ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/08 12h00 GMT
Cambodia

​លោក សៅ សុខា​​ ចុះ​​បេស​កម្ម​​បង្រ្កាប​​បទ​​ល្មើស​​ព្រៃ​ឈើ ​ដោយ​ផ្ទាល់​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​និង​ក្រចេះ​នៅ​លរសៀល​ថ្ងៃ​ទី​១៨​នេះ​

media  
ការ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ដែល​ក្រុម​យុវជន ​និង​ប្រជា​សហគមន៍​ប្រទះ​ឃើ​ញ​ពេល​ចុះ​ល្បាត​កាល​ពី​ពេល​ថ្មី​ៗ ​ @RFI

នៅ​ក្រោយ​ប្រមាណ​ជា​ពីរ​ម៉ោង​បន្ទាប់​ពី​កិច្ច​ប្រជុំ​រៀប​ចំ​ផែន​ការ​ជា​មួយ​អភិបាល​ខេត្ត​ទាំង៦​នៅ​ជាប់​ព្រំដែន​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៨​មករា លោក សៅ សុខា បាន​ចុះប្រតិបត្តិ​ការ​ដោយ​ផ្ទាល់​នៅ​ម៉ោង​១​និង​៣០​នាទី​សៀល ត្រួត​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​និង​ក្រចេះ។ នេះ​ជា​ប្រតិបត្តិ​ការ​លើក​ទី១​បន្ទាប់​ពី លោក​ទទួល​បានតួនាទី​ជា ប្រធាន​គណៈកម្មាការ​ជាតិ​ស្ដី​ពី​ការ​បង្ក្រាប​និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ។

លោក សៅ សុខា ​ដែល​ប្រធាន​​គណៈកម្មការ​​ជាតិនេះ​​ ​បាន​​បន្តបោះ​​មួយ​​ជំហាន​​ទៅ​​មុខ​ ​​​នៅ​​ក្នុង​បេសកម្ម​​បង្រ្កាប​​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​ តាម​រយៈ​ការប្រើ​ឧត្ថម្ភាគ​ចក្រ​មួយ​គ្រឿង​ចុះ​ប្រតិបត្តិ​ការ​ជា​លក្ខណៈ​អង្កេត​ទ្រង់​ទ្រាយ​ធំ​នៅ​ខេត្តគោល​ដៅ​ពីរ​គឺ ខេត្ត​ក្រចេះ​និង​ត្បូង​ឃ្មុំ ។

ប្រតិបត្តិ​ការ​ចុះ​ទៅ​ខេត្ត​ទាំង​ពីរ​ក្នុង​ចំណោម​ខេត្ត​គោល​ដៅ​ទាំង​៦​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ជម្រុញ​របស់​លោក ហ៊ុន សែន ជា​ពិសេស​ខេត្ត​ត្បូង​ឃ្មុំ​ជាទី​ដែល​លោក នាយក​រដ្ឋ​មន្ត្រីបញ្ជា​ឲ្យ​មាន​ការ​បង្ក្រាប​ជា​បន្ទាន់​ពាក់​ព័ន្ធ​ការ​រត់​ពន្ធ​ឈើ​ទៅ​កាន់​ប្រទេស​វៀត​ណាម​និងបាន​ព្រមាន​ដក​តំណែង​លោក​អភិបាល​ខេត្ត​ត្បួង​ឃ្មុំ​ក្នុង​ករណី​ដែល​ទប់​ស្កាត់​បទ​ល្មើសព្រៃ​ឈើ​មិន​បាន​សម្រេច។
 
ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្ម​ការ​ជាតិ​ស្ដី​ពី​ការ​បង្ក្រាប​និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៨​មករា នា​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹង​ថា រាល់​គំន​ឈើ​ដែល​ប្រមូលនឹង​រឹប​អូស​បាន​កម្លាំង​ជំនាញ​ត្រូវ​រក្សា​ទុក​នៅ​ទី​តាំង​ដដែល។ ការ​រក្សា​ទុក​ធ្វើ​ឡើងបន្ទាប់​ពី​អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​ជា​ច្រើន​កន្លែង​នៅ​ខេត្ត​ភាគ​ឥសាន​កាលពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ជា​ពិសេ​ឃ្លាំង​ស្តុក​ឈើ​ពីរ​កន្លែង​របស់​លោក លឹម បុណ្ណា ដែល​ជាឈ្មួញ​ឈើ​កំពុង​តាម​ប្រមាញ់​ពី​កម្លាំង​សមត្ថកិច្ច។
 
លោក អេង ហ៊ី ឲ្យដឹងទៀតថា តាម​គម្រោង​មិន​ទាន់​ជា​ផ្លូវការ​ លោក​នាយក​រដ្ឋ​មន្ត្រី នៅ​ពេល​ត្រឡប់​មក​ពី​ប្រទេស​សឹង្ហបុរី​វិញ លោក​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ក្នុងខេត្ត​ត្បូង​ឃ្មុំ។ ជា​ដំណើរ​ចុះ​ទៅ​ដើម្បី​ពិនិត្យ​ស្ថានភាព​ព្រៃ​ឈើ​និង​ឃ្លាំង​ស្តុក​ឈើ​ក្នុងខេត្ត​មួយ​នេះ។
 
តាម​រយៈ​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​ជាតិ​ស្ដីពី​ការ​បង្ក្រាប​និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ រដ្ឋាភិបាល​​​បាន​សម្រេច​បន្ថែម​ឧត្ថម្ភាគ​ចក្រ​មួយ​គ្រឿង​ទៀត​លើ​ឧត្ថម្ភាគ​ចក្រ​មាន​ស្រាប់​ចំនួន​​ពីរ​និង​ថវិកា​ត្រៀម​ប្រតិបត្តិការ​ចំនួន​៥០០​លាន​រៀល។
 
សូម​បញ្ជាក់ថា ព្រៃឈើ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ​រង​នូវ​ការ​កាប់​បំផ្លាញ់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ​យ៉ាង​អនាធិបតេយ្យ។ ​ព្រៃឈើ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ច្រើន​ជាង​គេ​បំផុត ​និង​បន្ទាប់​មក​ទៀត ​គឺ​ប្រទេស​វៀតណាម៕​​​​​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ