អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី៖ យុទ្ធសាស្ត្រ​បំបែក​៣​ចំណុច​របស់​លោក​ហ៊ុន សែន​បរាជ័យ

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ទៅ​កាន់​សមាជិក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា​ប៉ុន្តែ​ទើប​តែ​ផ្សព្វផ្សាយ​បាន​លើក​ឡើង​ថា យុទ្ធសាស្ត្រ​បី​ចំណុច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​កំពុង​ប្រើ​ បាន​បរាជ័យ។ គណបក្ស​ប្រជាជន​បាន​លើក​ឡើង​ថា​លោក សម រង្ស៊ី កំពុង​និយាយ​យក​ត្រូវ​ខ្លួន​ឯង​ប៉ុណ្ណោះ។

លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​
លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្ត្រ​បំបែក​បំបាក់​បី​ចំណុច​ ដែល​លោក សម រង្ស៊ី​ ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ទី​១​គឺ​ការ​បំបែក​លោក សម​ រង្ស៊ី-លោក​កឹម សុខា ទី២ ការ​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​គាំទ្រ​គណបក្ស​ប្រឆាំង និង​ទី​៣​ គឺ​ការ​បំភ័ន្ត​សហគមន៍​អន្តរជាតិ និង​ចង់​បំផ្លាញ​ដំណើរ​ការ​បោះឆ្នោត។ គណបក្ស​ប្រជាជន​បាន​ច្រាន​ចោល​ការ​ចោទ​កាន់​នេះ ហើយ​ថា​ការ​បែក​មិន​បែក​ គឺ​ជា​រឿង​ប្រធាន​គណបក្ស​ទាំង​ពីរ​តែ​ប៉ុណ្ណោះ។

ក្នុង​ខ្លីប​វីឌេអូ​ប្រមាណ​ជិត​៨​នាទី លោក​សម រង្ស៊ី បាន​អះអាង​ថា​យុទ្ធសាស្ត្រ​ទាំង​៣​ចំណុច​នេះ​សុទ្ធ​តែ​បរាជ័យ​ព្រោះ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី​និង​កឹម សុខា មិន​បែក​គ្នា​នោះ​ទេ​ បើ​ទោះ​បី​ជា​មាន​ការ​ព្យាយាម​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ។ ទី​២ ការ​ចោទ​មក​លើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ថា​បាន​បំភិត​បំភ័យ​ដល់​សមាជិក​គណបក្ស​ខ្លួន​តាំង​ពី​សមាជិក​រដ្ឋសភា ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ក្រៅ​ពី​នេះ ការ​បំភិត​បំភ័យ​ក៏​បាន​រាល​ដាល​ដល់​សង្គម​ស៊ីវិល​ផង​ដែរ។ នេះ​គឺ​គម្រោង​ដើម្បី​បំបែក​សំឡេង​គាំទ្រ​របស់​គណបក្ស។ និង​ទី៣ គឺ​ការ​គាប​សង្កត់​មក​លើ​បក្ស​ប្រឆាំង និង​ស្ថាប័ន​បោះឆ្នោត​ ដែល​សហគមន៍​អន្តរជាតិ​កំពុង​តាម​ដាន និង​ថ្កោលទោស។

លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​បាន​អះអាង​ថា លោក​សម រង្ស៊ី និយាយ​ចេះ​តែ​រក​ត្រូវ​ដាក់​ខ្លួន។ ហើយ​លោក​ថា បច្ចុប្បន្ន​នេះ គឺ​អ្នក​ណា​ម្នាក់​អាច​ទៅ​បំភិត​បំភ័យ​ពលរដ្ឋ​មិន​ឱ្យ​ដើរ​តាម​បក្ស​នេះ ឬ​ដើរ​តាម​បក្ស​ណាមួយ​បាន​ឡើយ។ ការ​បញ្ចេញ​វីឌេអូ​វាយ​ប្រហារ​ធ្ងន់​ៗ​មក​លើ គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន គឺ​ខណៈ​ដែល​ជម្លោះ​នយោបាយ​រវាង​បក្ស​ទាំង​ពីរ​នៅ​បន្ត​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​។ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ព្រម​ចរចា​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​លើ​របៀប​វារៈ​អ្នក​ប្រឈម​នឹង​ប្រព័ន្ធ​ធនាគារ​ជា​ដាច់​ខាត​ព្រោះ​ថា​នោះ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ បើទោះបី​ជា​សង្គ្រោះ​ជាតិ និង​អន្តរជាតិ​បាន​អំពាវ​នាវ​ក៏​ដោយ។

ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា​ការ​វាយ​ប្រហារ ឬ​ការ​រិះគន់​រវាង​ប្រធាន​គណបក្ស​ទាំងពីរ​ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​របស់​អ្នក​នយោបាយ​ខ្មែរ។ ហើយ​យុទ្ធសាស្រ្ត​បំបែក​បំបាក់ និង​ទិញ​ទឹក​ចិត្ត គឺ​អ្នក​នយោបាយ​ខ្មែរ​ក៏​តែង​ប្រើ​ដើម្បី​ផ្តួល​គូរ​ប្រជែង​នោះ​ក៏​ជា​រឿង​សាមញ្ញ​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ ការ​បើក​យុទ្ធនាការ​រិះគន់ ឬ​វាយ​ប្រហារ​ខ្លាំង​ៗ​មក​លើ​រដ្ឋាភិបាល​ និង​លោក​នាយក​រដ្ឋ​មន្ត្រី គឺ​ជា​នយោបាយ​បិទ​ផ្លូវ​ចរចា​ព្រោះ​ថា​នឹង​ធ្វើ​ឱ្យ​បក្ស​ទាំង​ពីរ​បែរ​ខ្នង​ដាក់​គ្នា​កាន់​តែ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ