង​ក្នុង​របាយការណ៍​ស្ទង់​មតិ​ថា សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ផ្តល់​យុត្តិធម៌​ដល់​ខ្លួន ស្វែង​រក​ការ​ពិត ការ​ផ្សះ​ផ្សា​ជាតិ និង​ផ្សះ​ផ្សា​ផ្លូវ​ចិត្ត​ជន​រង​គ្រោះ និង​ការ​ចង​ចាំ​ក្នុង​ចំណោម​ពលរដ្ឋ ដើម្បី​បង្ការ និង​ទប់​ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ឧក្រិដ្ឋកម្ម​សាហាវ​ឃោរឃៅ​ដូច​ក្នុង​របប​ខ្មែរ​ក្រហម​។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ សាលាក្តី​ខ្មែរ ក្រហម​បាន​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង ០០២/០២ ប្រឆាំង​នឹង​អតីត​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​គឺ​នួន ជា និងខៀវ សំផន ដោយ​ផ្តន្ទា​ទោស​ម្នាក់ៗ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក៏​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ខៀវ សំផន បាន​ធ្វើ​ការ​ប្តឹង​សារ​ទុក្ខ ខណៈ នួន ជា នៅ​ស្ងាត់​ស្ងៀម​នៅ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ