អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លោក​ស ខេង​ប្រាប់​អភិបាល​រាជធានី-ខេត្ត​ឲ្យ​ខំ​ដោះស្រាយ​បញ្ហា​ដីធ្លី ដើម្បី​រក្សា​បាន​សន្តិសុខ​មុន​ការ​បោះ​ឆ្នោត

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​លោក​ស ខេង បាន​ប្រាប់​ដល់​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់​ឲ្យ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​សម្រុះ​សម្រួល និង​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​ជូន​ពលរដ្ឋ​នៅ​តាម​រាជធានី-ខេត្ត​នីមួយៗ។ នេះ​បើ​តាម​លិខិត​របស់​លោក​ស ខេង ​​ទៅ​កាន់​អភិបាល​រាជធានី-ខេត្ត​កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា​ម្សិល​មិញ។ ការ​ជំរុញ​ឲ្យ​ខំ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នេះ បើ​តាម​លោក​ស ខេង គឺ​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​មុន​ការ​បោះ​ឆ្នោត។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​លោក​ស ខេង
រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​លោក​ស ខេង @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​លោក​ស ខេង បាន​ដាក់​ចេញ​នូវ​ការ​ណែនាំ​មួយ​ចំនួន​ដល់​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់​ក្នុង​ការ​សម្រុះ​សម្រួល និង​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​នានា​ដល់​ប្រជាពលរដ្ឋ​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន។ ការ​ណែ​នាំ​ទាំង​នេះ រួម​មាន​ដូច​ជា ត្រូវ​ប្រើ​ប្រាស់​យន្តការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ដែល​មាន​ស្រាប់​នៅ​ថ្នាក់​រាជធានី-ខេត្ត​ឲ្យ​បន្ត​ខិត​ខំ​ជំរុញ​ការ​សម្រុះ​សម្រួល និង​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព សុចរិត​ភាព និង​យុត្តិធម៌ ដោយ​ត្រូវ​ចុះ​ទៅ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ។ លោក​រដ្ឋមន្រ្តី​ស ខេង ​ក៏​បាន​ប្រាប់​ឲ្យ​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់ ត្រូវ​បង្កើន​ការ​តាម​ដាន និង​គ្រប់​គ្រង​សភាពការណ៍​វិវត្ត​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​តាម​ខេត្ត​នីមួយៗ​ឲ្យ​បាន​ហ្មត់​ចត់ ដើម្បី​ចូល​រួម​បង្ការ និង​ ទប់​ស្កាត់​កុំ​មាន​និន្នាការ​ឡើង​មក​ប្រមូល​ផ្តុំ​តវ៉ា​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ។

ជាមួយ​គ្នា​នេះ លោក​ស ខេង ក៏​បាន​ប្រាប់​ឲ្យ​អភិបាល​រាជធានី-ខេត្ត​ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ និង​កង​កម្លាំង​ឲ្យ​រក្សា​បាន​នូវ​ភាព​អត់ធ្មត់​នៅ​ក្នុង​ការ​បំពេញ​ការងារ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី ឬ​ការ​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ ដើម្បី​បញ្ចៀស​នូវ​អំពើ​ហិង្សា​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​នៅ​ខេត្ត​ហើយ​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​តាម​ដាន និង​ចាត់​ចែង​កង​កម្លាំង​ឲ្យ​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពួក​គាត់។ បន្ថែម​លើ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវ​ទាក់​ទង​ទៅ​រដ្ឋបាល​ខេត្ត​ដែល​ពលរដ្ឋ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​នេះ ឲ្យ​មក​ដោះ​ស្រាយ និង​សម្រុះ​សម្រួល​នាំ​ពលរដ្ឋ​ទៅ​ដោះ​ស្រាយ​នៅ​ក្នុង​ខេត្ត​វិញ។ នេះ​បើ​តាម​លោក​ស ខេង។

ជា​ការ​កត់​សម្គាល់ ការ​ណែនាំ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​តាម​ខេត្ត​នានា​នៅ​តែ​បន្ត​នាំ​គ្នា​មក​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​រាជធានី​ភ្នំពេញ និង​វា​ក៏​ធ្វើ​ឡើង​នៅ​ជិត​ការ​បោះ​ឆ្នោត​មក​ដល់​ផង​ដែរ។ សម្រាប់​លោក​ស ខេង ការ​ជំរុញ​ទៅ​កាន់​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​រាជធានី​នេះ គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ចាប់​ពេល​នេះ​រហូត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាង​មុខ។ ជាមួយ​គ្នា​នេះ លោក​ស ខេង​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​អស់​ត្រូវ​បន្ត​ខិត​ខំ​ពង្រឹង​ការ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​តាម​មូលដ្ឋាន​នានា​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ