អានតួអត្ថបទ
កម្ពជា

លោក ហ៊ុន សែន ប្រាប់​បរទេស​មិន​ឲ្យ​លូក​ដៃ​រឿង​ផ្ទៃ​ក្នុង​ខ្មែរ​និង​ព្រមាន​ប្រើ​វិធាន​ការច្បាប់​លើ​មន្ត្រី​មាន​អភ័យ​ឯក​សិទ្ធិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១​ ឧសភា​នេះ​លើក​ឡើង​ជា​ថ្មី​មិនឲ្យ​បរទេស​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ របស់​កម្ពុជា ដោយ​សុំ​ជំនួស​មក​វិញ​នូវ​ការ​ គោរព​ឯករាជ្យ អធិបតេយ្យភាព និង បូរណភាព​ទឹក​ដី​កម្ពុជា។ ព្រោះ​ថា កម្ពុជា​មិន​ដែល​លូក​ដៃចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​មួយ​ឡើយ ។ បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន ក៏បាន​អះ​អាង​ពី​ភាព​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើ​វិធាន​ការ ​ច្បាប់​នានា​ប្រឆាំង​មន្ត្រីអង្គការ​ក្រៅ​រដ្ឋាភិបាល​និង​មន្ត្រី​អង្គ​ការ ​សហ​ប្រជា​ជាតិ បើ​ទោះ​បី​ជា​មាន​បុគ្គល​ខ្លះ​ជាប់​អភ័យ​ឯក​សិទ្ធិ​ក៏​ដោយ។

រូបថតៈលោក ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅក្នុងខេត្តព្រះសីហនុ
រូបថតៈលោក ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅក្នុងខេត្តព្រះសីហនុ @facebook PM Hun Sen
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ឲ្យ​បរទេស​លូក​ដៃ​ចូល​កិច្ច​ការផ្ទៃ​ក្នុង​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​លោក ធន សារ៉ាយ ប្រធាន​អង្គ​ការ​អាដ​ហុក គ្រោង​សុំអន្ត​រាគមន៍​ពី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ករណី​ដែល​មន្ត្រី​របស់​លោក​ចំនួន​បួន​រូប​ជាប់បណ្ដឹង​នៅ​តុលាការ​ក្រោយ​ការ​សាក​សួរ​របស់​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ពាក់​ព័ន្ធរឿង​រ៉ាវ​របស់​កញ្ញា ខុម ចាន់ ដារ៉ាទី ហៅស្រីមុំ ។ កញ្ញា​ស្រីមុំ ​ត្រូវ​បាន​គេ​ចោទ​ប្រកា​ន់​ថា ជា​នារី​កំណាន់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ពី​ខេត្ត​ព្រះសីហនុ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ នៅ​កំពង់​ផែ​ស្វយ័ត ចំ​ថ្ងៃទិវា​ពលកម្ម​អន្តរ​ជាតិ​១​ឧសភា​នេះ លោក ហ៊ុន សែន  ថា​ការ​អំពាវនាវ​របស់​លោក​ធ្វើឡើង​ដើម្បី​ការ​ពារ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ លោក ហ៊ុន សែន បាន​ហៅ​ទង្វើ​ដែល​រដ្ឋាភិបាល​របស់​លោក​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ប្រឆាំង​នឹង​ពួក​អាណា​ធិប​តេយ្យ។

បន្ថែម​ពី​លើ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការ​ពារ​ថា​ប្រទេស​កម្ពុជាមិន​បាន​ជួប​វិបត្តិ​ដូច​ការ​លើក​ឡើង​នោះ​ទេ។ ក្នុង​ន័យ​នេះ​លោក​បាន​ជំរុញ​ឲ្យ​បរទេសណា​ដែល​ថា​កម្ពុជា​កំពុង​ជួប​វិបត្តិ​ត្រូវ​សម្លឹង​មើល​ខ្លួន​ឯង​សិន ។ ពិសេស​ប្រទេស​នៅតំបន់​អឺរ៉ុប​ដែល​កំពុង​ជួប​ប្រទះ​វិបត្តិ​ជន​ភៀស​ខ្លួន​និង​ការ​វាយ​ប្រហារ​ភេរវ​កម្ម ។

លោក ហ៊ុន សែន បាន​អះ​អាង​ថា លោក​ធ្លាប់​ផ្ដល់​ភាព​អាម៉ាស​ទៅ​ឲ្យ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១២។ ដែល​កាលណោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​លោក អូបាម៉ា ថា កម្ពុជា​គ្មាន​អ្នកទោស​នយោបាយ​ទេ គឺ​មាន​តែ​អ្នក​ទោស​នយោបាយ​ជាប់​ទោស​ព្រហ្ម​ទណ្ឌ។ ក្នុង​ន័យ​នេះ​លោក ហ៊ុន សែន ប្រកាស​ទុក​ជា​មុន​ថា បើ​មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​និងថា កម្ពុជា​មាន​វិបត្តិ​នោះ ពួក​គេ​នឹង​ជួប​ភាព​អាម៉ាស់​ដូច​គ្នា​អញ្ចឹង​ដែរ។

ទន្ទឹម​និង​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​ភាព​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើ​វិធានការ​ច្បាប់​នានា​ប្រឆាំង​ទៅ​លើ​មន្ត្រី​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​និង​មន្ត្រីអង្គការ​សហ​ប្រជា​ជាតិ​មួយ​ចំនួន ទោះ​បី​ជា​ពួក​គេ​មាន​អភ័យ​ឯក​សិទ្ធិ​ក៏​ដោយ។ គឺ​ជាប់ពន្ធនាគារ​ដូច​គ្នា​នឹង​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​និង​អ្នក​ល្មើស​ច្បាប់​ទាំង​ឡាយ។
​​​
គួរ​កត់​សម្គាល់​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ឡើងស្រប​ពេល​ដែល សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កំពុង​បន្ត​នីតិវិធី​លើ​មន្ត្រី​អង្គការ​អាដ​ហុកចំនួន​បួន​រូប​និង​អគ្គលេខាធិការ​រង គ ជ ប មួយ​រូប​គឺ​លោក នី ចរិយា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ