ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

លោក ស ខេង៖ ទោះ​មាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ឈ្នះ​ការ​បោះ​ឆ្នោត​

media  
លោក ស ខេង @FB

លោក​ឧប​នាយករដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​អះ​អាង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ទោះ​បី​ជា​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក នៅ​តែ​ឈ្នះ​ការ​បោះ​ឆ្នោត​ដ​ដែល​។ ប៉ុន្តែ​លោក អេង ឆៃអ៊ាង អនុ​ប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​ទៅ​កាន់​លោក ស ខេង វិញ ដោយ​ទទួច​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​ដឹង​ការ​ពិត​។ ការ​បោះ​ឆ្នោត​ឡើង​វិញ គឺ​ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​។

គឺ​បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក ស ខេង កាល​ពី​ថ្ងៃ​អាទិត្យ លោក អេង ឆៃអ៊ាង ​មន្ត្រី​​ជាន់​​ខ្ពស់​អតីត​​គណបក្ស​សង្គ្រោះជាតិ បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ទទូច​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​បញ្ជាក់​ថា តើ​គណបក្ស​ណា​ឈ្នះ​។ ការ​បោះ​ឆ្នោត​ឡើង​វិញ គឺ​ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​។ នេះ​បើ​តាម​លោក អេង ឆៃអ៊ាង ដែល​បាន​សរសេរ​នៅ​លើ​គណ​នេយ្យ​ហ្វេស​ប៊ុក​របស់​លោក នៅ​ថ្ងៃ​ចន្ទ ទី ១៧ កញ្ញា ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បាន​ប្រាប់​សមាជិក​របស់​លោក កាល​ពី​ថ្ងៃ​អាទិត្យ កុំ​ឲ្យ​យល់​ច្រឡំ ឬ​ កុំ​គិត​ថា កាល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត គឺ​ដោយ​សារ​តែ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំពោះ​លោក ស ខេង បើ​ទោះ​ជា​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​នៅ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ក៏​ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​នៅ​តែ​ឈ្នះ​ឆ្នោត​ដ​ដែល។​ ​

​ប៉ុន្តែ លោក​បាន​ទទួល​ស្គាល់​ថា គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក នឹង​មិន​អាច​គ្រប់​គ្រង​អាសនៈ​ទាំង​អស់​នៃ​រដ្ឋ​សភាជាតិ​ទាំង​១២៥ នោះ​ទេ​។ ការ​លើក​ឡើង​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ​ស ខេង បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​សកម្មភាព​ការងារ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​អាទិត្យ​ ពី​ទី​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​ព្រៃវែង​។ ប៉ុន្តែ​វីដេអូ​នោះ ត្រូវ​បាន​ដក​ចេញ​វិញ នៅ​ថ្ងៃ​ចន្ទ​នេះ​។

គួរ​ជំរាប​ជូន​ថា គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ស ខេង បាន​ឈ្នះ​អាសនៈ​ទាំង​១២៥​នៃ​រដ្ឋ​សភា​នីតិ​កាល​ទី៦ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៩​ទៀត​ចូល​រួម ប៉ុន្តែ​គ្មាន​ឡើយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ត្រូវ​បាន​តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា​សម្រេច​រំលាយ​ចោល កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន តាម​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​ការ​ច្របាច់​ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សម​រង្ស៊ី កំពុង​តស៊ូ​មតិ​នៅ​ឯ​ក្រៅ​ប្រទេស ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ