អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​សម រង្ស៊ី​ថា ព័ត៌មាន​ដែល​លោក​បាន​បញ្ចេញ គឺ​បាន​ពី​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា

មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​សម រង្ស៊ី អតីត​ប្រមុខ​បក្ស​ប្រឆាំង​បាន​បញ្ចេញ​ព័ត៌មាន​រសើប​មួយ​ចំនួន​ទាក់​ទង​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដែល​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា។ ចំពោះ​ប្រភព​ព័ត៌មាន​ទាំង​នោះ លោក​សម រង្ស៊ី បាន​អះអាង​ថា គឺ​លោក​បាន​ទទួល​ពី​សមាជិក​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច។ អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា​បាន​ទាត់​ចោល​ដោយ​លើក​ឡើង​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ។

លោកសម រង្ស៊ី ​អតីត​​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​
លោកសម រង្ស៊ី ​អតីត​​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

សំឡេង​សម រង្ស៊ី... ការ​អះអាង​របស់​លោក​សម រង្ស៊ីនេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ជួប​ជាមួយ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អាទិត្យ ទី ១៨ ខែ​មិថុនា ត្រូវ​នឹង​ថ្ងៃ​ទី​១៩ មិថុនា​នៅ​កម្ពុជា។ លោក​សម រង្ស៊ី ថែម​ទាំង​ហ៊ាន​អះអាង​ថា មាន​មេទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មក​ខ្សឹប​ប្រាប់​លោក​ថា គេ​នឹង​គោរព​តាម​ឆន្ទះ​របស់​ប្រជាពលរដ្ឋ គឺ​មិន​ធ្វើ​សង្រ្គាម​ណា​មួយ​នោះ​ទេ។ បើ​តាម​លោក​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ហ៊ុំ​ព័ន្ធ​ដោយ​បណ្តឹង​ស្ទើរ​ជុំ​ជិត​នៅ​តុលាការ​ខ្មែរ​នេះ ការណ៍​ដែល​សមាជិក​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ចេញ​ព័ត៌មាន​ដល់​លោក​ដូច្នេះ ក៏​ព្រោះ​ថា​ពួក​គេ​បាន​ដឹង​ជា​មុន​ថា គណបក្ស​កាន់​អំណាច​នឹង​ចាញ់​ឆ្នោត​គណបក្ស​ប្រឆាំង​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ជា​ការ​ឆ្លើយ​តប លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទាត់​ចោល​នូវ​ការ​អះអាង​របស់​លោក​សម រង្ស៊ី​នេះ។ សំឡេង... បន្ថែម​លើ​នេះ អ្នក​នាំ​ពាក្យ​រូប​នេះ ក៏​បាន​បញ្ជាក់​ថា ព័ត៌មាន​ដែល​លោក​សម រង្ស៊ី បាន​បញ្ចេញ​ទាំង​នោះ សុទ្ធ​តែ​ជា​ព័ត៌មាន​ប្រឌិត​គ្មាន​ការ​ពិត​ឡើយ។

សូម​ជំរាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​១៨ និង ១៩ មិថុនា តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន លោក​សម រង្ស៊ី បាន​បញ្ចេញ​ព័ត៌មាន​មួយ​ស្តី​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួល​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ធ្វើ​ការ​ស្ទង់​មតិ​ឲ្យ​ខ្លួន​ជា​សម្ងាត់​ចំពោះ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី ការ​ស្ទង់​មតិ​នោះ បង្ហាញ​ថា ប្រជាប្រិយភាព​របស់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ឈ្នះ​ប្រជាប្រិយភាព​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។

ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា លោក​សម រង្ស៊ី ក៏​បាន​បញ្ចេញ​ព័ត៌មាន​មួយ​ដែរ ​គឺ​ទាក់​ទង​បទ​បញ្ជា​សម្ងាត់​ដែល​លោក​សម រង្ស៊ី បញ្ជាក់​ថា ជា​បទ​បញ្ជា​របស់​លោក​ហ៊ុន សែន សរសេរ​ទៅ​កាន់​មេបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ សម្រាប់​អនុវត្ត​លើ​រូប​លោក។ បើ​តាម​លោក​សម រង្ស៊ី បទ​បញ្ជា​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​ហ៊ុន សែន រៀប​ចំ​បង្ក​សង្គ្រាម និង​សម្លាប់​ប្រជាពលរដ្ឋ លោក​ពេល​លោក​សម រង្ស៊ី វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​លោក​សម រង្ស៊ី ចាត់​ទុក​ថា នេះ​ក៏​ជា​លេស​មួយ​ទៀត ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ព័ត៌មាន​មួយ​នេះ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ភ្លាមៗ និង​ខ្លាំងៗ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ តាម​រយៈ​បណ្តាញ​ព័ត៌មាន​ស្និត​នឹង​រដ្ឋាភិបាល​Fresh News លោក​ហ៊ុន សែន បាន​ហៅ​លោក​សម រង្ស៊ី​ថា​ជា​មនុស្ស​ល្ងង់​ដែល​គិត​ថា បទ​បញ្ជា​នោះ​ជា​របស់​គាត់ ព្រោះ​ថា​វា​គ្មាន​ត្រា និង​ហត្ថលេខា។ លោក​នាយក​រដ្ឋមន្រ្តី​ចំអក​ឲ្យ​លោក​សម រង្ស៊ី​ទៀត​ថា ព្រោះ​ចូល​ចិត្ត​ប្រើ​ប្រាស់​ភាសា​មួល​បង្កាច់ លាប​ពណ៌​គេ​បែប​នេះ បាន​ចេះ​តែ​ជាប់​គុក បង្កើត​រឿង​មិន​ពិត​ថា​ជា​រឿង​ពិត រាល់​កំហុស​របស់​លោក​សម រង្ស៊ី គឺ​កើត​ឡើង​ពី​ទង្វើ​របស់​ខ្លួន​ឯង​ផ្ទាល់។ យ៉ាង​ណា​ក៏​ដោយ លោក​ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា លោក​មិន​ប្តឹង​ផ្តល់​ទេ​ចំពោះ​រឿង​នេះ ព្រោះ​លោក​សម រង្ស៊ី​ជា​មនុស្ស​ដែល​មាន​ទោស​ស្រាប់​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ