អានតួអត្ថបទ
កម្ពុជា

មេធាវី​លោក​សម រង្ស៊ី​ ថា​ការ​ប្តឹង​ទាស់​ទៅ​​សាលាឧទ្ធរណ៍ ​គឺ​សង្ឃឹម​ឈ្នះ​តិចតួច​

មេធាវី​ការពា​រ​ក្តី​ឲ្យ​លោកសម រង្ស៊ី ​គឺ​លោកសំ សុគង់ ​បាន​ថ្លែង​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ព្រឹកនេះ​ថា​ លោក​នឹង​ដាក់​ពាក្យប្តឹង​ទាស់​សាលក្រម​របស់​សាលា​ដំបូងរាជធានីភ្នំពេញ​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍ក្រោយ​។ ការ​ប្តឹង​ទាស់​នេះ ​គឺ​សុំ​ឲ្យ​សាលាឧទ្ធរណ៍​ធ្វើការ​ជំនុំជម្រះ​ឡើងវិញ​ទាក់ទិន​ការ​សម្រេច​ឲ្យ​លោកសម រង្ស៊ី​ ចាញ់​ក្តី​លោកហេង សំរិន ​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​។ ​យ៉ាងណាក៏ដោយ ​លោកសំ សុគង់ ​លើក​ឡើង​ថា ​លោក​សង្ឃឹម​ឈ្នះ​តិចតួច​ប៉ុណ្ណោះ​ចំពោះ​ការ​ដាក់​ពាក្យ​ប្តឹង​នេះ​។

លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​
លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​លោកសំ សុគង់ ​ផ្តល់​ក្តី​សង្ឃឹម​តិចតួច​ចំពោះ​ការ​ស្វែង​រក​យុត្តិធម៌​ជូន​លោកសម រង្ស៊ី ​នៅ​សាលាឧទ្ធរណ៍​នោះ ​ក៏ព្រោះថា​ កូនក្តី​របស់​លោក​មិនមែន​ជា​មនុស្ស​សាមញ្ញ​ទូទៅ ​ប៉ុន្តែ​ជា​អ្នកនយោបាយ ​និង ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ផង​។ ដូច្នេះ​ហើយ ​តុលាការ​នឹង​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ណាមួយ​។ ​ទោះជា​បែប​នេះ​ក្តី ​លោក​មេធាវីរូប​នេះ ​នៅតែ​ប្រកាន់​ជំហរ​ដាក់​ពាក្យប្តឹង​ទៅ​សាលាឧទ្ធរណ៍​ទាំង​មិន​រារែក​ ព្រោះ​លោក​ចង់ឲ្យ​សាលាឧទ្ធរណ៍​ធ្វើការ​ត្រូតពិនិត្យ​លើ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ ​និង ​ធ្វើការ​ជំនុំជម្រះ​ឡើងវិញ​លើ​សំណុំរឿងនេះ​។ ​
 

ការប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​របស់​មេធាវី​ការពារក្តី​ឲ្យ​លោកសម រង្ស៊ី​នេះ ​គឺ​ដើម្បី​ជំទាស់​ទៅនឹង​សាលក្រម​របស់​សាលាដំបូងរាជធានីភ្នំពេញ​កាលពី​ថ្ងៃទី២៨​កក្កដា​ដោយ​បាន​សម្រេច​ឲ្យ​លោកសម រង្ស៊ី ​ចាញ់ក្តី​លោកហេង សំរិន ​ដែលជា​ប្រធាន​រដ្ឋសភា​ខ្មែរ​មកពី​គណបក្ស​ប្រជាជនកម្ពុជា​។ ​លោក​សម រង្ស៊ី ​ត្រូវបាន​លោក ហេង សំរិន ​ប្តឹងពី​បទបរិហាកេរ្តិ៍​ជាសាធារណៈ ​បន្ទាប់ពី​ប្រមុខ​គណបក្សប្រឆាំង​ បាន​បង្ហោះ​វីដេអូខ្លីប​មួយ​កាល​ពីថ្ងៃ​ទី១៧​វិច្ឆិកា​ឆ្នាំមុន​នៅលើ​ទំព័រហ្វេសប៊ុក ​ដោយ​បាន​ចោទ​ប្រកាន់​របបរដ្ឋ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហេង សំរិន​ ថា​បាន​កាត់ទោស​ព្រះបរមរតនកោដ្ឋ​ សម្តេចព្រះ ​នរោត្តម សីហនុ ​ដោយ​ចោទ​ថា ​ជា​ជនក្បត់ជាតិ​។ តុលាការ​ក្រុងភ្នំពេញ ​បាន​បង្គាប់​ឲ្យ​លោកសម រង្ស៊ី​ បង់​ប្រាក់​ពិន័យ​១៦០​លានរៀល ​ដោយ​១៥០​លានរៀល​បង់​ទៅ​ឲ្យ​ដើមបណ្តឹង ​និង ​១០លាន​រៀល​ទៀត​បង់​ចូល​ជា​ថវិការដ្ឋ​។​
 

សូមបញ្ជាក់ថា ​ការ​សម្រេចក្តី​របស់​តុលាការ​ក្រុងភ្នំពេញ​នេះ ​គឺ​បានធ្វើឡើង​ដោយ​កំបាំងមុខ​ គឺ​គ្មាន​ទាំង​វត្តមាន​លោកសម រង្ស៊ី ​ហើយ​ក៏គ្មាន​វត្តមាន​មេធាវី​តំណាង​ណាម្នាក់​ចូលរួម​ស្ដាប់​នោះ​ដែរ​។ ​គឺ​នៅត្រង់ចំណុច​នេះហើយ ​ដែល​ធ្វើ​ឲ្យ​លោកមេធាវី ​សំ សុគង់ ​អាច​ទាញ​សេចក្តី​សន្និដ្ឋាន​បាន​ថា ​ការ​សម្រេចក្តី​ដោយ​បង្គាប់​ឲ្យ​បង់​ប្រាក់​ទាំងនេះ ​គឺមិន​មាន​លក្ខណៈ​ត្រឹមត្រូវ​។​ ចំណែក​លោកគី តិច ​មេធាវី​ការពារក្តី​លោកហេង សំរិន​ វិញ​ក៏​យល់​ថា ​ហាក់​ដូចជា​មិន​ត្រឹមត្រូវ​ដែរ​។ ​ប៉ុន្តែ​ពាក្យ​មិន​ត្រឹមត្រូវ​របស់​លោកគី តិច​ក្នុង​ន័យនេះ ​គឺថា​លោក​នៅមិន​ទាន់​ពេញចិត្ត​នឹង​ការ​សម្រេច​ឲ្យ​បង់ប្រាក់​ពិន័យ​ត្រឹមតែ​១៥០​លានរៀល​ទៅឲ្យ​កូនក្តី​ ព្រោះ​លោក​ចង់​បាន​សំណង​ជំងឺចិត្ត​ដល់ទៅ​៣០០លាន​រៀល​ឯណោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ