អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី រង​បណ្តឹង​បរិហាកេរ្តិ៍​លោក​ហោ ណាំហុង ជា​ថ្មី នៅ​ក្នុង​តុលាការ​ប្រទេស​បារាំង

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​កំពុង​គេច​ខ្លួន​ពី​ការ​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា បាន​រង​បណ្តឹង​បរិហាកេរ្តិ៍​ជា​ថ្មី ពី​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ហាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ក្នុង​តុលាការ​ប្រទេស​បារាំង។ ​ជា​សំណុំ​រឿង​ចាស់ តែ​ជា​ពាក្យ​បណ្តឹង​ថ្មី ក្រោយ​ពី​លោក សម រង្ស៊ី បាន​បន្ត​លើក​ឡើង​ជា​ថ្មី​ថា លោក ហោ ណាំហុង គឺ​ជា​អតីត​ប្រធាន​គុក​បឹង​ត្របែក​ក្នុង​សម័យ​ខ្មែរ​ក្រហម។

លោក​សម រង្ស៊ី ​និង​លោក​ហោ ​ណាំហុង​
លោក​សម រង្ស៊ី ​និង​លោក​ហោ ​ណាំហុង​
ផ្សាយពាណិជ្ជកម្ម

ពាក្យ​បណ្តឹង​បរិហាកេរ្តិ៍​ថ្មី​នេះ ទំនង​ជា​បាន​ដាក់​ទៅ​កាន់​តុលាការ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ បន្ទាប់​ពី​លោក សម រង្ស៊ី បាន​បន្ត​លើក​ឡើង​ជា​ថ្មី​ទៀត អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ណាំហុង ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​មន្ទីរ​ឃុំ​ឃាំង​បឹង​ត្របែក​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។

នៅ​ក្នុង​សំណុំ​រឿង​ចាស់​តែ​ពាក្យ​បណ្តឹង​ថ្មី​នេះ លោក​សម រង្ស៊ី ត្រូវ​បាន​តុលាការ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​៧​មីនា ប៉ុន្តែ​លោក​មិន​បាន​ចូល​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​មេធាវី​តំណាង​រូប​លោក និង​មេធាវី​តំណាង​ឲ្យ​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ហោ​ ណាំហុង បាន​ចូល​រួម​នៅ​ក្នុង​សវនាការ​នោះ ហើយ​ថា សវនាការ​មួយ​ទៀត ក៏​គ្រោង​នឹង​ធ្វើ​ឡើង នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ​ទៀត។ លោក កា សាវុធ មេធាវី​តំណាង​ឲ្យ​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ណាំហុង មិន​បាន​ដឹង​ពី​ពាក្យ​បណ្តឹង​ថ្មី​នេះ​ទេ ព្រោះ​វា​មិន​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បើ​តាម លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​ ដើម្បី​គេច​ចេញ​ពី​ការ​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​តាម​រយៈ​សារអ៊ីម៉េល​មួយ​នៅ​ក្នុង​កាសែត The Cambodia Daily ថា “ពាក្យ​បណ្តឹង​ថ្មី​នេះ គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេស​បុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥”។ សារ​ដែល​ធ្វើ​ឲ្យ​លោក​សម រង្ស៊ី ជាប់​បណ្តឹង​ជា​ថ្មី​នេះ គឺ​បន្ទាប់​ពី​លោក​ហោ ណាំហុង បាន​អំពាវ​នាវ​ឲ្យ​លោក​សម រង្ស៊ី សូម​អភ័យ​ទោស​ចំពោះ​ការ​អះអាង​ដែល​ធ្វើ​ឲ្យ​ លោក​ហោ ណាំហុង បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ឆ្នាំ​២០០៨។ ប៉ុន្តែ​លោក​សម រង្ស៊ី បាន​អះអាង​ថា លោក​គ្មាន​បំណង ឬ​គម្រោង ដើម្បី​សុំ​ទោស​លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​នោះ​ទេ បើ​ទោះ​ការ​សុំទោស​នោះ អាច​ធ្វើ​ឲ្យ​រូប​លោក​បាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ក៏​ដោយ។

ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី បាន​បន្ត​លើក​ឡើង​ថា លោក ហោ ណាំហុង គួរ​សុំទោស​ដល់​វិញ្ញាណក្ខន្ធ និង​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​ ដែល​ត្រូវ​បាន​សម្លាប់ ដោយ​ខ្មែរ​ក្រហម នៅ​មន្ទីរ​ឃុំឃាំង (K-17) ​រឺ​មន្ទីរ​ឃុំឃាំង​បឹង​ត្របែក នា​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដោយសារ តែ​លោក​បាន​ដើរ​តួ​ជា​មន្រ្តី​ឃុំ​ឃាំង​នេះ។ ប៉ុន្តែ​លោក ឡុង​ ដានី ប្រធាន​ក្រុម​ស្រាវជ្រាវ​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) បញ្ជាក់​ថា លោក ហោ ណាំហុង នៅ​ពេល​នោះ មិន​មែន​ជា​ប្រធាន​មន្ទីរ​ឃុំឃាំង (K-17) នៅ​បឹង​ត្របែក​នេះ​ទេ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សំណុំ​រឿង​នេះ តាំង​ពី​ឆ្នាំ​២០០៨​មក លោក​ហោ ណាំហុង បាន​ប្តឹង​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ទៅ​កាន់​តុលាការ​នៅ​ក្នុង​ប្រទេស​បារាំង និង​តុលាការ​កម្ពុជា បន្ទាប់​ពី​លោក​សម រង្ស៊ី បាន​អះអាង​ថា លោក​ហោ ណាំហុង គឺ​ជា​ប្រធាន​មន្ទីរ​បឹង​ត្របែក​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ប៉ុន្តែ​ក្រោយ​មក តុលាការ​កំពូល​ប្រទេស​បារាំង បាន​សម្រេច​ដក​សំណុំ​រឿង​នេះ​វិញ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១១។ ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ហោ ណាំហុង ជា​ប្រធាន​មន្ទីរ​បឹង​ត្របែក​នេះ លោក​ហោ ណាំហុង ក៏​ធ្លាប់​ឈ្នះ​ក្តី​លើ​សម្តេច​ព្រះ​នរោត្តម​សីហនុ នៅ​ក្នុង​តុលាការ​ប្រទេស​បារាំង​ ​កាល​ពី​ដើម​ទស្សវត្សន៍​ឆ្នាំ​១៩៩០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ