ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
កម្ពុជា

លោក សម រង្ស៊ី ថា សារបែកធ្លាយជាសារពិត ខណៈតុលាការបង្គាប់ឲ្យសងជំងឺចិត្ត១លានដុល្លារ

media  
លោក សម រង្ស៊ី និង លោក ហ៊ុន សែន ពេលពិសារអាហារជុំគ្នាដោយកម្រ @សហការី

អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចេញ​មុខ​លាត​ត្រដាង​សារ​បែក​ធ្លាយ​ដែលលោក​អះអាង​ថា​ជា​ការ​សន្ទនា​រវាង​លោក ហ៊ុន សែន និងនាង ធី សុវណ្ណថា កាលពី​ដើម​ឆ្នាំ​នេះថា​ជា​សារ​ពិតប្រាកដ​។​ការ​បន្ត​លាត​ត្រដាង​ជាថ្មី​ទៀត​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​របស់​លោក សម រង្ស៊ី ចំពោះ​ការ​កាត់​ទោសរូប​លោក​ឲ្យ​ចាញ់​ក្តី​លោកនាយក​រដ្ឋមន្រ្តី ដោយ​តុលាការ​បង្គាប់​ឲ្យ​លោកសង​ជំងឺ​ចិត្ត​ទៅ​លោក ហ៊ុន សែន រហូតដល់​៤​ពាន់លាន​រៀល​ឬ​ស្មើ​នឹង​១​លាន​ដុល្លារ​។

ដោយ អ៊ឹង ប៊ុនថន

នៅ​លើ​ទំព័រ​ហ្វេសប៊ុក លោក សម រង្ស៊ី ថ្ងៃទី​២៩​ធ្នូ លោក​បានសរសេរថា សារ​ចំនួន​ជាង ៤០០ រវាង​លោក ហ៊ុន សែន និង​នាង ធី សុវណ្ណថា គឺ​សុទ្ធ​តែ​ជាសារ​ពិតប្រាកដ​ទាំងអស់​។​លោក​ថានេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​ផ្នែក​បណ្តាញសង្គម មាន​បច្ចេកទេស​គ្រប់គ្រាន់​។ បើតាម លោក សម រង្ស៊ី “បើ​នរណា​ម្នាក់​ចង់​ប្រឌិត​អ្វីមួយ ដើម្បី​បង្ខូច​ឈ្មោះ​ជន​ពាក់ព័ន្ធ​ទាំងពីរ​នាក់នោះ គេមិន​ចាំបាច់​ប្រឌិតសារ ដ៏ច្រើន​បែបនេះទេ​”​។ លើស​ពីនេះ​ទៅទៀត ក្រៅពី​ជន​ពាក់​ព័ន្ធទាំង​ពីរ​នាក់​នោះ គ្មាន​នរណា​មានព័ត៌​មាន​លម្អិត ដូច​ពួកគាត់​បាន​បញ្ចេញ​ដោយ​ខ្លួនឯង ស្តីពីទំនាក់​ទំនង​រវាង​ពួកគាត់​ទាំងពីរ​នាក់​។ ព័ត៌​មាន​លម្អិត​ទាំង​នោះ គឺ​ជាព័ត៌​មាន​ជាក់​ស្តែង ជាពិសេស​ទាក់ទង​ទៅនឹង​កម្មវិធី និង​សកម្មភាព​លម្អិត របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​តែគាត់​ម្នាក់​ទេ អាច​ដឹង​ពី​កម្មវិធី និង​សកម្ម​ភាព​លម្អិត​របស់​គាត់​បែបនេះ​។​ទាំង​នេះជា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី​។

អតីត​ប្រមុខ​បក្សប្រឆាំង​ដែលភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដោយសារ​តែ​មាន​បណ្តឹង​ពី​រដ្ឋាភិបាលកម្ពុជា​នោះ នៅ​បាន​អះអាង​ទៀត​ថា “ជិត ១ ឆ្នាំ​កន្លងផុត​ទៅហើយ ដែល​លោក ហ៊ុន សែន មិនបាន​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់ សារ​ទាំង ៤០០ នោះ ដែល​បាន​បែក​ធ្លាយ​ជាសាធារណៈ​។ ដូច្នេះ សាធារណមតិ នៅតែ​ជឿជាក់​ថា សារ​ទាំង​នោះ ជាសារ​ពិតប្រាកដ​ទាំងអស់”​។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ធ្នូតុលាការក្រុងភ្នំពេញ បានកាត់ទោសលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យចាញ់ក្តីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាថ្មីម្តងទៀត នៅក្នុងសំណុំរឿងបរិហាកេរ្តិ៍ កាលពីមួយឆ្នាំមុន។ គឺជាបណ្តឹងបរិហាកេរ្តិ៍ ដែលបានកើតឡើងតាំងពី ខែមករា ដើមឆ្នាំ២០១៧ ដែលកាលណោះ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ពាក្យប្តឹង លោក សម​ រង្ស៊ី​ អតីតប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍លោក ហ៊ុន សែន។ ពាក្យបណ្តឹងទាមទារសំណង១លានដុល្លារអាមេរិកនោះ បានកើតឡើង ក្រោយពីលោក សម រង្ស៊ី បានថ្លែងតាមបណ្តាញសង្គមហ្វេសបុក ដោយចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ១លានដុល្លារអាមេរិក ដើម្បីឲ្យអតីតអ្នកគាំទ្រគណបក្សប្រឆាំងដ៏សកម្មរូបនេះ វាយប្រហារទៅលើអតីតគណបក្សសង្រ្គោះជាតិ ដែលខ្លួនធ្លាប់គាំទ្រវិញ។

គួរជំរាបជូនថា លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន គឺបានរងពាក្យបណ្តឹង​យ៉ាង​តិច​ចំនួន០៩ឯណោះ ដែលកំពុងចាក់ស្រេះលើខ្លួនប្រាណ​របស់អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិរូបនេះ ក្នុងនោះ ៥បណ្តឹងត្រូវបានតុលាការកាត់ក្តីរួចរាល់ ចំណែក​ឯ៤​បណ្តឹងទៀត កំពុងស្ថិតនៅក្នុងដៃរបស់តុលាការនៅឡើយ។ ពាក្យបណ្តឹងភាគច្រើន គឺប្តឹងដោយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា។ ហើយចុងក្រោយនេះ លោក សម រង្ស៊ី កំពុងរងពាក្យបណ្តឹងថ្មីមួយទៀត មកពី​ក្រុមមេ​ដឹកនាំ​យោធាកម្ពុជា ពីបទញុះញង់កុំឲ្យកងទ័ពស្តាប់បញ្ជាមេដឹកនាំ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព។ ពាក្យបណ្តឹងដែលបានទៅដល់ដៃតុលាការក្រុងភ្នំពេញ កាលពីដើម ខែធ្នូ ឆ្នាំ ២០១៧នេះ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ធ្លាប់បានអះអាងថា លោកមិនខ្វល់ខ្វាយពីពាក្យបណ្តឹងទាំងនោះឡើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ