អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក ស ខេង បញ្ជា​ឱ្យ​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ការ​បើក​បរ​មាន​ជាតិ​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

នៅ​ព្រឹក​នេះ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ស ខេង បាន​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ​២០១៩ នៅ​ក្រសួង​មហា​ផ្ទៃ​។ នៅ​ត្រី​មាស​ទី១ ឆ្នាំ​នេះ អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​កើន​ឡើង​ជាង​មុន ដែល​ធ្វើ​ឱ្យ​លោក​ស ខេង សម្តែង​នូវ​ការ​សោក​ស្តាយ។ យ៉ាង​ណា​ក៏​ដោយ លោក ស ខេង បាន​បញ្ជា​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ឱ្យ​បាន​គ្រប់​ទីកន្លែង​ដើម្បី​ត្រួត​ពិនិត្យ​ការ​បើក​បរ​មាន​ជាតិ​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ​នេះ​។ 

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ស ខេង
លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ស ខេង @FB/Sar Kheng
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ និង ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោកស ខេង បាន​បញ្ជា​ឱ្យ​នគរបាល និង​កង​រាជ​អាវុធហត្ថ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មើល​ការ​បើក​បរ​របស់​ប្រជាពល​រដ្ឋ​ឱ្យ​បាន​គ្រប់​ទីកន្លែង​នៅ​ទូទាំង​រាជធានី​ខេត្ត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​។ ការ​ដាក់​ប៉ុស្តិ៍​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ និង​ការ​បើក​បរ​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង​។ តាម​លោក ស ខេង ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ មិន​មែន​ជា​ការ​គម្រាម​កំហែង ឫ​រំខាន​ដល់​ប្រជាពល​រដ្ឋ​នោះ​ទេ តែ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ​តែ​ប៉ុណ្ណោះ​។

ជាមួយ​នឹង​ការ​ដាក់​បញ្ជា​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​នេះ លោក​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា ក៏​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ទាំង​អស់​ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​វិជ្ជាជីវៈ ពោល គឺ​មិន​ត្រូវ​ឆក់​ឱកាស​ទារ​លុយ​កាក់​ពី​ប្រជា​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឡើយ​។ សម្រាប់​លោក ស ខេង ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ​មិន​ត្រូវ​ឱ្យ​ក្លាយ​ទៅ​ជា​ការ ដាក់​កាំកុង​ត្រូល​យក​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ​។

សូម​បញ្ជាក់​ថា មុន​ចូល​ឆ្នាំ​ថ្មី​មក​ដល់ អត្រា​គ្រោះ​ថ្នាក់​ចរាចណ៍​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។ ជាក់​ស្តែង នៅ​ត្រីមាស​ទី១ក្នុង​ឆាំ្ន​២០១៩​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន​១.០៧៦​លើក កើន​ឡើង​២៥៧​លើក ឫ ៣១%បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ គ្រោះ​ថ្នាក់​នេះ​បណ្តាល​មាន​អ្នក​ស្លាប់​៥១៣​នាក់​កើន​ឡើង​៣៣​នាក់​ឫ៧% ខណៈ​អ្នក​រង​របួស​មាន​១.៥៩២​នាក់ កើន​៣៥៨​នាក់​ឫ​២៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។

នៅ​ចំពោះ​មុខ​ការ​កើន​ឡើង​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ លោកស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ត្រី​មាស​ទី១ ឆ្នាំ​២០១៩ បាន​ប្រកាស​ពី​វិធាន​ការ​ក្តៅ​មួយ​ចំនួន មាន​ជា​អាទិ៍ លោក​ប្រកាស​ទុក​ពេល​៣ខែ ដើម្បី​ឱ្យ​អ្នក​រត់​រ៉ឺម៉ក់​កង់​បី​មក​រៀន​បើក​បរ និង​ច្បាប់​ចរាចរណ៍​មុន​នឹង​ចាប់​ផាក​ពិន័យ​តាម​ច្បាប់​។ ជាមួយ​គ្នា​នេះ លោក​ក៏​គ្រោង​បង្កើត​ក្រុម​ការងារ​ចុះទៅ​កាន់​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ និង​នៅ​តាម​កំពង់ផែ ដើម្បី​ត្រួត​ពិនិត្យ​លើ​បណ្ណ​បើកបរ និង លិខិត​ឈៀក​រថយន្ត​ធំៗ​។ ត្រង់​ចំណុច​នេះ លោក ស ខេង បាន​ប្រកាស​ឯកភាព តែ​លោក​ក៏​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រូវ​ត្រួត​ពិនិត្យ​ពី​បញ្ហា​ប្រើ​ប្រាស់​សារធាតុញៀន​របស់​អ្នក​បើក​បរ​ជាមួយ​គ្នា​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ