អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី៖ ​លោក ​ហ៊ុន ​សែន ​កំពុង​ភ័យ​ខ្លាច​ចំពោះ​គម្រោង​វិល​ត្រលប់​របស់​លោក​

លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​លោក​នៅ​ថ្ងៃទី ០៩ ឧសភា ដោយ​បាន​ហៅ​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី ០៧ ឧសភា ថា កំពុង​ភ័យ​ខ្លាច​ចំពោះ​គម្រោង​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​។ សូម​ជំរាប​ជូន​ថា តាម​រយៈ​លិខិត​ចុះថ្ងៃទី ០៧ ឧសភា ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​បង្គាប់​ឲ្យ​ក្រុម​ការងារ​របស់​លោក​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល ទាំង​ក្នុង​ក្រប​ខណ្ឌ​គណបក្ស​ចុះ​អប់រំ​ប្រជា​ពលរដ្ឋ ពី​ផល​វិបាក​នៃ​ការ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ តាមរយៈ​សកម្មភាព​បដិវត្តន៍​ព័ណ៌​។ 

លោក​សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​
លោក​សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី ដែល​បាន​អះអាង​ថា​ជា​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ចាត់​ទុក​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី ០៧ ឧសភា ថា កំពុង​ភ័យ​ខ្លាច​ចំពោះ​គម្រោង​នៃ​ការ​វិល​ត្រលប់​របស់​លោក​។ តាម​រយៈ​គណនីយ​ហ្វេស​បុក​របស់​ខ្លួន លោក សម រង្ស៊ី បាន​សង្កត់​ធ្ងន់​ចំនួន​៣​ចំណុច ទី១.លោក សម រង្ស៊ី អះ​អាង​ថា ប្រជា​រាស្ត្រ​ខ្មែរ​ត្រូវ​តែ​ផ្តួល​រំលំ​របប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពី​ព្រោះ​របប​នេះ ជា​របប​ខុស​ច្បាប់​កើត​ចេញ​មក​ពី​ការ​បោះឆ្នោត​ក្លែង​ក្លាយ និង​រំលោភ​ឆន្ទៈ​ប្រជា​រាស្ត្រ​។

ចំណុច​ទី២.លោក សម រង្ស៊ី បាន​អះអាង​ថា តាម​រយៈ​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នេះ បាន​បញ្ជាក់​ថា ទាល់តែ សម រង្ស៊ី ជិត​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ទើប​របប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​ផ្តើម​គិត​គូរ​ធ្វើ​អំពើ​ល្អ​។ និង​ចំណុច​ចុង​ក្រោយ លោក សម រង្ស៊ី បាន​ដាក់​លក្ខ័ណ្ឌ​ថា បើ​លោក ហ៊ុន សែន ចង់​កាត់​បន្ថយ​កំហឹង​ប្រជា​រាស្ត្រ ចំពោះ​របប​គាត់ លោកហ៊ុន សែន ត្រូវ​តែ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ប្រគល់​សង​មក​វិញ នូវ​ដីធ្លី ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ទៀត ដែល​ពួក​គេ​បាន​ប្លន់​យក​ពី​ប្រជាពល​រដ្ឋ​ទៅ​។ នេះ​បើ​តាម​សំណេរ​របស់​លោក សម រង្ស៊ី​។

ជុំវិញ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដូច្នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ថ្លែង​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​លិខិត​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្នុង​លក្ខ​ខ័ណ្ឌ​ដែល​លិខិត​នោះ​ពិត​មែន នោះ​គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋា​ភិបាល​ក្នុង​កិច្ច​ការ​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​បង្ការ​មិន​ឲ្យ​មាន​រឿង​អ្វី​កើត​ឡើង​ជាយ​ថា​ហេតុ​នោះ​ទេ​។ លោក ផៃ ស៊ីផាន បាន​សង្កត់​ធ្ងន់​ថា រដ្ឋា​ភិបាល​មិន​ដែល​ភ័យ​ខ្លាច​ចំពោះ​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី នោះ​ទេ​។

គួរ​ជំរាប​ជូន​ថា តាម​រយៈ​លិខិត​មួយ​ចុះ​ថ្ងៃទី ០៧ ឧសភា ដែល​គេ​បាន​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​បុក លោក ហ៊ុន សែន បាន​បង្គាប់​ឲ្យ​មន្រ្តី​ថ្នាក់​ក្រោម​របស់​លោក ចុះ​ទៅ​អប់រំប្រជា​ពលរដ្ឋ​នៅ​គ្រប់​មូល​ដ្ឋាន​ទាំង​អស់ អំពី​គម្រោង​នៃ​ការ​ផ្តួល​រំលំ​រដ្ឋា​ភិបាល និង​គម្រោង​នៃ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​។ តាម​រយៈ​លិខិត​នោះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​ក្រើន​រម្លឹក​មន្រ្តី​របស់​ខ្លួន​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋា​ភិបាល​និង​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​គណបក្ស​ថា លោក សម រង្ស៊ី មាន​បំណង​ដឹក​នាំ​ធ្វើ​បដិវត្ត​ពណ៌ ដោយ​បាន​អំពាវ​នាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​។

តាម​រយៈ​លិខិត​នោះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​ហៅ​សកម្មភាព​របស់​លោក សម រង្ស៊ី ថា ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​នានា​របស់​កម្ពុជា ហើយ​អាច​នាំ​ប្រទេស ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ ភាព​ចលា​ចល និង​ភាព​វឹកវរ ដែល​មិន​អាច​ប៉ាន់​ស្មាន​បាន​។ លោក សម រង្ស៊ី និង​មនុស្ស​ជំនិតៗ​របស់​លោក​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​មិន​ទាន់​កំណត់​កាល​បរិច្ចេទ​នៅ​ឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ