អានតួអត្ថបទ
កម្ពុជា-នយោបាយ

​សង្រ្គាម​ប៉ាការ​រវាង លោក សម រង្ស៊ី និង​ លោក ហោ ណាំហុង ផ្ទុះ​ឡើង​ជា​ថ្មី ខណៈ​ លោក ហ៊ុន សែន ​ព្រមាន​ប្តឹង​ លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង​

ជាថ្មី​ម្តង​ទៀត លោក សម រង្ស៊ី បាន​អះអាង​ថា លោក​គឺ​ជា​អ្នក​ឈ្នះ​ក្តី​លើ​លោក ហោ ណាំហុង ករណី​ដែល​លោក​ចោទថា អតីត​ប្រមុខ​ការ​ទូត​កម្ពុជា គឺ​ជា​អតីត​មេគុក​បឹង​ត្របែក​សម័យខ្មែរ​ក្រហម។ ប៉ុន្តែ​លោក ហោ ណាំហុង បាន​គូស​បញ្ជាក់​ដោយ​បង្ហាញ​សាលដីកា​មក​ជាមួយ​ថា តុលាការ​បារាំង​បាន​កាត់​ក្តី​ឲ្យ​លោក​ឈ្នះ​លោក សម រង្ស៊ី លើ​សំណុំ​រឿង​នេះ។ ប៉ុន្តែ​តុលាការ​បារាំង​បាន​អភ័យ​ទោស​ឲ្យ លោក សម រង្ស៊ី។ 

លោក សម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​
លោក សម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

ការ​ផ្ទុះ​សង្រ្គាម​ប៉ាការ​រវាង​អ្នក​នយោបាយ​ជើង​ចាស់​ទាំង​ពីរ​រូប​នេះ គឺ​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឱ្យ​មេធាវី​សិក្សា​ផ្លូវ​ច្បាប់ ដើម្បី​​ប្ដឹង លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង ករណី​អតីត​មេ​បក្ស​ប្រឆាំង​ចោទ​លោក​ថា បាន​សម្លាប់ ​លោក ហុក ឡងឌី អតីត​មេ​ប៉ូលីស​ជាតិ​។

ភ្លាមៗ​នោះ លោក សម រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ប្តឹង​លោក​ទៅ​កាន់​តុលាការ​បារាំងចំពោះ​អ្វីដែលលោក​បាន​ចោទ​ប្រកាន់​នេះ​។ បើ​តាម ​លោក សម រង្ស៊ី ​លោក​ជឿ​ថា តុលាការ​បារាំង​នឹង​កាត់​ក្តី​ឲ្យលោក​ឈ្នះក្តី​ដូចករណី​ ដែល​ លោក ហោ​ ណាំហុង ​ប្តឹង​លោក​ទៅ​កាន់​តុលាការ​បារាំងក្នុងសំណុំរឿង​ លោក សម រង្ស៊ី ចោទ​ប្រកាន់​ លោក ហោ ណាំហុង​ ថាជាអតីតមេគុក​បឹង​ត្របែក​ក្នុង​របប​ខ្មែរ​ក្រហមនោះដែរ។

ក៏ប៉ុន្តែ​អតីត​ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង បាន​បញ្ចេញ​សាល​ក្រម របស់​សាលា​ដំបូង​បារាំង​នៅ​ឆ្នាំ​២០០៩ និង​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​បារាំង នៅ​ឆ្នាំ២០១០ និង​សាល​ដីកា​តុលាការ​កំពូល​បារាំង នៅ​ឆ្នាំ២០១១ ដោយ​គូស​បញ្ជាក់​ថា តុលាការ​បារាំង​បាន​កាត់​សេចក្តី​ថា លោក សម រង្ស៊ី ពិត​ជា​បាន​បរិហា​កេរ្តិ៍ លោក ហោ ណាំហុង ក៏​ប៉ុន្ដែ តុលាការ​បារាំង​បាន​អភ័យ​ទោស​ឲ្យ លោក​សម រង្ស៊ី ដោយ «សុទ្ធ​ចិត្ត»។

ផ្ទុយ​ពី​ការ​គូស​បញ្ជាក់​របស់​លោក ហោ ណាំហុង នៅ​លើ​ហ្វេស​បុក​របស់​ខ្លួន នៅ​ថ្ងៃទី១៧ មិថុនា ២០១៩​លោក​សម រង្ស៊ី បាន​បន្ត​អះអាង​ថា លោក ហោ ណាំហុង ចុង​ក្រោយ​នេះ បាន​ចាញ់​ក្តី​លោក ២ ដង ផ្ទួនៗ​គ្នា គឺ​ម្តង​នៅ​ឆ្នាំ២០១១ ហើយ​ម្តង​ទៀត​នៅ​ឆ្នាំ ២០១៦ ក្នុង​ការ​តទល់​ជាមួយ​លោក នៅតុ​លាការ​បារាំង​។

ដោយ​សំអាង​បែប​នេះ​ហើយ ទើប លោក សម រង្ស៊ី ជំរុញឲ្យ​លោក ហ៊ុន សែន ប្តឹង​លោក​ទៅ​តុលាការ​បារាំង ករណី​ដែល​លោក សម រង្ស៊ី ចោទ​ថា លោក ហ៊ុន សែន បាន​ធ្វើឲ្យ​លោក ហុក ឡងឌី ធ្លាក់​ឧត្ថម្ភាគ​ចក្រ​ស្លាប់ កាល​ពី​ឆ្នាំ​២០០៨​។

សម្រាប់​អ្នក​ច្បាប់​មួយ​ចំនួន​មាន​ការ​ស្ទាក់ស្ទើ​ចំពោះ​ការ​សន្និដ្ឋានលើ​សាល​ដីកា​របស់​តុលាការ​បារាំង​ដែល​កាត់​ក្តី​លើ​បណ្តឹង​របស់​លោក ហោ ណាំហុង ប្តឹង​លោក សម រង្ស៊ី នោះ ខណៈខ្លឹម​សារ​នៃ​សាលដី​ បញ្ជាក់ថា លោក សម រង្ស៊ី បាន​ចោទ​ លោក ហោ ណាំហុង ថា​ជា​អតីត​មេគុក​បឹង​ត្របែក​ក្នុង​សម័យខ្មែរ​ក្រហម​គឺ​គ្មាន​ភស្ដុតាង​មក​បញ្ជាក់​ទេ។ ប៉ុន្តែ​សាល​ដីកា​របស់​តុលាការ​បារាំង​មិន​បាន​ដាក់​ទោស​ទណ្ឌ​ឬ ពិន័យ​លោក សម រង្ស៊ី ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ