អានតួអត្ថបទ
កម្ពុជា

អ្វីខ្លះ​​ជា​សមិទ្ធផល​​ការងារ​​របស់​​ក្រសួង​បរិស្ថាន​​ក្នុង​​អាណត្តិ​​លោក​​សាយ សំ​អាល់?​

នៅ​ព្រឹក​នេះ ក្រសួងបរិស្ថាន​បានរៀបចំ​វេទិការ​ស្ដីពី«ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ» ក្រោម​វត្តមាន​លោក​រដ្ឋមន្ត្រី​សាយ សំ​អាល់។ មែនទែនទៅ នេះ​មិនមែនជា​លើក​ទី១ទេ ហើយក៏​មិនមែនជា​លើកចុងក្រោយ​ដែរ ដែល​ក្រសួងបរិស្ថាន​រៀបចំ​កម្មវិធីផ្សេងៗបង្ហាញ​ពី​ការខិតខំ​ធ្វើការ​របស់​ខ្លួន។ កម្មវិធី​ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​មាន​ជា​ហូរហែ​មិន​ដាច់​នេះ ធ្វើ​ឲ្យ​សាធារណមតិ​កើត​ចំងល់​ឆ្ងល់​ថា តើ​ក្រសួងបរិស្ថាន​ក្រោម​ការដឹកនាំ​របស់លោក​សាយ សំ​អាល់ បង្កើតបាន​សមិទ្ធផល​អ្វីខ្លះ​សម្រាប់​ជាតិ?

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សហការី
ផ្សាយពាណិជ្ជកម្ម

និយាយ​ពី​សមិទ្ធផល​ការងារ​របស់លោក​សាយ សំ​អាល់​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គេ​អាច​ចែកជា​ពីរ​ផ្នែកធំៗ គឺ​ទីមួយ​ការងារ​កែទម្រង់​នៅក្នុង​ក្រសួង និង​ទី​ពីរ​កិច្ចការ​ការពារ​ផ្នែក​បរិស្ថាន។ សម្រាប់​ចំណុច​ទីមួយ លោក​រដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ​ក្នុង​អាណត្តិ​ទី៥នេះ បានធ្វើ​ទំនើបកម្ម​នៅក្នុង​ក្រសួង កែទម្រង់​កា​ដឹកនាំ និង​ការគ្រប់គ្រង រៀបចំ​ដំឡើង​ប្រាក់ខែ​ដល់​ឧ​ទ្យា​នុ​រក្ស ក៏ដូចជា​បាន​សាងសង់​អាគារ​ទីស្តីការក្រសួង​ថ្មី​ជាដើម។ ចំណែក​កិច្ចការ​ការពារ​បរិស្ថាន​វិញ លោក​សាយ សំ​អាល់ បានធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​លើ​គម្រោង​អភិវឌ្ឍ​ដី​សម្បទាន​សេដ​កិច្ច​ណា​ដែល​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​ដែលមាន​ការកាប់បំផ្លាញ​ព្រៃឈើ។ ជា​លទ្ធផល មកដល់ពេលនេះ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន២៧ ក្រុមហ៊ុន បាន​ត្រូវ​ក្រសួងបរិស្ថាន​និរាករណ៍​អាជ្ញា​បណ្ណ និង​ដកហូត​ដី​មកវិញ។

លោក​សាយ សំ​អាល់ ក៏​ជា​អ្នកស្នើសុំ​ឲ្យ​មានការ​បែងចែក​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ច្បាស់លាស់​ជាមួយ​ក្រសួងកសិកម្ម​ផងដែរ។ អនុលោម​តាម​នេះ ក្រ​សូង​បរិស្ថាន​បាន​ផ្ទេរ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន៧៣កន្លែង និង​តំបន់​អភិរក្ស​ព្រៃឈើ១៨កន្លែង​ទៅកាន់​ក្រសួងកសិកម្ម។ គិត​មក​ពេលនេះ ក្រសួងបរិស្ថាន​កំពុង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ចំនួន៤៥កន្លែង​ស្មើ​ជិត៦លាន​ហិកតា និង​របៀង​អភិរក្ស​ជីវៈចម្រុះ១,៤លាន​ហិកតា​ទៀត។

មាន​វ័យ៣៧ឆ្នាំ លោក​សាយ សំ​អាល់ គឺជា​កូនប្រុស​របស់លោក​សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​ខ្មែរ។ មុន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅក្នុង​ឆ្នាំ២០១៣ លោក​សាយ សំ​អាល់ បានបញ្ចប់​បណ្ឌិត​ផ្នែក​ជីវវិទ្យា​នៅក្នុង​ប្រទេស​អូស្ត្រាលី។ បច្ចុប្បន្ន លោក​គឺជា​រដ្ឋមន្ត្រី​ដែល​លេចធ្លោ​និង​វ័យក្មេង​ជាងគេ​នៅក្នុង​ចំណោម​រដ្ឋមន្ត្រី​ទាំងអស់​របស់​រដ្ឋាភិបាល​ក្នុង​អាណត្តិ​នេះ។ លោក​ក៏​ជា​រដ្ឋមន្ត្រី​ទី១ដែល​ទទួលបាន​ការកោតសរសើ​រ​ដោយ​ផ្ទាល់មាត់​ជា​សាធារណៈ​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផងដែរ។

លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី១នៃ​រដ្ឋសភា​បាន​វាយតម្លៃថា នៅក្នុង​កិច្ចការពារ​ផ្នែក​បរិស្ថាន លោក​សាយ សំ​អាល់​បាន​ដាក់ចេញ​នយោបាយ​បានល្អ ប៉ុន្តែ​សម្រាប់​ការអនុវត្ត​វិញ​នោះ គឺ​មិនទាន់មាន​អ្វី​ជា​ដុំកំភួន​នៅឡើយ​ទេ។ នេះ ក៏​ព្រោះតែ​លោក​អេង ឆៃអ៊ាង នៅតែ​មើលឃើញ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ ការបំពុល​បរិស្ថាន​នៅតែ​កើតមាន ហើយ​កិច្ចខិតខំ​ការពារ​ធនធានធម្មជាតិ​ក៏​នៅមាន​ការយកចិត្ត​ទុក​តិចតួច​ដែរ។

ដូចគ្នា​នឹង​លោក​អេង ឆៃអ៊ាង​ដែរ លោក​មាស នី អ្នកសិក្សា​ស្រាវជ្រាវ ដើម្បី​ការអភិវឌ្ឍ​សង្គម​ក៏​យល់ថា ការអនុវត្ត​ការការពារ​បិ​រ​ស្ថាន​របស់​ក្រសួងបរិស្ថាន​មាន​ប្រសិទ្ធភាព​តិចតួច ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតែមាន។ ដូច្នេះហើយ លោក​ចង់ឃើញ​ក្រសួងបរិស្ថាន​មាន​វិធានការ​ក្តៅ​ជាង​រាល់ដង និង​មាន​យន្តការ​បន្ថែមទៀត។ យ៉ាងណាក៏ដោយ ទាំង​លោក​អេង ឆៃអ៊ាង និង​ទាំង​លោក​មាស នី សុទ្ធតែ​ទទួលស្គាល់ថា ក្រសួងបរិស្ថាន​របស់​លោក​សាយ សំ​អាល់ ជា​ក្រសួង​មួយ​ដែល​សកម្ម​និង​លេចធ្លោ​ជាង​ក្រសួង​មួយចំនួនទៀត​សម្រាប់​អាណត្តិ​ទី៥នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ