ចលនាសង្រ្គោះជាតិ ដ៍ចម្រូងចម្រាស់របស់ លោក សម រង្ស៊ី ត្រូវបានបង្កើតជាផ្លូវការ
ទីបំផុត ចលនាសង្រ្គោះជាតិ របស់ លោក សម រង្ស៊ី ត្រូវបានបង្កើតជាផ្លូវការហើយនៅថ្ងៃទី២៩ខែមករានេះ។ ចលនាថ្មីនេះ បានប្រកាសចេញពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ ប៉ុន្តែទន្ទឹមគ្នានឹងការប្រកាសចលនានេះ ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសមិនគាំទ្រចលនានេះទេ ហើយថាការទៅចូលរួមរបស់សមាជិកគណបក្សសង្រ្គោះជាតិមួយចំនួនតូចនៅក្នុងចលនានេះ គឺជាសិទ្ធិបុគ្គលតែប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៩
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន
នៅក្នុងពិធីប្រកាសជាផ្លូវការនៃការបង្កើតចលនាសង្រ្គោះជាតិនៅក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ានោះ ក្រៅពីលោក សម រង្ស៊ី គេឃើញមានវត្តមាន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ រួមមាន លោកស្រី ជូឡុង ស៊ូម៉ារ៉ា ភរិយាលោក សម រង្ស៊ី លោក ហូ វ៉ាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក អ៊ុច សេរីយុទ្ធ និងលោកសៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន ជាដើម។
លោក សម រង្ស៊ី បានគូសបញ្ជាក់ថា ចលនាសង្រ្គោះជាតិនេះ មិនចាំបាច់ចុះឈ្មោះនៅក្រសួងមហាផ្ទៃនោះទេ ហើយក៏គ្មាននរណាអាចរំលាយបានឡើយ។ លោក សម រង្ស៊ី បានអះអាងថាទៀត អ្នកដែលបង្ហាញវត្តមាននៅក្នុងពិធីនោះគឺគ្រាន់តែនិមិត្តរូបប៉ុណ្ណោះ ដោយលោកថាលោកមិនចង់ឲ្យអ្នកគាំទ្រចលនានេះជាច្រើននាក់ទៀតចេញមុខ និងចេញឈ្មោះឡើយ។
លោក សម រង្ស៊ី បានថ្លែងទៀតថា បេសកកម្មរបស់ចលនាសង្រ្គោះជាតិ គឺ “បំផុសបំផុលឲ្យពលរដ្ឋ និងកម្មករធ្វើបាតុកម្មដោយអហិង្សាដើម្បីទាមទារសិទ្ធិសេរីភាព អំពាវនាវឲ្យកងទ័ពកុំស្តាប់បញ្ជាដែលលោក សម រង្ស៊ី ថាជាបញ្ជារបស់ជនផ្តាច់ដើម្បីបាញ់ប្រហារលើពលរដ្ឋស្លូតត្រង់ និងការទាក់ទាញមន្រ្តីគណបក្សប្រជាជនកម្ពុជាមួយចំនួន ដែលលោក សម រង្ស៊ី ថាពួកគេកំពុងតែខឹងនឹង លោក ហ៊ុន សែន និងការបញ្ចុះបញ្ចូលម្ចាស់កម្ចី និងអ្នកជំនួញកុំឲ្យរកស៊ីជាមួយរដ្ឋាភិបាលដែល លោក សម រង្ស៊ី ថាខុសច្បាប់ ”។
លោក រី គា ជាស្ថាបនិកម្នាក់បានអះអាងថា ចលនាសង្រ្គោះជាតិនេះធ្វើឡើងដើម្បីសង្រ្គោះគណបក្សសង្រ្គោះជាតិ និងទាមទារឲ្យដោះលែងអ្នកទោសមនសិការ ជាពិសេស លោក កឹម សុខា ហើយក៏ជំរុញមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ប៉ុន្តែមុនមួយថ្ងៃនៃការប្រកាសបង្កើតចលនាសង្រ្គោះជាតិជាផ្លូវការនេះ លោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំសហរដ្ឋអាមេរិក បានប្រកាសមិនគាំទ្រចលនានេះទេ ហើយថាការទៅចូលរួមរបស់សមាជិកគណបក្សសង្រ្គោះជាតិមួយចំនួនតូចនៅក្នុងចលនានេះ គឺជាសិទ្ធិបុគ្គលតែប៉ុណ្ណោះ។
ដូចគ្នានេះដែរ កាលពីចុងសប្តាហ៍មុន លោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារបានប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិនេះទេ។ ប៉ុន្តែលោក សម រង្ស៊ី ដែលជាស្ថាបនិកចលនានេះថា នោះដោយសារតែលោកកឹម សុខា បារម្ភពីសុវត្ថិភាពរបស់ខ្លួន។
ចំណែក លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានព្រមានជាមុនថា បើមិនចង់មានបញ្ហាដល់ខ្លួន នោះមន្ត្រីអតីតបក្សប្រឆាំងទាំង១១៨នាក់ដែលត្រូវហាមធ្វើនយោបាយ កុំឲ្យចូលពាក់ព័ន្ធនឹងចលនានេះឲ្យសោះ ខណៈលោក ទៀ បាញ់ រដ្ឋមន្រ្តីការពារបានព្រមានកម្ទេចចលនានេះចោល បើធ្វើសកម្មភាពនៅកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ