អានតួអត្ថបទ
កម្ពុជា

សម្តេច​ក្រុមព្រះ​​នៅ​តែ​មាន​​តម្លៃ​​សម្រាប់​​ហ្វ៊ុន​​ស៊ិន​ប៉ិច​

សម្តេច​ក្រុមព្រះ​ នរោត្តម រណ​ឬ​ទ្ធិ​ ប្រធាន​​ក្រុម​ឧ​ត្ត​ម​​ប្រឹក្សាផ្ទាល់​​​ព្រះមហាក្សត្រ​​និង​​ជា​​ប្រធាន​​គណបក្ស​សង្គម​រាស្ត្រ​​រាជាធិបតេយ្យ ​បាន​​យល់ព្រម​​ធ្វើ​ជា​​ប្រធាន​​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច ​តាម​​ការ​យាង​​ពី​​ព្រះអនុជ ​និង​​លោកញឹក ប៊ុនឆៃ​។ ​ការ​សម្រេច​ចិត្ត​​របស់​​សម្តេច​ក្រុមព្រះ​​វិ​ល​​ទៅ​​ស្តារ​​គណបក្ស​រាជានិយម​ ដែល​​ធ្លាប់​មាន​​ប្រជាប្រិយ​​មួយ​​នេះ ​បាន​​ធ្វើ​ឡើង​​បន្ទាប់​ពី​​មាន​ការ​​ពិគ្រោះគ្នា​​រវាង​​​មន្ត្រី​​ជាន់ខ្ពស់​​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច ​ដើម្បី​​ប្រមូល​​សំឡេង​​រាជានិយម​​ឡើង​វិញ​ ត្រៀម​​បោះឆ្នោត​ធំៗ​ចំនួន​ពីរ​ នៅ​​ឆ្នាំ​២០១៧​និង ​២០១៨​ខាង​មុខ​។​

សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ
សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ @RFI
ផ្សាយពាណិជ្ជកម្ម

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យល់ព្រម វិល​មក​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឡើងវិញ បន្ទាប់ពី​មានការ​ប្រេះឆា​គ្នា​រវាង​អ្នករាជានិយម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ។ តាមរយៈ​សារលិខិត​ឆ្លងឆ្លើយ​គ្នា​ចំនួន​ពីរ​ច្បាប់​ចុះ​ថ្ងៃទី០១មករា​ឆ្នាំ២០១៥តែមួយ  សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាស​តប​តាម​សំណើ​របស់​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ថា​ព្រះអង្គ​យល់ព្រម ទៅ​បន្ត​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឡើងវិញ ។

លោក ញឹក ប៊ុនឆៃ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការយាង​សម្តេចក្រុមព្រះ​មក​ធ្វើជា​ប្រធាន​ហ្វ៊ុនស៊ិនប៉ិច វិញ​នោះ​ទីមួយ​គឺ​ចង់​ឲ្យ​មានការ​រួបរួម​អ្នករាជានិយម​ឡើងវិញ ដែល​ការបែកបាក់​កន្លងមក​ជា​បទពិសោធន៍​មួយ​ធ្វើ​ឲ្យ​ចុះខ្សោយ។ ហើយ​ចំណុច​ទី២គឺ​ចៀសវាង ការវាយប្រហារ​គ្នា​រវាង​អ្នករាជានិយម ជាពិសេស​សមាជិក​នៅតាម​មូលដ្ឋាន។

ជាមួយនឹង​ការលើកឡើង​ថា​អ្នករាជានិយម​នៅតាម​មូលដ្ឋាន​មានការ​សប្បាយចិត្ត​នោះ ការរួបរួម​គ្នា​នៅពេលនេះ​គឺជា​ការត្រៀម​លក្ខណៈ​ប្រមែប្រមូល និង​ស្វែងរក​សំឡេងគាំទ្រ​គណបក្សហ្វ៊ុនស៊ិនប៉ិច នៅក្នុង​ឱកាស​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ឆ្នាំ ២០១៧ និង​ការបោះឆ្នោត​សាកល​ឆ្នាំ២០១៨ ខាងមុខ។ នេះ​បើតាម​លោកញឹក ប៊ុនឆៃ។

លោក​ញឹក ប៊ុនឆៃ បន្តថា​សមាជ​ដែល​គ្រោង​ធ្វើ​ដោយ​គណបក្ស​រាស្ត្រ​រាជាធិបតេយ្យ​នៅ​ថ្ងៃទី១៩មករា ខាងមុខ​នឹងត្រូវ​លុប ហើយ​ជំនួស​មកវិញ​ដោយ​សមាជ​ហ្វ៊ុនស៊ិនប៉ិច ដែល​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ទាំងពីរ​កំពុង​បន្ត​ជជែក​គ្នា​រក​ពេលវេលា​សមស្រប​មួយ។

ទាក់ទង​ទៅនឹង​ការ​ត្រឡប់​ទៅ​ដឹកនាំ​គណបក្ស​ហ៊ុនស៊ិនប៉ិច​ជាថ្មី​នេះ លោកផៃ ស៊ី​ផាន
អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្រោម​ការដឹកនាំ​របស់
សម្តេចក្រុមព្រះ បាន​ដើរតួ​សំខាន់​នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ប្រទេស​កម្ពុជា ដោយសារ​ហ្វ៊ុនស៊ិនប៉ិច បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​ក្នុងការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព
នយោបាយ។

លោកស្រី​មួ សុខ​ហួរ តំណាងរាស្ត្រ​និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​វិទ្យុ​RFI
នៅថ្ងៃនេះ​ដែរ​ថា ការ​ត្រឡប់មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​របស់​សម្តេចក្រុមព្រះ គឺ​មិន
មាន​ឥទ្ធិពល​លើ​សំឡេងគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ លោកស្រី​បញ្ជាក់ថា​ប្រជាជននឹង​ដើរ​ទៅមុខ​ជាមួយ​សង្គ្រោះ​ជាតិ ហើយ​ហ្វ៊ុនស៊ិនប៉ិច បាន​ដើរ​ថយក្រោយ​ឆ្ងាយ​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ