អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ស ខេង៖ ​ការ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទទួល​លោក សម រង្ស៊ី ចូល​ស្រុក គឺ​ជា​ទង្វើ​ខុស​ច្បាប់​

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃទី ២៩ សីហា​នេះ បាន​គូស​បញ្ជាក់​ជាថ្មី​ថា ការ​ប្រមូល​ផ្តុំ​ណា​មួយ​ដែល​ធ្វើ​ឡើង​ក្រោម​ស្លាក​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ រួច​ហើយ គឺ​ជា​ទង្វើ​ខុស​ច្បាប់​។ ហើយ​វា​កាន់​តែ​រំលោភ​លើ​ច្បាប់​ទៅ​ទៀត ប្រសិន​បើ​ការ​ប្រមូល​ផ្តុំ​នោះ ឈាន​ទៅ​ប្រឆាំង ឬ ផ្តួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​។ ការ​គូស​បញ្ជាក់​របស់​លោក ស ខេង គឺ​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​អះអាង​ថា លោក​នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ ដោយ​មាន​អ្នក​គាំទ្រ​ជាង​២លាន​នាក់​។ 

លោកឧបនាយករដ្ឋមន្ត្រី ស ខេង
លោកឧបនាយករដ្ឋមន្ត្រី ស ខេង @FB
ផ្សាយពាណិជ្ជកម្ម

បើ​តាម​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង បាន​ពន្យល់​ថា ប្រសិន​បើ​ការ​ប្រមូល​ផ្តុំ ឬ​ការ​ជួប​ជុំ​គ្នា​ណា​មួយ ដែល​ធ្វើ​ឡើង​ក្រោម​ស្លាក​គណ​បក្ស​នយោបាយ​ស្រប​ច្បាប់ នោះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ និង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ដើម្បី​ត្រៀម​សម្រាប់​ការ​បោះ​ឆ្នោត​។ ក៏​ប៉ុន្តែ ប្រសិន​បើ​ការ​ប្រមូល​ផ្តុំ​គ្នា​ណា​មួយ ដែល​ធ្វើ​ឡើង​ក្រោម​ស្លាក​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលា​ការ​កំពូល នោះ​គឺ​ជា​ការ​ប្រជុំ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់ និង​មិន​ស្រប​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ឡើយ​។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត ក្រោយ​ពី​បិទ​បញ្ចប់​វេទិកា ស្តី​ពី ភាព​ជា​ដៃ​គូ​រវាង​រដ្ឋា​ភិបាល និង​អង្គ​ការ​សង្គម​ស៊ីវិល (លើក​ទី៣) នា​ព្រឹក​ថ្ងៃទី ២៩ សីហា លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង បាន​បន្ថែម​ថា ការ​ប្រមូល​ផ្តុំ​មហា​ជន ឬ​ប្រជា​ជន ដើម្បី​ទៅ​ប្រឆាំង ឬ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត ក៏​ខុស​ច្បាប់​ដែរ​។ បើ​តាម​លោក ស ខេង ច្បាស់​ណាស់​ថា រដ្ឋា​ភិបាល​នឹង​មិន​បណ្តោយ​ឲ្យ​មាន​អស្ថេរ​ភាព​ណា​មួយ​កើត​ឡើង​នោះ​ឡើយ​។ លោក​បាន​ចោទ​ជា​សំណួរ​ថា យើង​និង​ប្រជា​ជន​នឹង​អន្តរាយន៍​ធំ បើ​យើង​មិន​ដោះ​ស្រាយ ហើយ​ទុក​ឲ្យ​ប្រទេស​ក្រឡាប់​ចាក់​នោះ​។ យ៉ាង​ណា​ក៏​ដោយ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី បាន​អំពាវ​នាវ​ដល់​ប្រជាជន​កម្ពុជា សូម​កុំ​ឲ្យ​ធ្វើ​សកម្ម​ភាព​ណា​មួយ ក្នុង​បំណង​ផ្តួល​រំលំ​រដ្ឋា​ភិបាល និង​កម្លាំង​អាជ្ញាធរ​នោះ​ឡើយ ព្រោះ​វា​មិន​មែន​ជា​សិទ្ធិ​ស្រប​តាម​ច្បាប់​ជា​ធរមាន​នោះ​ទេ​។

ការ​គូស​បញ្ជាក់​របស់​លោក ស ខេង នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាង​ថា លោក​នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ ដោយ​អម​ជាមួយ​អ្នក​គាំទ្រ​ជាង​២លាន​នាក់​។ បើ​គិត​ត្រឹម​ថ្ងៃទី ២៨ សីហា មន្ត្រី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាង​ថា ពួក​គេ​កំពុង​រៀប​ចំ​ផែន​ការ​ដើម្បី​ការពារ​លោក សម រង្ស៊ី តាម​រយៈ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ចាប់​តាំង​ពី​ថ្នាក់​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូត​ដល់​ឃុំ​-សង្កាត់។ ជាមួយ​គ្នា​នេះ មន្ត្រី​ជាន់​ខ្ពស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មួរ សុខហួរ ក៏​កំពុង​ធ្វើ​យុទ្ធនា​ការ​រាប់​ថយ​ក្រោយ ស្តីពី ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នេះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ហើយ​ថា កង​កម្លាំង​និង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នឹង​អនុវត្ត​ច្បាប់​ភ្លាម ប្រសិន​បើ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ