អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី លា​លែង​ពី​តំណែង​ប្រធាន​បក្សប្រឆាំង ខណៈ​មន្ដ្រី​ជាន់​ខ្ពស់​បក្ស​ភ្ញាក់​ផ្អើល

លោក សម រង្ស៊ី នា​ថ្ងៃសៅរ៍​ទី​១១​កុម្ភៈ​នេះ បាន​លា​លែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពី​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។ ការ​លា​លែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប សម្ដែង​ការ​ភ្ញាក់​ផ្អើល​និង​សោក​ស្ដាយ​។

លោក ​សម​ រង្ស៊ី​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​មក​ដល់​កម្ពុជា​ នៅ​ព្រឹក​សុក្រ​ទី ១៦ សីហា  អម​ដោយ​អ្នក​គាំ​ទ្រ​។
លោក ​សម​ រង្ស៊ី​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​មក​ដល់​កម្ពុជា​ នៅ​ព្រឹក​សុក្រ​ទី ១៦ សីហា អម​ដោយ​អ្នក​គាំ​ទ្រ​។
ផ្សាយពាណិជ្ជកម្ម

ម៉ោង​៥​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១១​កុម្ភៈ លិខិត​លា​លែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ នៅ​ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បញ្ជាក់​ពី​សេចក្ដី​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​ប្រធាន​បក្ស និង​ពី​​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ​ថា ដោយ​សារ​តែ​មូលហេតុ​ផ្ទាល់​ខ្លួន​។ បើ​តាម​លិខិត​ដដែល លោកសម រង្ស៊ី សូម​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ជ្រាប​ជា​ព័ត៌មាន និង​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ចូល​ជាធរមាន​ចាប់​ពី​ថ្ងៃ​ទី​១១​កុម្ភៈ​ត​ទៅ​។

ភ្ជាប់​ជាមួយ​លិខិត សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​សរសេរ​បន្ថែម​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «គ្រប់​កាលៈទេសៈ ខ្ញុំ​នៅ​តែ​រក្សា​ឧត្តមគតិ​សង្គ្រោះ​ជាតិ​ជានិច្ច ក្នុង​បេះដូង​របស់​ខ្ញុំ»​។

គួរ​កត់​សម្គាល់​ថា ការ​លាលែង​ពី​តំណែង​ប្រធាន​បក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ី នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប សម្ដែង​ការ​ភ្ញាក់​ផ្អើល​និង​សោក​ស្ដាយ​។​

សម្រាប់​លោក អ៊ូ ច័ន្ទឬទ្ធិ តំណាង​រាស្ត្រ​មណ្ឌល​ស្វាយរៀង​កូតា​បក្ស​ប្រឆាំង វីរភាព​និង​ឧត្តម​គតិ​ជាតិ​របស់​លោក សម រង្ស៊ី នឹង​ស្ថិត​នៅ​ក្នុង​បេះដូង​ខ្មែរ​ស្នេហា​ជាតិ​ជា​និច្ច​។ រីឯ​លោក គង់ សភា វិញ គ្រាន់​តែ​ឮ​ដំណឹង​ថា​លោក សម រង្ស៊ី លា​លែង​ពី​តំណែងប្រធាន​បក្ស លោក​សោក​ស្ដាយ​រហូត​អង្គុយ​យំ​។ ប៉ុន្តែ​លោក គង់ សភា ថា លោក​មិន​តក់ស្លុត​ក្នុង​ការ​ផ្លាស់ប្ដូរ​ឡើយ​។
ចំណែក​ លោក អេង ឆៃអ៊ាង មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា លោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​លា​លែង​ពី​តំណែង​របស់​លោក សម រង្ស៊ី​។ ភ្ញាក់​ផ្អើល​ក៏​ពិត​មែន ប៉ុន្តែ​លោក​ចាត់​ទុក​ការ​សម្រេច​ចិត្ត​​នេះ​ថា​ជារឿង​ធម្មតា​សម្រាប់​អ្នក​នយោបាយ ដែល​មាន​ទាំង​សិទ្ធិ​ធ្វើ​នយោបាយ និង​សិទ្ធិ​លា​ឈប់​ធ្វើ​នយោបាយ​។ លោក អេង ឆៃអ៊ាង អះអាង​ថា ទោះ​បី​លោក សម រង្ស៊ី អស់​ងារ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិហើយ​ក៏​ដោយ តែ​នៅ​ក្នុង​បេះដូង​កូន​ខ្មែរ លោក​សម រង្ស៊ី នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។

ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង លោក អេង ឆៃអ៊ាង នៅ​មិន​ទាន់​ដឹង​ទេ​ថា នរណា​នឹង​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ពី​លោក សម រង្ស៊ី ខណៈ​លោក កឹម សុខា នៅ​បន្ត​ធ្វើ​ជា​ប្រធាន​ស្ដី​ទី​។ បើ​តាម​លោក អេង ឆៃអ៊ាង គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​ ដើម្បី​ជជែក​ពី​បញ្ហា​អស់​ទាំង​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ