ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
កម្ពុជា

លោក​សម រង្ស៊ី កំពុង​កសាង​សំណុំ​រឿង​ប្តឹង​លោក​ហ៊ុន សែន និង​លោក​ហេង សំរិន​ទៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

media  
លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​អះ​អាង​ថា​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ហេង សំរិន ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ ការ​ប្រកាស​ប្តឹង​នេះ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្តឹង​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ទាម​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លារ។ អ្នក​វិភាគ​ថា​បណ្តឹង​នេះ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​កាន់​តែ​ធ្ងន់​ធ្ងរ ហើយ​ករណី​នេះ​តុលាការ​ព្រហ្មទណ្ឌ​នឹង​មិន​អើ​ពើ​ឡើយ​។

«យើង​កំពុង​តែ​កសាង​សំណុំ​រឿង ដើម្បី​ឲ្យ​តុលាការ​អន្តរជាតិ តាម​ចាប់ ហ៊ុន សែន និង ហេង សំរិន យក​ទៅ​កាត់​ទោស​តាម​ច្បាប់​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​លោក»។ នេះ​គឺ​ជា​សំណេរ​របស់​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដែល​បាន​បង្ហោះ​លើ​ហ្វេស​ប៊ុក ។ លោក​បន្ត​ថា​ការ​ប្តឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ គឺ​ដោយ​សារ​សម័យ​ឆ្នាំ ១៩៨៤​ដល់​ឆ្នាំ ១៩៨៨ គឺ​ជា​ការ​សម្លាប់​រង្គាល ឬ​ការ​កែន​​ពលរដ្ឋ​ស្លូត​ត្រង់​ដោយ​បង្ខំ​បញ្ជូន​ទៅ​ឲ្យ​ស្លាប់​ក្នុង​ទ្រង់​ទ្រាយ​ធំ។

លោក​សម រង្ស៊ី​បាន​បន្ត​ទៀត​ថា សាក្សី​ចំនួន ៨១​នាក់​ដែល​ជា​ក្រុម​គ្រួសារ ឬ​ជន​រង​គ្រោះ​បាន​ចាប់​ផ្តើម​ចេញ​មុខ​លាត​ត្រដាង អំពី​ព្រឹត្តិការណ៍​សម័យ​ផែន​ការ ក៥ ។ ផែន​ការ ក៥ ដែល​អ្នក​ប្រវត្តិសាស្ត្រ​ពន្យល់​ថា គឺ​ជា​សម័យ​ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​ស្លាប់​ជា​ច្រើន​ក្រោយ​សម័យ​ប៉ុលពល នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​បញ្ជូន​មនុស្ស​ពេញ​កំលាំង​ទៅ​កាប់​ព្រៃ​ដែល​ជា​ជម្រក​របស់​កម្លាំង​តស៊ូ​ខ្មែរ​ក្រហម។ បណ្តឹង​របស់​លោក​សម រង្ស៊ី​នា​ពេល​នេះ គឺ​ជា​ការ​ប្តឹង​បក​វិញ​មក​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ហេង សំរិន ដែល​បាន​ប្តឹង​លោក​ពី​បទ​បរិហាកេរ្តិ៍​ហើយ​ទារ​សំណង​ជំងឺ​ចិត្ត​ជាង ១​លាន​ដុល្លារ និង​គំរាម​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក​សម រង្ស៊ី​នៅ​ស្រុក​ខ្មែរ​ទៀត​ផង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយ​តប​ចំពោះ​ការ​ប្តឹង​នេះ​ថា​ជា​ការ​រវើរវាយ​ដែល​ចេះ​តែ​ប្តឹង​ឱ្យ​តែ​ឮ​សំឡេង​តែ​ប៉ុណ្ណោះ​ព្រោះ​ថា បណ្តឹង​នេះ គ្មាន​មូលដ្ឋាន​ឡើយ។
ចំណែក​ឯ​ក្រុម​អ្នក​វិភាគ​នៅ​កម្ពុជា​ដែល​មាន​ជា​អាថ៌​លោក​អ៊ូ វីរៈ​បាន​អះ​អាង​ថា បណ្តឹង​នេះ​គឺ​នឹង​ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទាត់​ចោល ហើយ​ក៏​ជា​ការ​ប្តឹង​ដើម្បី​បង្អាប់​បង្អោន​កិត្តិយស​លោក​នាយក​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ។

សម្រាប់​លោក​អ៊ូ វីរៈ រឿង​ផែន​ការ ក៥​នេះ គួរ​តែ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​ប្រាប់​ទៅ​កាន់​សាធារណៈមតិ​ជា​ការ​ប្រសើរ​ជាង។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ វីរៈ បាន​អះ​អាង​ថា បណ្តឹង​ទៅ​វិញ​ទៅ​មក​នេះ​គឺ​គ្មាន​អី្វ​ក្រៅ​ពី​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​រឹង​រឹត​តែ​កើន​កំដៅ ហើយ​អ្នក​នយោបាយ​មើល​មុខ​គ្នា​មិន​ចំ​ មិន​អាច​មូល​មាត់​គ្នា​ដោះ​ស្រាយ​បញ្ហា​ជាតិ និង​ងាយ​ធ្លាក់​ចូល​ទៅ​ជា​កូន​ជិង​របស់​បរទេស​យ៉ាង​ងាយ​ស្រួល​បំផុត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ