អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្ដ្រី​២​រូប​ទៅ​លើក​ទឹក​ចិត្ត​អត្តពលិក​ខ្មែរ​នៅម៉ាឡេស៊ី មុន​ពេល​បើក​កម្មវិធី​ស៊ីហ្គេម​នៅ​យប់​នេះ

ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេម លើក​ទី​១៩ នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នឹង​បើក​កម្មវិធី​ជា​ផ្លូវ​ការ​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​ហើយ​។ ប៉ុន្មាន​ម៉ោង​មុនពេល​បើក​កម្មវិធី​ជា​ផ្លូវ​ការ ពោល​គឺ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​តែ​ម្ដង រដ្ឋ​មន្ដ្រី​ខ្មែរ​ពីរ​រូប បាន​ជួប​សំណេះសំណាល​ជាមួយ​អត្តពលិក​ខ្មែរ ដែល​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​​។

លោក ថោង ខុន និង​លោក ហង់ ជួនណារ៉ុន ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡាករ-កីឡាការិនី​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី ថ្ងៃ​ទី​១៩ សីហា ២០១៧
លោក ថោង ខុន និង​លោក ហង់ ជួនណារ៉ុន ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡាករ-កីឡាការិនី​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី ថ្ងៃ​ទី​១៩ សីហា ២០១៧ NOCC
ផ្សាយពាណិជ្ជកម្ម

​ក្នុង​ជំនួបជាមួយ​អត្តពលិក​ខ្មែរ​នៅ​ទីក្រុង​គូឡាឡាំពួរ លោក​រដ្ឋ​មន្ដ្រី​ ថោង ខុន និង​លោក​រដ្ឋ​មន្ដ្រី ហង់ ជួនណារ៉ុន បាន​លើក​ទឹក​ចិត្ត​ឲ្យ​អត្តពលិក​ខ្មែរ​ខិត​ខំ​ប្រឹង​ប្រែង​ប្រកួត ដណ្ដើម​យក​មេដាយ​ឲ្យ​បាន​ច្រើន​ដើម្បី​ជូន​ប្រជាជាតិ​​​។

លោក​ថោង ខុន រដ្ឋ​មន្ដ្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជឿ​ជាក់​ថា ការ​រស់​នៅ​និង​ការ​ហូប​ចុក​របស់​អត្តពលិក​ខ្មែរ​​នៅ​ប្រទេស​ម៉ាឡេស៊ី​អាច​ជួប​ការ​លំបាក​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​រដ្ឋ​មន្ដ្រី អំពាវនាវ​ឲ្យ​កីឡាករ កីឡាការិនី​ខ្មែរ អត់​ធ្មត់ ហើយ​បើ​ទោះ​បី​ជា​ទាស់​ចិត្ត​ចំពោះ​ការ​រៀប​ចំ​របស់​ម្ចាស់​ផ្ទះ​យ៉ាង​ណា សូម​រក្សា​ទំនាក់​ទំនង​ល្អ ហើយ​ពិសេស​គឺ​កុំ​ឲ្យ​បង្ហោះ​តាម​ហ្វេសប៊ុកឲ្យ​សោះ​​។

ត្រង់​ការ​លំបាក​​​​នេះដែរ​ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា បានស្នើ​ទៅ​​​គណៈប្រតិភូ​ជា​ថ្នាក់​ដឹក​នាំ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កីឡាករ កីឡាការិនី​ តាម​រយៈ​ការ​ចុះ​សួរ​សុខ​ទុក្ខ និង​ត្រូវ​តាម​ដាន​​​ការ​ហូប​ចុក​ជា​ពិសេស​។ ប្រសិន​បើ​ពិបាក​ហូប​ចុក ឬ​របប​អាហារ​មិន​គ្រប់​គ្រាន់ លោក​រដ្ឋ​មន្ដ្រី​ណែនាំ​ឲ្យ​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​ ដើម្បី​ស្វែង​រក​ការ​ឧបត្ថម្ភ​បន្ថែម​។

សម្រាប់​លោក ហង់ ជួនណារ៉ុន, លោក​បាន​ចាត់​ទុកការ​ប្រកួត​​ស៊ីហ្គេម​ឆ្នាំ​នេះ ថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា ដែល​នឹង​ឈាន​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​។ ក្នុង​ន័យ​នេះ លោក​បាន​សង្កត់​ធ្ងន់​ឲ្យគណៈ​ប្រតិភូ​ដែល​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ​ទាំង​អស់ រៀនសូត្រ​ពី​បទ​ពិសោធន៍​របស់​ម៉ាឡេស៊ី​​ជា​ម្ចាស់​ផ្ទះ ពិសេស​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ទាំង​រឹង​និង​ទន់ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៣​​ខាង​មុខ​។

គួរ​ជម្រាប​ជូន​ថា ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ត្រូវ​បាន​រៀបចំ​ធ្វើ​រយៈ​ពេល២​ឆ្នាំ​ម្ដង​។ នៅ​ឆ្នាំ​២០១៧​នេះ ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩ ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០​សីហា​។ សម្រាប់​ព្រឹត្តិការណ៍​នេះ កម្ពុជា​បាន​បញ្ជូន​គណៈប្រតិភូ​ទៅ​ចូល​រួម​សរុប​ចំនួន​២៧៥​នាក់ ក្នុង​នោះ​មាន​អត្តពលិក​១៧០​នាក់​។ ក្នុង​ចំណោម​វិញ្ញាសារ​កីឡា​ចំនួន​៣៨​ប្រភេទ​ដែល​ម្ចាស់​ផ្ទះ​កំណត់ កម្ពុជា​ចូល​រួម​ប្រកួត​តែ​២៤​ប្រភេទ​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ កីឡា​ដែល​កម្ពុជា​សង្ឃឹម​ច្បាស់​ថា នឹង​ទទួល​បាន​មេដាយ មាន​ចំនួន​៦​គឺ៖ ប៉េតង់ តៃក្វាន់ដូ ប្រដាល់​សកល ប្រដាល់​គុន​ខ្មែរ វូស៊ូ និង​សីប៉ាក់តាក់ក្រ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា សី​ឈិនឡូន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ