អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី អះ​អាង​ថា លោក ហ៊ុន សែន កំពុង​តែ​ដក​ខ្លួន​ថយ ពី​ការ​ភ្នាល់​ជាមួយ​លោក​

ជា​ថ្មី​ម្តង​ទៀត កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក សម រង្ស៊ី បាន​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​ភ័យ​ស្លន់​ស្លោ ពី​លទ្ធផល​នៃ​ការ​ភ្នាល់​ជា​មួយ​លោក ហើយ​ថា​លោក ហ៊ុន សែន កំពុង​តែ​រក​ច្រក​ចេញ​ពី​ការ​ភ្នាល់​នេះ​។ លោក សម រង្សី បញ្ជាក់ថា លោក ហ៊ុន សែន ទើបតែ​ដឹង​ខ្លួន​ថា គាត់​ជាប់​អន្ទាក់​របស់​លោក​។ 

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។ Sam Rainsy/ FB Page
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក លោក សម រង្ស៊ី បាន​អះ​អាង​ថា «ដោយ​សារ​តែ​គាត់​ឃើញ​ថា សម្ពាធ​ពី​អន្តរជាតិ មក​លើ​គាត់​កាន់​តែ​ខ្លាំង​ឡើង ហើយ​គាត់​ត្រូវ​តែ​បង្ខំ​ចិត្ត​ដោះ​លែង​លោក កឹម សុខា កាន់​តែ​ឆាប់ គាត់​ក៏​ក្រឡាស់​ពាក្យ​សំដី​គាត់ ដើម្បី​ដក​ខ្លួន​ថយ ពី​ការ​ភ្នាល់​ជាមួយ លោក សម រង្ស៊ី»​។ លោក សម រង្ស៊ី បាន​អះ​អាង​ទៀត​ថា «អ្វី​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន កំពុង​តែ​ភ័យ​ស្លន់​ស្លោ​នោះ គឺ​គាត់​បាន​ដាក់​តំណែង​គាត់​ជា​នាយក​រដ្ឋមន្ត្រី ជា​កម្មវត្ថុ នៃ​ការ​ភ្នាល់​នេះ បើ​លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង នៅ​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ ឬ​យ៉ាងយូរ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៩ ខាង​មុខ​នេះ​មែន»​។

បើ​តាម លោក សម រង្ស៊ី «ដោយ​សារ​តែ​លោក ហ៊ុន សែន ពេល​នេះ កំពុង​តែ​ភ័យ​ខ្លាំង​ពេក ពីការ​ត្រូវ​ចុះ​ចេញ​ពី​តំណែង យ៉ាង​យូរ​ថ្ងៃ ០៣ មីនា ឆ្នាំ ២០១៩ ខាង​មុខ​នេះ គាត់​ក៏​ប៉ុន​ប៉ង​កែ​ច្នៃ និង​ក្រឡាច់​កម្ម​វត្ថុ និង​លក្ខខណ្ឌ​នៃ​ការ​ភ្នាល់​នេះ ដោយ​អះ​អាង​ចុង​ក្រោយ​នេះ​ថា រឿង​នេះ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ស្នើ​ពី​គាត់ ទៅ​ព្រះមហាក្សត្រ ឲ្យ​លើក​លែង​ទោស​លោក កឹម សុខា ទៅ​វិញ​។ តាម​ការ​ពិត ការ​ភ្នាល់​នេះ អត់​មាន​ពាក់​ព័ន្ធ​ការ​ស្នើ​ទៅ​ព្រះមហាក្សត្រ ឲ្យ​លើក​លែង​ទោស​លោក កឹម សុខា ទាល់​តែ​សោះ»​។ នេះ​ជា​ការ​លើក​ឡើង​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដដែល​នេះ​។

សូម​បញ្ជាក់​ថា ការ​បន្ត​លើក​ឡើង​របស់ លោក សម រង្ស៊ី នេះ​គឺ​បន្ទាប់ពី​លោក ហ៊ុន សែន តាម​រយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន ​Fresh News កាល​ពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា កន្លង​ទៅ បាន​ថ្លែង​ថា «យោង​តាម​ច្បាប់​ជា​ធរមាន ទោះ​១០០០​ឆ្នាំ​ទៀត ក៏​មិន​អាច​កើត​បាន​ដែរ សម្រាប់​ការ​លើក​លែង​ទោស​ឲ្យ​អ្នក​ដែល​មិន​មាន​ទោស ឬ​តុលាការ​មិន​ទាន់​កាត់​ឲ្យ​មាន​ទោស ឬ​កាត់​ហើយ​តែ​សាល​ក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ កុំ​ថា​ឡើយ​ត្រឹម​សេះ​ដុះ​ស្នែង​»​។

លោក​ប្រមុខ​រដ្ឋា​ភិបាល​បន្ត​ថា អ្នក​ដែល​ចូល​ចិត្ត​វាយ​ប្រហារ​លើ​រូប​លោក គឺ«អត់​ចេះ​ស្តាប់ និង​សិក្សា​ពី​សំដី ដែល​បង្កប់​ដោយ​ន័យ​នយោបាយ និង​ផ្លូវ​ច្បាប់​»ដែល​លោក​បាន​និយាយ​នោះ​ទេ ហើយ​គេ​រៀប​អន្ទាក់​ដាក់​លោក តែ«ពេល​នេះ​គេ​ដើរ​ជាន់​អន្ទាក់​ខ្លួន​ឯង​ទៅ​វិញ»​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ