អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​សម រង្ស៊ី សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជួយ​ឲ្យ​លោក​បាន​ចូល​ស្រុក​វិញ

អតីត​ប្រមុខ​បក្ស​ប្រឆាំង​កម្ពុជា​លោក​សម រង្ស៊ី នៅ​ថ្ងៃ​នេះ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​បញ្ចេញ​វីឌីអូ​ក្លិប​មួយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​រៀប​រាប់​ពី​អ្វី​ដែល​បាន​កើត​ឡើង​លើ​រូប​លោក ព្រម​ទាំង​ក្តី​ប្រាថ្នា​របស់​លោក​ផង​ដែរ។ លោក​សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា គោល​បំណង​ធំ​ជាង​គេ​បំផុត​របស់​លោក គឺ​ការ​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ ហើយ​ដើម្បី​សម្រេច​បំណង​នេះ លោក​បាន​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរជួយៗ​ដោយ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​
លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

សំឡេង១.... និយាយ​ពី​ការ​ចង់​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី គឺ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ប៉ុន្តែ​វា​ជា​លើក​ដំបូង​ដែល​លោក​បាន​ទទូច​សុំ​ដោយ​ត្រង់ៗ​តែ​ម្តង​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ជួយ​លោក​បាន​ចូល​ស្រុក​វិញ។ ថ្វី​បើ​ពេល​ខាង​មុខ​មិន​ដឹង​ជា​យ៉ាង​ណា ប៉ុន្តែ​ពេល​នេះ​លោក​សម រង្ស៊ី​បាន​សម្តែង​ការ​ជឿ​ជាក់​លើ​ពលរដ្ឋ​ទៅ​ហើយ​ថា​នឹង​ជួយ​លោក​និង​បាន​ជួប​ជុំ​ជាមួយ​លោក​វិញ​ក្នុង​ពេល​ឆាប់ៗ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះ​ឆ្នោត។

លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឃ្លាត​ឆ្លា​យ​ពី​ប្រទេស​កម្ពុជា​តាំង​តែ​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៥​មក​ម្ល៉េះ ដោយ​នៅ​ពេល​នោះ លោក​ត្រូវ​បង្ខំ​ស្នាក់​នៅ​បរទេស​ដោយ​សារ​តែ​អំណាច​តុលាការ​ខ្មែរ​ក្រោម​ការ​ប្តឹង​ផ្តល់​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។ តាំង​ពី​ពេល​នោះ​មក បណ្តឹង​ជា​ច្រើន​ទៀត​បាន​កើត​ឡើង​ជា​ហូរ​ហែ​លើ​លោក​សម រង្ស៊ី រហូត​ក៏​មាន​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ដែរ។ ក្រៅ​ពី​ហ៊ុម​ព័ន្ធ​ដោយ​បណ្តឹង​ជា​ច្រើន លោក​អតីត​ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ ក៏​ត្រូវ​បាន​រដ្ឋសភា​ខ្មែរ​បញ្ចប់​សមាជិក​ភាព​ជា​សមាជិក​សភា​ថែម​ទៀត។

ពី​ក្រៅ​ប្រទេស លោក​សម រង្ស៊ី តែង​តែ​លើក​ឡើង​ជា​រឿយៗ​ថា លោក​នឹង​បាន​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅមុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ដូច​ដែល​លោក​ធ្លាប់​ធ្វើ​កាល​ពី​មុន​បោះ​ឆ្នោត​ឆ្នាំ​២០១៣​អ៊ីចឹង​ដែរ។ ក៏​ប៉ុន្តែ​ឆ្លើយ​បត​នឹង​ភាព​ប្រាកដ​ប្រជា​របស់​លោក​សម រង្ស៊ី​នេះ លោក​ហ៊ុន សែន​បាន​ប្រកាស​ជា​មុន​ហើយ​ថា លោក​នឹង​កាត់​ស្ដាំ​ដៃ​របស់​លោក​ចោល​តែ​ម្តង បើ​លោក​ចុះ​ហត្ថលេខា​ស្នើ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ដល់​លោក​សម រង្ស៊ី​ទៀត​នោះ។

យ៉ាង​ណា​ក៏​ដោយ រឿង​រ៉ាវ​នេះ​បាន​ស្ងប់​ស្ងាត់​បន្តិច​ទៅ​វិញ​តែ​ជំនួស​ដោយ​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទៀត​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា គឺ​កាល​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០១៧​នេះ លោក​សម រង្ស៊ី បាន​សម្រេច​ចិត្ត​លា​លែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​សម រង្ស៊ី បញ្ជាក់​ថា គឺ​ដើម្បី​ការពារ​បក្ស​ទាំង​មូល​ពី​វិសាលភាព​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ថ្មី​ដែល​បាន​អនុម័ត​ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។

បើ​ទោះ​បី​គ្មាន​អ្វី​ទាក់​ទង​ជាមួយ​គណបក្ស​ប្រឆាំង​ទៀត ប៉ុន្តែ​លោក​សម រង្ស៊ី នៅ​តែ​ជួយ​ឃោសនា​តាម​បែប​ផែន​ផ្សេងៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ សម្រាប់​លោក​សម រង្ស៊ី ប្រសិន​បើ​ប្រជាពលរដ្ឋ​ខ្មែរ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ស្មើ​នឹង​ផ្តល់​ក្តី​សង្ឃឹម​ឲ្យ​លោក​ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ