ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

លោក​សម រង្ស៊ី​លា​លែង​ពី​តំណែង វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ប្រែ​ជា​គ្មាន​ន័យ

លោក​សម រង្ស៊ី​លា​លែង​ពី​តំណែង វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ប្រែ​ជា​គ្មាន​ន័យ
 
លោក សម រង្ស៊ី​ កំ​ពុង​ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​យ៉ាង​ច្រើន​កុះ​ករ​ នៅ​ទី​លាន​ប្រជា​ធិបតេយ្យនាពេលកន្លងមក។​ RFI/Im Rachna

តាម​គម្រោង នៅ​ចុង​ខែ​កុម្ភៈ​នេះ​ឬ​យ៉ាង​យូរ​ដើម​ខែ​មីនា​ខាង​មុខ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើក​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ នៅ​ពេល​ដែល​លោក សម រង្ស៊ី លា​លែង​ពី​តំណែង​ប្រធាន​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បង្ហើប​កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ ជិត​ក្លាយ​ជា​ការ​ពិត​ហើយ បន្ទាប់​ពី​សេចក្ដី​ព្រាង​នៃ​វិសោធន​កម្ម​ស្ដី​ពី​ច្បាប់​គណបក្ស​នយោបាយ ត្រូវ​បាន​បញ្ចប់​កាល​ពី​សប្ដាហ៍​មុន​។ ជា​ការ​ធ្វើ​វិសោធន​កម្ម​ដើម្បី​រារាំង​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ប្រធាន​ឬ​អនុ​ប្រធាន​បក្ស​។ ការ​ធ្វើ​វិសោធនកម្ម​ដែល​អ្នក​វិភាគ​ចាត់​ទុក​ថា​ជា​សកម្មភាព​ប្រឆាំង​លោក សម រង្ស៊ី​នេះ ត្រូវ​បាន​មើល​ឃើញ​ថា លែង​មាន​ន័យ​ទៀត​ហើយ​។ នោះ​ក៏​ព្រោះ​តែ លោក សម រង្ស៊ី សម្រេច​ចិត្ត​លា​លែង​ពី​តំណែង​ប្រធាន​គណបក្ស និង​ពី​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​សៅរ៍។ ពោល​គឺ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច បញ្ចប់​ពង្រាង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។

បើ​ទោះ​បី​ជា​លទ្ធផល​ចុង​ក្រោយ លោក សម រង្ស៊ី ​ត្រូវ​អស់​តំណែង​ពី​គណបក្ស​ដូច​គ្នា​ក៏​ពិត​មែន​ ​ប៉ុន្តែ​សេណារីយោ​ដ៏​ស្មាន​មិន​ដល់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ជម្រើស​ដ៏​វៃ​ឆ្លាត ដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ស្រឡាំកាំង​។ ស្រឡាំងកាំង​ព្រោះ សង្គ្រោះ​ជាតិ​ដើរ​ខុស​ពី​អ្វី​ដែល​គេ​រំពឹង​ទុក​។

នៅ​លើ​ឆាក​នយោបាយ​កម្ពុជា ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​មក គណបក្ស​សង្គ្រោះ​ជាតិ​តែង​តែ​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ក្រឡា​អុក​ដែល​គេ​រៀប​ទុក​ឲ្យ ហើយ​នៅ​ទី​បំផុត បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ ត្រូវ​បង្ខំ​ចិត្ត​ចូល​តុ​ចរចា​។ ការ​ចរចា​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​គណបក្ស​ប្រឆាំង​ តិច​ជាង​ដៃ​គូ​ចរចា​ម្ខាង​ទៀត​។

ប៉ុន្តែ តាំង​ពី​ដើម​ឆ្នាំ​ ២០១៧​មក គេ​សង្កេត​ឃើញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​ចេះ​លេង​ល្បែង​នយោបាយ លែង​ដើរ​តាម​ក្រឡា​អុក​ដែល​អ្នក​ដទៃ​រៀប​ចំ​ទុក​ឲ្យ ធ្វើ​ឲ្យ​គូ​បដិបក្ខ​ក្រពុល​មុខ ហើយ​ត្រូវ​រៀប​ជើង​ព្រួល​តាម​ពី​ក្រោយ​វិញ​ម្ដង​។

ជាក់​ស្ដែង ក្នុង​ករណី​លោក កឹម សុខា​។ នៅ​ដើម​ខែ​កុម្ភៈ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ថ្លែង​ដោយ​ខឹង​សម្បារ អំពី​ការ​ក្បត់​ពាក្យ​សន្យា​របស់​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​។ គេ​មិន​ដឹង​ថា លោក កឹម សុខា សន្យា​អ្វី​ខ្លះ​ជាមួយ​ប្រមុខ​បក្ស​កាន់​អំណាច​ទេ! គេ​គ្រាន់​តែ​ដឹង​ថា លោក កឹម សុខា មិន​បាន​ធ្វើ​តាម​ការ​សន្យា បន្ទាប់​ពី​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​។

ករណី​លោក សម រង្ស៊ី គឺ​ជា​ភស្តុតាង​សំខាន់​មួយ​ទៀត​។ បើ​តាម​អ្នក​វិភាគ គណបក្ស​កាន់​អំណាច​រំពឹង​ថា​នឹង​អាច​ដក​លោក សម រង្ស៊ី ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​។ ប៉ុន្តែ​នៅ​ពេល​លោក សម រង្ស៊ី លា​លែង​ពី​តំណែង​ប្រធាន​គណបក្ស​ទៅ​ហើយ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយនា​ពេល​ខាង​មុខ នឹង​លែង​មាន​ន័យ​អ្វី​ទាំង​អស់​។

ឥឡូវ​នេះ គណបក្ស​កាន់​អំណាច​ត្រូវ​ពិចារណា​ថា​តើ គួរ​ឬ​មិន​គួរ ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ខណៈ​ពង្រាង​ច្បាប់​វិសោធនកម្ម​បាន​បញ្ចប់​រួច​រាល់​ហើយ​។ ប៉ុន្តែ បើ​ទោះ​បី​ជា​ត្រូវ​បាន​អនុម័ត​ក៏​ដោយ ក៏​ច្បាប់​នេះ​មិន​មាន​ឥទ្ធិពល​អ្វី​លើ​លោក សម រង្ស៊ី ​ដែរ ហើយ​រឹង​រឹត​តែ​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថែម​ទៀត​ព្រោះ​បន្ទាប់​ពី​លា​លែង​ពី​តំណែង បក្ស​ប្រឆាំង​អះ​អាង​ថា លោក សម រង្ស៊ី លែង​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ទៀត​ហើយ​។

ជា​ការ​ពិត​ហើយ​ថា អវត្តមាន​របស់​ លោក សម រង្ស៊ី ទាំង​នៅ​ក្នុង​ប្រទេស និង​ទាំង​នៅ​លើ​ឆាក​នយោបាយ​ខ្មែរ ទំនង​ជា​គណបក្ស​នយោបាយ​មួយ​ចំនួន​សប្បាយ​ចិត្ត​។ ប៉ុន្តែគេ​មិន​អាច​ធានា​បាន​ទេ​ថា ​ការ​គាំទ្រ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ថយ​ចុះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ជូរ​ចត់​ជា​ច្រើន​នា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​បក្ស​ប្រឆាំង​នេះ ហាក់​មិន​បាន​ថម​ថយ​ឡើយ​។ នៅ​ពេល​លោក សម រង្ស៊ី លា​លែង​ពី​តំណែង​ប្រធាន​បក្ស អ្នក​គាំទ្រ​បក្ស​ប្រឆាំង បើ​ទោះ​បី​ជា​បាន​សម្ដែង​ការ​សោក​ស្ដាយ​ខ្លះ ប៉ុន្តែ​ឆន្ទៈ​នៃ​ការ​ផ្លាស់​ប្ដូរ​របស់​ពួក​គេ​នៅ​តែ​មុត​មាំ​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា-នយោបាយ

    លោកសម រង្ស៊ី៖ ច្បាប់​ថ្មីនឹង​រៀប​ចំ​ឲ្យ​មាន​ប្រព័ន្ធ​បក្ស​តែ​មួយ​ឡើង​វិញ ដូច​កាល​ពី​សម័យ​កុម្មុយនិស្ត

    ស្វែងយល់បន្ថែម

  • កម្ពុជា

    វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ខែ​កុម្ភៈនេះ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

    បណ្តឹង​សង​ជំងឺ​ចិត្ត​ចំពោះ​លោក សម រង្ស៊ី​អាច​ជា​អាវុធ​នយោបាយ​ឬ!

    ស្វែងយល់បន្ថែម

  • កម្ពុជា

    ​អ្នក​ច្បាប់​ថា លោក ហ៊ុន សែន អាច​ប្តឹង​ទារ​ជំងឺ​ចិត្ត​ច្រើន​ជាង ១​លាន​ដុល្លារ​ពី​លោក សម រង្ស៊ី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ