អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី៖ ​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ប្រឡែង​ជាមួយ​ភ្លើង តាម​រយៈ​ទំនាក់​ទំនង​ស្អិត​ល្មួត​ជាមួយ​ចិន​

លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​ប្រឆាំង បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ប្រឡែង​ជាមួយ​ភ្លើង តាម​រយៈ​ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​ជាមួយ​ប្រទេស​ចិន​។ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាល​ពី​ថ្ងៃ​អង្គារ ទី​១២​វិច្ឆិកា​ម្សិលមិញ នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​។ ដ្បិត​តែ​បាន​យក​ប្រទេស​ចិន​ជា​ឧបករណ៍​វាយ​ប្រហារ​រដ្ឋាភិបាល​ខ្មែរ​ក៏​ពិត​មែន តែ​លោក សម រង្ស៊ី បាន​សង្កត់​ធ្ងន់​ថា គេ​មិន​អាច​បន្ទោស​ចិន​បាន​ឡើយ​។ សម្រាប់​លោក សម រង្ស៊ី អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ គឺ​អ្នក​ដឹក​នាំ​ប្រទេស​ ដែល​បណ្ដោយ​ឲ្យ​ឥទ្ធិពលរបស់​​ចិនគ្រប​ដណ្ដប់​​លើ​កម្ពុជា​ដូច​សព្វ​ថ្ងៃ​។ 

លោក សម រង្ស៊ី កំពុងធ្វើការសំភាសជាមួយអ្នកសារព័ត៌មាន
លោក សម រង្ស៊ី កំពុងធ្វើការសំភាសជាមួយអ្នកសារព័ត៌មាន @Internet
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​បញ្ហា​នយោបាយ​ក្នុង​ស្រុក សំណុំ​រឿង​លោក កឹម សុខា និង​ការ​ព្រមាន​ដក EBA, លោក សម រង្ស៊ី នា​ពេល​ចុង​ក្រោយ​នេះ បាន​បង្កើន​ការ​​វាយ​ប្រហារ​រដ្ឋាភិបាល​ខ្មែរ ចំពោះ​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ​ចិន​។ ប្រធាន​ស្ដីទី​អតីត​គណបក្ស​ប្រឆាំង បាន​ផ្ដល់​បទ​សម្ភាស​ដល់​ទូរទស្សន៍ Al Jazeera កាល​ពី​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា កម្ពុជា​កំពុង​ធ្លាក់​ទៅ​ក្នុង​នឹម​អាណានិគម​របស់​ប្រទេស​ចិន ដោយ​ចិន​បាន​បញ្ជូន​ពលរដ្ឋ​របស់​គេ​ជា​ច្រើន​ពាន់​នាក់ មក​កាន់​ប្រទេស​កម្ពុជា​។ បើ​តាម​លោក សម រង្ស៊ី ជនជាតិ​ចិន​ទាំង​នោះ​បាន​ចូល​មក​រស់​នៅ​កម្ពុជា ធ្វើ​ខ្លួន​ដូច​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ហើយ​ការណ៍​នេះ​បាន​បង្ក​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​។

មួយ​ថ្ងៃ​ក្រោយ​មក ​នៅ​ចំពោះ​មុខ​អ្នក​កាសែត​បរទេស​រាប់​សិប​នាក់ ក្នុង​ទីក្រុង​គូឡាឡាំពួរ លោក សម រង្ស៊ី សង្កត់​ធ្ងន់បន្ថែម​​ថា កម្ពុជា​ត្រូវ​តែ​រក្សា​ឲ្យ​បាន​នូវ​អព្យាក្រឹត្យភាព​របស់​ខ្លួន ដោយដាច់​ខាត​មិន​ត្រូវ​បើក​ដៃ​ឲ្យ​ចិន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ។ ​លោក សម រង្ស៊ី មិន​ចង់​ឲ្យ​មាន​​ហេដ្ឋារចនាសម្ព័ន្ធ​ចិន​លើ​ទឹក​ដី​កម្ពុជា ព្រោះ​លោក​ជឿ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​អស់​នោះ អាច​​​​ប្រែ​ក្លាយ​ទៅ​ជា​មូលដ្ឋាន​យោធា​របស់​ចិន​បាន​​។

វត្តមាន​ជន​ជាតិ​ចិន​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​លើ​ទឹក​ដី​កម្ពុជា ត្រូវ​បាន​លោក សម រង្ស៊ី ពន្យល់​ថា មិន​មែន​ជាប់​ពាក់ព័ន្ធ​តែ​ក្នុង​បញ្ហា​សេដ្ឋកិច្ច​មួយ​មុខ​ទេ​។ គឺ​វា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​​អព្យាក្រឹត្យភាព​និង​ឯករាជ្យភាព​របស់​កម្ពុជា​ នៅ​ចំពោះ​មុខ​មហាយក្ស​ចិន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​អាច​គំរាម​កំហែង​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ទៀត​ផង​។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ម៉ាឡេស៊ី Malaysiakini នា​ថ្ងៃ​ទី​១២​វិច្ឆិកា លោក សម រង្ស៊ី អះអាង​ថា គេ​មិន​អាច​បន្ទោស​ប្រទេស​ចិន​បាន​ឡើយ​ចំពោះ​បញ្ហា​នេះ​។ សម្រាប់​លោក សម រង្ស៊ី អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ គឺ​អ្នក​ដឹក​នាំ​ប្រទេស​ ដែល​បណ្ដោយ​ឲ្យ​ឥទ្ធិពលរបស់​​ចិនគ្រប​ដណ្ដប់​​លើ​កម្ពុជា​ដូច​សព្វ​ថ្ងៃ​។

តាម​រយៈ​បទស​ម្ភាស​ជាមួយ​កាសែត​បរទេស​ទាំង​នេះ លោក សម រង្ស៊ី បាន​បន្ត​ប្ដេជ្ញា​ចិត្ត​ត្រឡប់​មក​​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ​។ លោក សម រង្ស៊ី ថា នៅ​ពេល​ដែល​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទទួល​បានជោគជ័យ នោះលោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ចិន​​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹក​ដី​កម្ពុជា​ឡើយ​។

គួរ​កត់​សម្គាល់​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​មាន​វត្តមាន​នៅ​ក្នុង​តំបន់​អាស៊ាន​ និង​ខណៈ​ពេល​ដែល​ប្រទេសជា​សមាជិក​​អាស៊ាន​មួយ​ចំនួន កំពុង​មាន​ទំនាស់​ស្រួច​ស្រាល់​ជាមួយ​ប្រទេស​ចិន ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ