អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី បដិសេធ​ថា មិន​បាន​ចុះ​ហត្ថលេខា​កាត់​ដី​ឲ្យ​វៀតណាម​ទេ!

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​បដិសេធ​ថា លោក​មិន​បាន​ចុះ​ហត្ថលេខា​កាត់​ដី​ឲ្យ​ទៅ​វៀតណាម​ឡើយ​។ ការ​បដិសេធ​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា បាន​ចុះ​ហត្ថលេខា​កាត់​ខេត្ត​ចំនួន​៤​ទៅ​ឲ្យ​វៀតណាម​សេរីនៅ​ក្នុង​ឯកសារ​ចាស់​កាល​ពី​ឆ្នាំ​២០១៣​ ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ឈាន​ទៅ​ដឹក​នាំ​ប្រទេស​​​។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អ៊ីមែល​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​ទី​៧​មីនា លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា លោក​មិន​បាន​ចុះ​ហត្ថលេខា​កាត់​ដី​ឲ្យ​វៀតណាម​ឡើយ​។ បើ​តាម​លោក សម រង្ស៊ី ឯកសារដែល​លោក​ចុះ​ហត្ថលេខា​ជាមួយលោក Kok Ksor មេ​ដឹក​នាំ​ចលនា​ម៉ុងតាញ៉ា ​នៅ​ឆ្នាំ​២០១៣​នោះ មែន​ទែន​ទៅ មាន​ខ្លឹមសារ​ចង់​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ជន​ជាតិ​ភាគតិច​ម៉ុងតាញ៉ា ដែល​រស់​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដូច​ជា​ខេត្ត​មណ្ឌល​គិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង​។

ចំពោះ​ការ​លើក​ឡើង​ពី «សិទ្ធិ​ស្វ័យភាព​នៃ​ជនជាតិ​ដើម​ភាគតិច» នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៣​វិញ ប្រធាន​ចលនា​សង្គ្រោះ​ជាតិពន្យល់​​ថា វា​គឺ​ជា​ការ​អនុវត្ត​ជាក់​ស្ដែង​នៃ​អំណាច​វិមជ្ឈការ តែ​ប៉ុនណោះ។ ​ការ​ផ្ទេរ​អំណាច​នេះ ត្រូវ​បាន​លោក សម រង្ស៊ី អះអាង​ថា ជា​ផ្នែក​មួយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ដែល​មិន​ដែល​មាន​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ឡើយ​។ នេះ​បើ​តាម​លោក សម រង្ស៊ី​។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ក្រសួង​មហាផ្ទៃ ករណី​ចុះ​កិច្ច​ព្រម​ព្រៀង​របស់​លោក សម រង្ស៊ី ជា​មួយ​មេ​ដឹក​នាំ​ចលនា​ម៉ុងតាញ៉ា​នៅ​ឆ្នាំ​២០១៣​នេះ គឺ​ជា​ទង្វើ​ក្បត់​ជាតិ ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ​។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បានប្រៀប​ប្រដូច​ករណី​លោក​សម រង្ស៊ី ទៅ​នឹង​ករណី​លោក កឹម សុខា ដែល​សហការ​ជាមួយ​បរទេស បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​សាសន៍​ឯង​។

គួរ​កត់​សម្គាល់​ដែរ​ថា ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​នេះ មិន​បានធ្វើ​ឲ្យ​​លោក សម រង្ស៊ី ភ្ញាក់​ផ្អើល​ទេ​។ នៅ​ក្នុង​អ៊ីមែល​ដដែល លោក សម រង្ស៊ី ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ និង​ជា​លេស​ដើម្បីបង្ក្រាប​លើ​ការ​ប្រឆាំង​តាម​បែប​ប្រជាធិបតេយ្យ ពី​សំណាក់​របប​ផ្ដាច់​ការ​តែ​ប៉ុនណោះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯ​បរទេស​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ