អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

​លោក សម រង្ស៊ី ផ្សាយ​ខិត្តប័ណ្ណ​តាម​ហ្វេសប៊ុក​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ខណៈ​ការឃោសនា​កំពុង​ដំណើរ​ការ

លោក សម រង្ស៊ី អតីត​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​ពី​ក្រៅ​ប្រទេស​បាន​បន្ត​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​របស់​លោក​ជា​ថ្មី​ទៀត តាម​រយៈការ​ផ្សាយ​ខិត្តប័ណ្ណ អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត នា​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាង​មុខ​នេះ។ ជាការ​អំពាវនាវ ខណៈ​ការឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រព្រឹត្ត​ទៅ ដោយ​អ​វត្ត​មាន​អតីត​គណ​បក្ស​​ប្រឆាំង។

លោកសម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​ដោយសារ​តែ​មិនមាន​វត្តមាន​បក្ស​ប្រឆាំង​
លោកសម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​ដោយសារ​តែ​មិនមាន​វត្តមាន​បក្ស​ប្រឆាំង​ @ Sam Rainsy's Facebook page
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី០៧ ខែ​កក្កដា ចំ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៦ បាន​ផ្សព្វ​​ផ្សាយ​ខិត្តប័ណ្ណ​អេឡិចត្រូនិច តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ក្នុង​គោល​ដៅ​អំពាវនាវ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាង​មុខ​នេះ។ ជាការ​បោះ​ឆ្នោត ដែល​អតីត​ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​រូប​នេះ ថា​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។

លោក សម រង្ស៊ី តាម​រយៈខិត្តប័ណ្ណ​អេឡិចត្រូនិច បាន​ចាត់​ទុក​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ថាជា​អ្នក​គាំទ្រ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ ខណៈ​ដែល​បក្ស​នេះ មិន​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។ ចំណែក​ឯ​អ្នក​ទៅ​បោះ​ឆ្នោត លោក​ចាត់​ទុកថា​ជា​អ្នក ដែល​គាំទ្រ​គណ​បក្ស​​ប្រជាជន​កម្ពុជា និង​ចង់​ឲ្យ​គណ​បក្ស​​ប្រជាជន បន្ត​​ដឹក​នាំ​​ប្រទេស​កម្ពុជា​ត​ទៅ​ទៀត។

ខិត្តប័ណ្ណ ដែល​មាន​ផ្សាយ​នៅ​ថ្ងៃ​ទី០៨ ខែ​កក្កដា លោក សម រង្ស៊ី បាន​វាយ​ប្រហារ​ខ្លាំងៗ​ទៅ​លើ​គណ​បក្ស​​ប្រជាជន​កម្ពុជា និង​គណ​បក្ស​​ទាំង​១៩ ដែល​ចូល​រួម​ការ​បោះ​ឆ្នោត។ ក្រៅ​ពី​នេះ អតីត​ប្រធាន​គណ​បក្ស​​ប្រឆាំង​រូប​នេះ បាន​យក​សន្លឹក​ឆ្នោត​មកគូសសញ្ញាខ្វែងពីលើថែម​ទៀត។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត គ.ជ.ប បាន​ថ្លែង​ថា នេះ​គឺជា​គំនិត​ដ​ដែលៗ របស់​លោក សម រង្ស៊ី ហើយ​ការ​ផ្សាយ​ខិត្តប័ណ្ណ​នេះ គឺ​គ្រាន់​តែ​ជាការ​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ថ្មី​មួយ​បែប​ទៀត​ប៉ុណ្ណោះ។ អ្នក​នាំ​ពាក្យ គ.ជ.ប បញ្ជាក់​ជា​ថ្មី​ថា ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​អាចឈប់​នៅ​ទ្រឹង ព្រោះ​តែសម្តី​របស់​មនុស្ស​មួយ​ក្រុម​តូច​នោះ​ទេ ដូច្នេះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក។

សូម​ជម្រាប​ជូន​ថា យុទ្ធនាការ​ផ្សាយ​ខិត្តប័ណ្ណ​អេឡិចត្រូនិច តាម​បណ្តាញ​សង្គម​របស់ លោក សម រង្ស៊ី បាន​ធ្វើ​ឡើង​ដំណាល​គ្នា​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី២៧ ខែ​កក្កដា ដោយ​មាន​គណ​បក្ស​​នយោបាយ​ចំនួន​២០​ចូល​រួម។ ក្រៅ​ពីការ​ផ្សាយ​ខិត្តប័ណ្ណ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក មន្ត្រី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ទៀត បាន​ធ្វើ​យុទ្ធនាការ​សិទ្ធិ​ម្រាម​ដៃ​ស្អាត ដើម្បី​បង្ហាញ​ពីការ​មិន​ចូល​រួម​បោះ​ឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ