អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី បង្ហាញ​ទំនុក​ចិត្ត​លើ លោក កឹម សុខា ខណៈ​លោក ហ៊ុន សែន ថ្លែង​ព្រមាន​សំដៅ​លោក​ កឹម សុខា​

សារ​នយោបាយ​ឆ្លើយ​ឆ្លង​រវាង​អ្នក​នយោបាយ​ជើងចាស់​របស់​កម្ពុជា​បាន​លេច​ឡើង​ជា​ថ្មី​ទៀត​នៅ​សប្តាហ៍​នេះ ខណៈ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន អះអាង​ថា​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះបាន​គំរាម​គេ​មិន​ឲ្យ​ទៅ​សុំ​សិទ្ធិ​នយោបាយ​។ ការថ្លែង​របស់​លោក​ប្រមុខ​រដ្ឋា​ភិបាល​ដូច្នេះ ត្រូវ​គេ​គិត​ថា​សំដៅ​ទៅ​លើ​លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​។ ភ្លាមៗ​នោះ លោក សម រង្ស៊ី ដែល​ថា​លោក​មិន​ដែល​បាន​ទាក់​ទង​លោក កឹម សុខា ទាល់​តែ​សោះ​តាំង​ពី​ជាប់​ឃុំ​មក​នោះ បាន​បង្ហាញ​ទំនុក​ចិត្ត​ថែម​ទៀត​មក​លើ លោក កឹម សុខា ​ក្នុង​សម្ព័ន្ធ​ភាព​របស់​ខ្លួន​ថា​ជា«មនុស្សតែមួយ»។ 

លោក សម រង្ស៊ី
លោក សម រង្ស៊ី @RFI
ផ្សាយពាណិជ្ជកម្ម

«ដោយ​សារ​តែ កឹម សុខា បាន​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់​របស់​លោក ហើយ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ កុំ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី ហ៊ុន សែន ឲ្យ​សោះ ក្នុង​កាលៈ​ទេសៈ​ដូច​សព្វ​ថ្ងៃ ទើប ហ៊ុន សែន គំរាម​កំហែង កឹម សុខា ដែល​ជា​ចំណាប់​ខ្មាំង​របស់​គាត់»។ នេះ​ជា​សំណេរ​របស់​លោក សម រង្ស៊ី នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ​។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដែល​ហាក់​មាន​ទំនុក​ចិត្ត​លើ​លោក កឹម សុខា យ៉ាង​ដូច្នេះ គឺ​ភ្លាមៗ​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ថ្លែង​ថា​មាន​អ្នក​ខ្លះ​នៅ​ជាប់​ឃុំ​ក្នុង​ផ្ទះ​នៅ​ឡើយ តែ​ព្រមាន​គេ​កុំ​ឲ្យ​គេ​សុំ​សិទ្ធិ​នយោបាយ​។ តាម​រយៈ​ការ​លើក​ឡើង​ដូច្នេះ ត្រូវ​គេ​គិត​ថា​សំដៅ​ទៅ​លើ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​។

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក ហ៊ុន សែន ព្រមាន​ថា​លោក​មិន​ឲ្យ​រួច​ខ្លួន​ទេ នៅ​ពេល​តុលាការ​កាត់​ទោស​ហើយ​។ ប៉ុន្តែ ភា្លមៗ បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បែប​នេះ លោក ផែង ហេង មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ទាំង​៤រូប​របស់​លោក កឹម សុខា បាន​សរសេរ​នៅលើ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ថា លោក​គ្រាន់តែ​ចង់​បញ្ជាក់​ខ្លី​ថា "លោក កឹម សុខា មិនបានហាមឃាត់ ឬព្រទ្ធមានអ្នកដែលសុំសិទ្ធិធ្វើនយោបាយ ហើយ​ក៏​មិន​បាន​ជំរុញ​ឲ្យ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ"។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​ក្រុម​ប្រឆាំង​ឡើង​វិញ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ខែ​មករា​ មក​ទល់​ពេល​នេះ គឺ​មាន​អ្នក​នយោបាយ​ចំនួន​៩រូប​ប៉ុណ្ណោះ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ នៅក្នុង​ចំណោម​អ្នក​នយោបាយ​របស់​អតីត​គណបក្សង្រ្គោះ​ជាតិ​ចំនួន​១១៨​រូប ​ខណៈ​លោក សម រង្ស៊ី បាន​ចាត់​ទុក​សមាជិក​ដែល​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះថា ជា​មនុស្ស «ក្បត់​បក្ស»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ