អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្សី នឹង​មិន​មាន​វត្ត​មាន​ដឹក​នាំ​បាតុ​កម្ម​ប្រឆាំង លោក ហ៊ុន សែន នៅ​ញូយ៉ក​

លោក សម រង្ស៊ី អតីត​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង បាន​ប្រកាស​ថា​លោក​នឹង​មិន​មាន​វត្ត​មាន​នៅ​ក្រុង​ញូយ៉ក​នា​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​លោក​ធ្លាប់​ប្រកាស​ថា​នឹង​ដឹក​នាំ​បាតុ​កម្ម​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​។ ការ​ប្រកាស​ប្តូរ​គម្រោង​ភ្លាម​ៗ របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ខណៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​លោក​ធ្វើ​ដំណើរ​ទៅ​សហ​រដ្ឋ​អាមេរិក ដើម្បី​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជាជាតិ ។ 

លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​
លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម Twitter នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា បាន​សរសេរ​ថា លោក​សុំ​ទោស​ចំពោះ​អ្នក​គាំទ្រ​របស់​លោក ដែល​លោក​មិន​បាន​ទៅ​ទីក្រុង​ញូយ៉ក នា​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កញ្ញា នេះ​ទេ ដោយ​សារ​តែ​មាន​កិច្ច​ផ្សេង​ទៀត​ត្រូវ​បំពេញ​។ ថ្ងៃ​ទី​២៩ ខែ​កញ្ញា ជា​ថ្ងៃ ដែល​លោក សម រង្ស៊ី ធ្លាប់​បាន​ប្រកាស​ថា​លោក​នឹង​ដឹក​នាំ​បាតុកម្ម​ទាម​ទារ​កុំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុង​ឱកាស​លោក​នាយក​រដ្ឋ​មន្ត្រី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៧៣​នៃ​មហា​សន្និ​បាត​អង្គការ​សហ​ប្រជាជាតិ ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូយ៉ក សហ​រដ្ឋ​អាមេរិក​។

ក្នុង​សំណេរ​ដ​ដែល​នោះ អតីត​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​គាំទ្រ​លោក ដែល​នៅ​បន្ត​ចូល​រួម​ធ្វើ​បាតុ​កម្ម ដែល​គ្រោង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ខាង​មុខ​នេះ​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មុន​ចេញ​ដំណើរ​ពី​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​នេះ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា ចំពោះ​ជន​រួម​ជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​មិន​ចូល​ចិត្ត​លោក ក៏​សូម​ចែក​ឱ្យ​ដាច់​នូវ​អ្វី​ជា​ផល​ប្រយោជន៍ មុខ​មាត់ ហ៊ុន សែន និង​អ្វី​ជា​មុខ​មាត់ និង​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​ទាំង​មូល​។

តាម​រយៈ​តារាង​កម្មវិធី នៅ​ទីក្រុង​ញូយ៉ក លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ផ្តោត​លើ​ការ​វិវត្ត​នា​ពេល​ថ្មីៗ និង​សមិទ្ធិ​ផល​សំខាន់ៗ ដែល​រាជ​រដ្ឋា​ភិបាល​សម្រេច​បាន និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ការ​ព្រួយ​បារម្ភ​រួម​។

នា​ឱកាស​ចូល​រួម​ក្នុង​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ដាច់​ដោយ​ឡែក​ពី​គ្នា ជា​មួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ, លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយក​រដ្ឋ​មន្រ្តី​ប៊ុល​ហ្គា​រី, លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយក​រដ្ឋ​មន្រ្តី​នេ​ប៉ាល់ និង​ជួប​ពិភាក្សា​ដោយ​មិត្ត​ភាព​ជា​មួយ​ប្រមុខ​រដ្ឋ និង​រដ្ឋា​ភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ទៀត​។ ជា​មួយ​គ្នា​នោះ លោក ហ៊ុន សែន ក៏​នឹង​ជួប​ជា​មួយ​សហ​គមន៍​ខ្មែរ ដែល​រស់​នៅ​សហ​រដ្ឋ​អាមេរិក និង​កាណាដា​ផង​ដែរ​៕

សូម​ជម្រាប​ជូន​ថា ក្នុង​ឱកាស​កិច្ច​ប្រជុំ​ទូទៅ​លើក​ទី​៧៣​នៃ​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​នេះ កម្ពុជា​នឹង​ធ្វើ​ជា​អនុ​ប្រធាន​នៃ​កិច្ច​ប្រជុំ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ផ្សេង​ទៀត រយៈ​ពេល​៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់ ៣០ ខែ​កញ្ញា នៅ​ទីក្រុង​ញូយ៉ក សហ​រដ្ឋ​អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ