អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី៖ «ហេង សំរិន​មិន​មាន​សិទ្ធិ​ប្តឹង​នោះ​ទេ»

សង្គ្រាម​ប៉ាកកា​ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍​រវាង​លោក សម រង្ស៊ី និង​លោក ហេង សំរិន នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ បាន​លើក​ឡើង​ថា លោក​ហេង សំរិន​មិន​មាន​សិទ្ធិ​ប្តឹង​លោក​នោះ​ទេ ព្រោះ​ថា​អ្នក​ដដែល​ទទួល​ខុស​ត្រូវ​សម័យ​នោះ​គឺ​លោក​ប៉ែន សុវណ្ណ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​ថា លោក​ហេង សំរិន​មាន​សិទ្ធិ។

សង្គ្រាម​ប៉ាកកា​ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍​រវាង​លោក សម រង្ស៊ី និង​លោក ហេង សំរិន នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។
សង្គ្រាម​ប៉ាកកា​ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍​រវាង​លោក សម រង្ស៊ី និង​លោក ហេង សំរិន នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

“តើ​លោក ហេង សំរិន មាន​បាន​សួរ​លោក ប៉ែន សុវណ្ណ ឬទេ មុន​នឹង​ប្តឹង​ខ្ញុំ?”​នេះ​គឺ​ជា​សំណួរ​ដែល​លោក សម រង្ស៊ី បាន​លើក​ឡើង​ដើម្បី​បន្ត​សង្គ្រាម​ប៉ាកកា​ជាមួយ​នឹង​ដើម​បណ្តឹង​លោក​ហេង សំរិន ដែល​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពជា និង​ជា​ប្រធាន​រដ្ឋ​សភា។

អមជាមួយ​រូបភាព​លោក សម រង្ស៊ី បង្គំ​គាល់​ព្រះ​បរមរតនៈកោដ្ឋ លោក​សម រង្ស៊ី បាន​សរសេរ​​ថា  “សូម​រម្លឹក​ថា ប្រវត្តិសាស្ត្រ​ចាត់​ទុក​លោក ប៉ែន សុវណ្ណ ជា​បិតា​ថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ពីព្រោះ​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៨១ លោក ប៉ែន សុវណ្ណ ជា​ឥស្សរជន​ខ្មែរ ដែល​មាន​តំណែង​ខ្ពស់​ជាង​គេ និង​អំណាច​ខ្លាំង​ជាង​គេ​បង្អស់ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​តួនាទី​របស់​លោក​ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា និង​ជា​នាយក​រដ្ឋ​មន្ត្រី”។ ភ្លាម​ៗ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទាត់​ចោល​ការ​លើក​ឡើង​នេះ ហើយ​ថា លោក​ហេង សំរិន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ​ជាង​លោក​ប៉ែន សុវណ្ណ ទៅ​ទៀត ព្រោះ​ថា​សមិត្ត ហេង សំរិន គឺ​ជា​ប្រមុខ​រដ្ឋ​នៃ​របប​សាធារណរដ្ឋ​ប្រជាមាណិត​កម្ពុជា ដែល​លោក​កាន់​ដំណែង​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ។

សម្រាប់​លោក សម រង្ស៊ី “របប​សាធារណរដ្ឋ​ប្រជាមាណិត​កម្ពុជា បាន​វាយ​ប្រហារ ជេរ​ប្រមាថ និង​មួលបង្កាច់ សម្តេច​ព្រះ​នរោត្តម​សីហនុ យ៉ាង​ធ្ងន់ធ្ងរ​បំផុត មុន​នឹង​ធ្វើ​ឃាត​ព្រះអង្គ តាម​ផ្លូវ​ចិត្ត និង​ផ្លូវ​នយោបាយ តាម​រយៈ​ការ​ប្រកាស សាធារណរដ្ឋ របស់​ពួក​គេ កាល​ពី​ឆ្នាំ ១៩៧៩”​។ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាច​ទាក់​ទង​បាន​ទេ​រហូត​មក​ដល់​ពេល​នេះ។

សូម​បញ្ជាក់​ថា លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា បាន​ប្តឹង​លោក សមរង្ស៊ី ដែល​កំពុង​វណ្ឌ​ក​ដោយ​បណ្តឹង​ស្រាប់ ទៅ​កាន់​តុលាការ​ពី​បទ​បរិហារកេរ្តិ៍​បន្ទាប់​ពី​លោក​សម រង្ស៊ី បាន​បង្ហោះ​វីដេអូ​មួយ​ដែល​ចោទ​ថា​របប​សាធារណ​រដ្ឋ​ប្រជាមាណិត​កម្ពុជា បាន​កាត់​ទោស​ព្រះ​នរោត្តម​សីហនុ​ថា​ជា​ជន​ក្បត់​ជាតិ។

យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ តុលាការ បាន​សម្រេច​កាត់​ក្តី​ឱ្យ​លោក​សម រង្ស៊ី បង់​ជំងឺ​ចិត្ត​ដល់​លោក​ហេង សំរិន ចំនួន​១៥០​លាន​រៀល ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​ប្តឹង​ឡើង​ឧទ្ធរណ៍​រៀង​ខ្លួនៗ ដោយ​លោក សម រង្ស៊ី មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​នេះ ខណៈ​ភាគី​លោក​ហេង សំរិន​មិន​សុខ​ចិត្ត​នឹង​សំណង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ