ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
កម្ពុជា

លោក ស ខេង៖ ​បើ​គ្មាន​វិធាន​ការ​ទេ ជន​បរទេស​ដែល​កាន់​ឯកសារ​មិន​ប្រក្រតី នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ ដោយ​គ្មាន​ព្រះ​រាជ​ក្រឹត្យ​

media លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ @FB

លោក ស ខេង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ប្រសិន​ណា​ជា​គ្មាន​វិធាន​ការ​អ្វី ដើម្បី​ដោះ​ស្រាយ​បញ្ហា ដែល​ជន​បរទេស​កាន់​កាប់​ឯកសារ​មិន​ប្រក្រតី​ទេ​នោះ ជន​បរទេស​អាច​នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​គ្មាន​ព្រះ​រាជ​ក្រឹត្យ។ ការ​ថ្លែង​របស់​លោក ស ខេង ដូច្នេះ ធ្វើ​ឡើង​ខណៈ​ដែល​លោក​ធ្វើ​ជា​អធិបតី​នៃ កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ការងារ​ដក​ហូត​ឯកសារ​រដ្ឋ​បាល​កម្ពុជា​មិន​ប្រក្រតី​ ដែល​ជន​បរទេស​កាន់​កាប់​ប្រើ​ប្រាស់ នៅ​ក្រសួង​មហាផ្ទៃ​។ 

នៅ​ចំពោះ​មុខ​មន្ត្រី​ស៊ីវិល និង​ប៉ូលីស​ជា​ច្រើន​រូប នៃ​កិច្ច​ប្រជុំ​នេះ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹង​ថា វិធាន​ការ​ក្នុង​ការ​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​ជន​បរទេស ដែល​ប្រើ​ប្រាស់​ឯកសារ​មិន​ប្រក្រតី គឺ​ជា​រឿង​ចាំ​បាច់​មួយ ដែល​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី ដាច់​ខាត​ត្រូវ​តែ​ចូល​រួម​បំពេញ​ជា​ភារកិច្ច​នេះ​។ គឺ​ជា​រឿង​ចាំ​បាច់​ព្រោះ​ដោយ​សារ​តែ​ជន​បរទេស ដែល​កាន់​កាប់​ឯកសារ​មិន​ប្រក្រតី​នោះ អាច​នឹង​ទទួល​បាន​សញ្ជាតិ​ជា​ខ្មែរ ដោយ​គ្មាន​ព្រះរាជ​ក្រឹត្យ ហើយ​បែប​នេះ​វា​ជា​បញ្ហា​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​មួយ​។ នេះ​បើ​តាម​លោក ស ខេង​។

តាម​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​រូប​នេះ ក្រៅ​ពី​ទទួល​បាន​សញ្ជាតិ​ជា​ខ្មែរ​ដោយ​គ្មាន​ព្រះរាជ​ក្រឹត្យ​នោះ ឯកសារ​មិន​ប្រក្រតី​ក៏​អាច​នឹង​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​ដោះ​ដូរ​ប្រកប​របរ​អាជីវកម្ម​ជា​កម្ម​សិទ្ធ ដែល​នេះ គឺ​ក៏​អាច​ជា​កំហុស​មួយ​ផ្នែក​ទៀត​ដែល​ទាក់​ទង​ទៅ​នឹង​ការងារ​របស់​មន្ត្រី​ផង​ដែរ​។

ជា​មួយ​គ្នា​នេះ នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ក៏​បាន​លើក​បង្ហាញ​ពី​របាយការណ៍​នៃ​ជំហាន​ទី២​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ទូទាំង​ប្រទេស ដែល​មាន​រយៈ​ពេល​២ឆ្នាំ​កន្លះ គិត​ចាប់​ពី​ឆ្នាំ​២០១៧ រហូត​ដល់​ចុង​ខែ​មិថុនា ឆ្នាំ​២០១៩​ផង​ដែរ​។ តាម​អគ្គ​នាយក​អន្តោ​ប្រវេសន៍ តួរ​លេខ​ជន​បរទេស​បែប​អន្តោ​ប្រវេសន៍​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា ចំនួន​ប្រមាណ​ជាង​១៨​ម៉ឺន​នាក់​។ ហើយ​ក្នុង​ចំណោម ជាង​១៨ម៉ឺន​នាក់​នោះ ត្រូវ​បាន​បែង​ចែក​ជា​២ផ្នែក គឺ​អ្នក​កាន់​កាប់​ឯកសារ​មិន​ប្រក្រតី​មាន ប្រមាណជា ៧៣ ៣៩៧​នាក់ និង​អ្នក​ស្នាក់​នៅ​យូរ​គ្មាន​ឯកសារ​មាន​ប្រមាណ​ជា ១០៩ ២៧៦​នាក់​។

ដោយ​ឡែក ឯកសារ​មិន​ប្រក្រតី ដែល​ត្រូវ​ដក​ហូត​គឺ​មាន​ប្រមាណ​ជា ៣៩៤១៨​ច្បាប់។ តែ​ឯកសារ​ដែល​សមត្ថកិច្ច​និង​មន្ត្រី​ដក​ហូត​មក​បាន គឺ​មាន ៣៧ ៤៤១​ច្បាប់ ស្មើ​នឹង ៩៤,៩៨​%។

ទោះ​យ៉ាង​ណា លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ដាក់​ចេញ​វិធាន​ការ​នេះ ពេល​ខ្លះ​មិន​មែន​មា​ន​តែ​ប្រជាជន​ទេ ដែល​មិន​យល់ ឬ មិន​គាំទ្រ ប៉ុន្តែ​សូម្បី​តែ​មន្ត្រី​នគរ​បាល​មួយ​ចំនួន​ក៏​មិន​គាំទ្រ ហើយ​មិន​អនុវត្ត​តាម​ភារ​កិច្ច​ដែរ​។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ទោះ​វិធាន​ការ​នេះ​បាន​ដាក់​មក ហើយ​ធ្វើ​បាន​មួយ​សារ​នេះ​មែន តែ​បើ​មិន​មាន​ការ​គ្រប់​គ្រង​ឲ្យ​បាន​ហ្មត់​ចត់​ទេ​នោះ ក៏​មិន​បាន​ដែរ ហេតុ​នេះ​វា​ត្រូវ​ការ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​សមត្ថកិច្ច​ដូច​គ្នា​៕

អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ