អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ស្នើ​សុំ​ព្រះ​មហាក្សត្រ អន្តរាគមន៍​លុប​ចោល​បំរាម​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​មក​លើ​អតីត​មន្ត្រី​សង្គ្រោះ​ជាតិ​១១៨​រូប

ជា​ថ្មី​ម្តង​ទៀត លោក សម រង្ស៊ី ដែល​ចាត់​ទុក​ថា​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំ​ព្រះ​រាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដើម្បី​ឲ្យ​ព្រះ​អង្គ​អន្តរាគមន៍​បន្ត​ឲ្យ​មាន​ការ​លុប​ចោល​បំរាម​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​មក​លើ ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប តាម​រយៈ​បើក​ការ​ជំនុំ​ជម្រះ​ម្ដង​ទៀត។ តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ចាត់​ទុក​លិខិត​លោក សម រង្ស៊ី រំខាន​ព្រះ​មហាក្សត្រ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ @Sam Rainsy Facebook Page
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣​ខែ​កក្កដា តែ​លោក សម រង្ស៊ី ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៥​ខែ​កក្កដា​ម្សិល​មិញ លោក សម រង្ស៊ី ដែល​នៅ​តែ​រក្សា​ជំហរ​នៅ​ក្នុង​លិខិត​ថា ជា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ថា ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ឡើង​វិញ គឺ​ជា​ជំហាន​មួយ​ដ៏​សំខាន់ និង​ចាំ​បាច់ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ជា​បន្ទាន់ មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​ខែ​កក្កដា។

បើ​តាម​លោក សម រង្ស៊ី ព្រះ​រាជ​អន្តរាគមន៍​របស់​ព្រះ​មហាក្សត្រ អាច​ធ្វើ​ឡើង​តាម​រយៈ​ព្រះ​រាជ​អន្តរាគមន៍ ទៅ​តុលាការ​កំពូល​ដើម្បី​ជំនុំ​ជម្រះ​សា​ជា​ថ្មី​នូវ​សាល​ដីកា​ចុះ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ។ ជា​សាលដីកា​មួយ​មាន​អនុភាព រហូត​ឈាន​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បូក​រួម​នឹង​ការ​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​ចំពោះ​មន្ត្រី​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប។

គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ថា លិខិត​ស្នើ​សុំ​អន្តរាគមន៍​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ពេល​ដែល​បណ្ដាល​គណបក្ស​នយោបាយ​នៅ​ក្នុង​ស្រុក កំពុង​ត្រៀម​ខ្លួន​រៀប​ចំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៧​កក្កដា​ស្អែក​នេះ។ ហើយ​នេះ​ជា​លើក​ទី​២​ដែល លោក សម រង្ស៊ី ​ធ្វើ​លិខិត​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ស្តី​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន បន្ទាប់​ពី​លើក​ទី​១ ​លោក​ សម​ រង្ស៊ី​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះ​មហា​ក្សត្រ​ ដើម្បី​សូម​ស្នើ​ព្រះ​អង្គ​ កុំ​ធ្វើ​តាម​អ្វី​ ដែល​រដ្ឋាភិបាល ​និង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ កំពុង​តែ​ស្នើ​ព្រះ​អង្គ​ឲ្យ​ធ្វើ​អន្តរាគមន៍​ ដើម្បី​ជម្រុញ​ប្រជា​ពលរដ្ឋ​ ឲ្យ​ទៅបោះ​ឆ្នោត។

តែ​យ៉ាង​ណា​ក៏​ដោយ​លើក​នេះ ក៏​មិន​ខុស​ពី​លើក​មុន​ដែរ លិខិត​របស់ លោក សម រង្ស៊ី ទទួល​រង​ការ​ចំអក​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ដោយ​លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​លោក សម រង្ស៊ី មាន​តួនាទី​អ្វី​បាន​ជា​សុំ​ព្រះ​រាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​បែប​នេះ? បន្ថែម​លើ​នេះ​លោក សុខ ឥសាន បាន​រិះគន់​លោក សម រង្ស៊ី ថា មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​ការងារ​នយោបាយ ព្រោះ​អតីត​កាល លោក សម រង្ស៊ី បាន​លា​ចេញ​ពី​តំណែង​ជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ហើយ។ ម្លោះ​ហើយ​លិខិត​អន្តរាគមន៍​សុំ​លុប​ចោល​បំរាម​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​មក​លើ​អតីត​មន្ត្រី​សង្គ្រោះ​ជាតិ​១១៨​រូប នឹង​មិន​មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។ នេះ​បើ​តាម​លោក​ សុខ ឥសាន ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ