អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី សរសេរ​លិខិត​រៀប​រាប់​ពី​ស្ថាន​ការ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ប្រាប់​តំណាង​អឺរ៉ុប​

លោក​សម រង្ស៊ី ដែល​ដាក់​ងារ​ខ្លួន​ឯង​ថា ជា​ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ថ្ងៃទី២០ ធ្នូ​ម្សិលមិញ​នេះ បាន​សរសេរ​លិខិត​មួយ​ទៅ​លោក​ស្រី​Federica Mogherini ​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោល​នយោបាយ​ការ​បរទេស​ និង​សន្តិសុខ​។ លោកសម រង្ស៊ី បាន​រៀប​រាប់​ប្រាប់​លោក​ស្រី Mogherini ជា​ច្រើន​ពី​ស្ថាន​ភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​។ លោក​សម រង្ស៊ី​ក៏​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​គាប​សង្កត់​មក​លើ​រដ្ឋា​ភិបាល​កម្ពុជា​។ 

លោក សម រង្ស៊ី ដែលដាក់ងារខ្លួនឯងថា ជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ដែលដាក់ងារខ្លួនឯងថា ជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​កម្រាស់​ពីរ​ទំព័រ​ជា​ភាសា​អង់​គ្លេស លោក​សម រង្ស៊ី បាន​ប្រាប់​លោក​ស្រី​Federica Mogherini តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោល​នយោបាយ​ការ​បរទេស និង​សន្តិ​សុខ​ថា ដោយ​សារ​តែ​សម្ពាធ​អន្តរជាតិ និង​ជា​ពិសេស ការ​អន្តរាគមន៍​របស់​គណៈ​កម្មការ​អឺរ៉ុប រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​កំពុង​ព្យាយាម​បង្ហាញ​នូវ​សញ្ញា​កែ​ប្រែ​នៃ​នយោបាយ​របស់​ខ្លួន​។ ប៉ុន្តែ​លោក​សម រង្ស៊ី អះ​អាង​ថា សញ្ញា​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​យល់​ខុស ដូច​នៅ​ក្នុង​ករណី​នៃ​សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ស្តី​ពី​ការ​ផ្តល់​នីតិ​សម្បទា​ដល់​បណ្តា​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ​តែ​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​លិខិត​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​។

នៅ​ត្រង់​ចំណុច​នេះ លោក​សម រង្ស៊ី បាន​សង្កត់​ធ្ងន់​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដឹង​យ៉ាង​ច្បាស់​ថា ការ​ផ្តល់​នីតិ​សម្បទា​ឡើង​វិញ​ដល់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​១១៨​នាក់​គឺ​គ្មាន​ន័យ​នោះ​ទេ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​។ លោក​ចោទ​ជា​សំណូរ​ថា តើ​ពួក​គេ​អាច​ធ្វើ​សកម្មភាព​នយោបាយ​យ៉ាង​ម៉េច​ទៅ​នៅ​ពេល​គ្មាន​គណបក្ស និង​គ្មាន​ប្រធាន​បក្ស​បែប​នេះ​។ ជាមួយ​នឹង​ការ​ចោទ​សួរ​បែប​នេះ លោក​សម រង្ស៊ី ក៏​បាន​សម្តែង​នូវ​ការ​ជឿ​ជាក់​ថា លោកស្រី​Federica Mogherini នឹង​បន្ត​គាប​សង្កត់​មក​លើ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ដោះ​លែង​លោក​កឹម សុខា និង ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​គាត់ ដែល​នឹង​ឈាន​ទៅ​រក​ការ​ផ្តល់​នីតិ​សម្បទា​របស់​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​១១៨​នាក់ ព្រម​ទាំង​ដំណើរ​ការ​គណបក្ស​ប្រឆាំង​ឡើង​វិញ​។

រដ្ឋា​ភិបាល​កម្ពុជា​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ហើយ​ថា ការ​ចង់​ឲ្យ​មាន​ដំណើរ​ការ​អតីត​គណបក្ស​សង្រ្គោះ​ឡើង​វិញ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។ ប៉ុន្តែ​សម្រាប់​ការ​ផ្តល់​នីតិ​សម្បទា​របស់​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​១១៨​នាក់​ឡើង​វិញ អាច​ទៅ​រួច ព្រោះ​រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​កែ​ច្បាប់ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​លើក​លែង​ការ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​។ លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ការ​ធ្វើ​វិសោធន​កម្ម​នេះ គឺ​ជា​ឆន្ទ:​នយោ​បាយ​របស់​គណបក្ស​កាន់​អំណាច​ មិន​មែន​កើត​ឡើង​ដោយ​សារ​ការ​គាប​សង្កត់​ឬ​ការ​គម្រាម​គំហែង​ពី​ខាង​ក្រៅ​ណា​នោះ​ទេ​ ។ លោក​បាន​អះអាង​បន្ថែម​ទៀត​ថា ការ​ធ្វើ​បែប​នេះ ក៏​មិនមែន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាល់​ច្រក​ខាង​នយោបាយ​នោះ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ