អានតួអត្ថបទ
កម្ពុជា-ច្បាប់

​រាជ​វាំង​ថ្កោល​ទោស លោក សម រង្ស៊ី ដែល​បាន​ប្រមាថ​ព្រះ​មហា​ក្សត្រ​ថា​ជា អាយ៉ង ​លោក ហ៊ុន សែន​

ក្រសួង​ព្រះ​បរមរាជ​វាំង នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ថ្កោល​ទោស លោក សម រង្ស៉ី ប្រធាន​ស្តី​ទី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ពោល​ពាក្យ​ប៉ះ​ពាល់​ដល់ អង្គ​ព្រះ​មហាក្សត្រ​។ ប្រតិ​កម្ម​របស់​ព្រះបរម​រាជ​វាំង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្សី បាន​ថ្លែង​តាម​កិច្ច​សម្ភាស​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃទី១២ ខែកញ្ញា ម្សិល​មិញ​។ 

លោក សម រង្ស៊ី
លោក សម រង្ស៊ី @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទំព័រ នៅ​ថ្ងៃ​នេះ រាជ​វាំង​កម្ពុជា បាន​សរសេរ​ថា ក្រសួង​ព្រះ​បរម​រាជ​វាំង សូម​ប្រកាស​ដាច់​អហង្កា​ថ្កោល​ទោស​ចំពោះ​លោក សម រង្សី ដែល​មាន​ចរិត​ជា​ជន​ក្បត់​ជាតិ តែង​តែ​ពោល​ពាក្យ​ប៉ះ​ពាល់​ដល់​ព្រះ​កិត្តិ​នាម ព្រះ​ករុណា ព្រះ​មហា​ក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែល​ព្រះ​អង្គ កំពុង​គង់​ប្រថាប់​បំពេញ​ព្រះ​រាជ​តួនាទី​ដ៏​ឧត្តុង្គ​ឧត្តម ជា​និមិត្ត​រូប​នៃ​ឯក​ភាព​ជាតិ និង​និរន្តរ​ភាព​ជាតិ​។

ប្រតិកម្ម​របស់​ព្រះ​បរម​រាជ​វាំង​ដូច្នេះ គឺ​បន្ទាប់​ពី លោក សម រង្ស៊ី កាល​ពី​យប់​ថ្ងៃទី១២ ខែកញ្ញា កន្លង​ទៅ ឆ្លើយ​តប​ទៅ​កិច្ច​សម្ភាស​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​ជុំវិញ​តួនាទី​របស់​តួអង្គ​ខ្មែរ​ក្នុង​ការ​សម្រប​សម្រួល​នយោ​បាយ​កម្ពុជា ដោយ​លោក សម រង្ស៊ី លើក​ឡើង​ថា​មិន​មាន​អ្នក​ណា​អាច​ប្រៀប​ធៀប​ទៅ​នឹង​សម្តេច​ព្រះ​នរោត្តម សីហនុ​បាន​ទេ​។ លោក សម រង្ស៊ី ថា​មាន​តែ​សហគមន៍​អន្តរ​ជាតិ​ទេ ពី​ព្រោះ​អ្នក​ដែល​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​គឺ​ជា​ចំណាត់​ខ្មាំង​របស់​លោក ហ៊ុន សែន រួម​ទាំង​ព្រះ​មហា​ក្សត្រ​ផង​ដែរ​។ ក្រៅ​ពី​នេះ លោក សម រង្ស៊ី ក៏​បាន​ហៅ​ព្រះ​មហា​ក្សត្រ​កម្ពុជា​បច្ចុប្បន្ន ថា​ជា​អាយ៉ង​របស់ លោក ហ៊ុន សែន​។

ដោយ​ឡែក រដ្ឋា​ភិបាល​កម្ពុជា ក៏​ដូច​ជា​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ផ្លូវ​ការ​យ៉ាង​ណា​នៅ​ឡើយ​ទេ ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ​។

ក៏​ប៉ុន្តែ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា បាន​ការពារ​ដល់​ព្រះ​មហាក្សត្រ​សោយ​រាជ្យ ដោយ​ចាត់​ទុក «អង្គ​ព្រះ​មហា​ក្សត្រ គឺ​ជា​បុគ្គល មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​»។ យោង​មាត្រា៨ បាន​ចែង​ថា «ព្រះ​មហា​ក្សត្រ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯក​ភាព​ជាតិ និង​និរន្តរ៍​ភាព​ជាតិ​។ ព្រះ​មហា​ក្សត្រ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិប​តេយ្យ និង​បូរាណ​ភាព​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ និង​ការ​គោរព​សន្ធិ​សញ្ញា​អន្តរ​ជាតិ​»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ