អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី អះអាង​ថា សម្ដី​របស់លោក​នៅ​សភា​អឺរ៉ុប​ជា​វិធី​សាស្ត្រ​ក្នុង​ការ​ចរចា​

អ្វី​ដែល​បាន​លើក​ឡើង​នៅ​សភា​សហភាព​អឺរ៉ុប គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ចរចា ដើម្បី​ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ ដាក់​សម្ពាធ​ទៅ​លើ​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ឲ្យ​តម្លើង​ប្រាក់​ខែ និង​កែ​លម្អ​លក្ខខណ្ឌ​ការងារ​សម្រាប់​ជួយ​ដល់​កម្មករ​ខ្មែរ​។ នេះ​ជា​ការ​អះអាង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​ដូច​ព្យុះ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នៅ​សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​១៣​កក្កដា​កន្លង​ទៅ​។ ជា​ការ​លើក​ឡើង​​ដែល​ថា ក្នុង​លក្ខខណ្ឌ​ដែល​សហភាព​អឺរ៉ុប​លូក​ដៃ​បិទ​ទីផ្សារ​នាំ​ចូល​សម្លៀក​បំពាក់​ពី​កម្ពុជា​ គឺ​មិន​ប៉ះពាល់​ដល់​​កម្មករ​និង​ប្រជាពលរដ្ឋ​តូច​តាចទេ​។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងមហាបាតុកម្ម កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងមហាបាតុកម្ម កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

ប្រសាសន៍​របស់​លោក សម រង្ស៊ី ថ្លែង​នៅ​សភា​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៣​កក្កដា អំពី​ទីផ្សារ​សម្លៀក​បំពាក់​​កម្ពុជា នៅ​តែ​ជា​សង្គ្រាម​ប៉ាកា​​នៅ​ឡើយ​រហូត​មក​ទល់​ពេល​នេះ​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តែ​និរទេស​ខ្លួន​នៅ​បរទេស​រូប​នេះ ត្រូវ​បាន​រដ្ឋាភិបាល សមាគម​រោងចក្រ​កាត់ដេរ និង​សហជីព​ជា​ច្រើនថ្កោល​ទោស និង​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ថា មាន​បំណង​ផ្ដាច់​ឆ្នាំង​បាយ​ខ្មែរ ខណៈ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​ខ្មែរ​ទៅ​អឺរ៉ុប មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៣​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥​។

ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​ដូច​ព្យុះ​នេះ លោក សម រង្ស៊ី បាន​បង្ហាញ​វីដេអូ និង​សរសេរ​ពន្យល់​បន្ថែម​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួនថា លោក​មិន​បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប បិទ​ទីផ្សារ​របស់​គេ​តែ​ម្ដង​ទេ​។ លោក​ថា បើ​អឺរ៉ុប​លូក​ដៃ​ចូល​ក្នុង​ទីផ្សារ​សម្លៀក​បំពាក់​នៅ​កម្ពុជា គឺ​នៅ​ពេល​បើក​ទីផ្សារ​វិញ មិន​មែន​ចេះ​តែ​បើក​ទេ គឺ​ត្រូវ​មាន​ភ្ជាប់​ជា​មួយ​លក្ខខណ្ឌ​ផង​ដែរ​។ ជា​លក្ខខណ្ឌ​ដែល​លោក សម រង្ស៊ី អះអាង​បន្ថែម​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាប់​ផ្ដើម​គិតគូរ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ បើ​តាម មេ​បក្ស​ប្រឆាំង​ដដែល ការ​លូក​ដៃ​របស់​សហភាព​អឺរ៉ុប​ក្នុង​ទីផ្សារ​សម្លៀក​បំពាក់​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ឬ​ប្រជាជន​តូច​តាច​ទេ​។ អ្នក​ដែល​ប៉ះពាល់ គឺ​ថៅកែធំ​ៗ​ទៅ​វិញ​ទេ​។ ថៅកែ​ធំ​ៗ មេ​ឈ្មួញ​ធំ​ៗ ដែល​ចំណេញ​ប្រាក់​ច្រើន ហើយ​យក​ផ្នែក​មួយ​នៃ​ប្រាក់​ចំណេញ​នោះ ទៅ​សូក​ប៉ាន់​គណបក្ស​កាន់​អំណាច​។

សម្រាប់​លោក សម រង្ស៊ី ការ​លើក​ឡើង​របស់​លោក​ដូច្នេះ​នៅ​សភា​អឺរ៉ុប គឺ​មិន​ខុស​ពី​អ្វី​ដែល​សហជីព​ធំ​ៗ​នៅ​កម្ពុជា​បាន​លើក​ឡើង​ជាមួយ​ក្រុមហ៊ុន​អន្ដរជាតិ​ធំ​ៗ​ដែល​ជា​អ្នក​បញ្ជា​ទិញ​ឡើយ​។ ការ​លើក​ឡើង​បែប​នេះ គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ចរចា ដើម្បី​ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ ដាក់​សម្ពាធ​ទៅ​លើ​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ឲ្យ​តម្លើង​ប្រាក់​ខែ និង​កែ​លម្អ​លក្ខខណ្ឌ​ការងារ​សម្រាប់​ជួយ​ដល់​កម្មករ​ខ្មែរ​។ លោកថែម​ទាំង​បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច កំពុង​តែ​ភូត​កុហក​ប្រជាពលរដ្ឋ ជា​ពិសេស​កម្មករ ដោយ​មួល​បង្កាច់​រូប​លោក​ថា បាន​ស្នើ​ឲ្យ​អឺរ៉ុប បិទ​ទីផ្សារ​សម្លៀក​បំពាក់​ដែល​នាំ​ចេញ​ពី​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ