ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
កម្ពុជា

​កម្ពុជា​ថ្លែង​ការ​ពារ​សិទ្ធិ​អធិប​តេយ្យ​របស់​ខ្លួន ​ខណៈ​មាន​ការ​អំពាវ​នាវ​ពី​អា​មេ​រិក ឲ្យ​ដោះ​លែង​ លោក កឹម សុខា​

media  
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ @facebook

ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​យប់​ថ្ងៃទី១០ ខែកញ្ញា បាន​ឆ្លើយ​តប​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ដោយ​បញ្ជាក់​ថា រដ្ឋា​ភិបាល​កម្ពុជា​មាន​សិទ្ធិ​អធិប​តេយ្យ​ពេញ​លេញ ក្នុង​ការ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចាំ​បាច់ ចំពោះ​បុគ្គល​និង​អង្គ​ភាព​ទាំង​ឡាយ​ណា ដែល​រំលោភ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​ជា​ធរ​មាន​ផ្សេង​ទៀត សំដៅ​ការពារ​សន្តិ​សុខ​ជាតិ និង​នីតិ​រដ្ឋ​របស់​ខ្លួន​។ ការ​ថ្លែង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ដូច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកស្រី Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក បាន​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ទាំង​អស់​លើ​លោក កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​។ 

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា​ខ្លួន​ត្រូវ​តែ​បង្ខំ​ចិត្ត​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បទេស​អាមេរិក ដោយ​ហេតុ​ផល ដូច​ជា​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែល​អនុវត្ត​ប្រព័ន្ធ​ច្បាប់​ស៊ីវិល (civil law) ដែរ នីតិ​វិធី​តុលា​ការ​កម្ពុជា​មិន​មាន​ចែង​អំពី​ថេរៈ​វេលា​អតិ​បរិមា សម្រាប់​រឿង​ក្តី ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​តាម​ផ្លូវ​តុលា​ការ​នោះ​ទេ​។ ជាក់​ស្តែង​ចាប់​តាំង​ពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០១៨​មក ដោយ​ផ្អែក​លើ​ហេតុ​ផល​មនុស្ស​ធម៌ លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ឲ្យ​មក​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលា​ការ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ក៏​បាន​រម្លឹក​ទៀត​ថា ការ​បរាជ័យ​ក្នុង​ការ​ប៉ុន​ប៉ង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប តាម​រយៈ​មធ្យោ​បាយ​មិន​មែន​ប្រជា​ធិប​តេយ្យ មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន និង​លទ្ធិ​ប្រជា​ធិប​តេយ្យ នោះ​ទេ​។

ក្រសួង​ការ​ទេស​កម្ពុជា បាន​ទាម​ទារ​ឱ្យ​អ្នក​នយោ​បាយ និង​រដ្ឋ​ការ​បរទេស​ទាំង​អស់​គោរព​អធិប​តេយ្យ​ភាព​កម្ពុជា និង​ចៀស​វាង​ពី​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ដោយ​យក​លេស​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​។

គួរ​រម្លឹក​ថា អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក អ្នក​ស្រី Morgan Ortagus កាល​ពី​ថ្ងៃ​ទី១០​កញ្ញា​ដដែល តាម​រយៈ​វីដេអូ​ខ្លី​ប្រមាណ​ជាង​១នាទី​នោះ បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​ឱ្យ​ដោះ​លែង លោក កឹម សុខា ដោយ​ប្រគល់​ឡើង​វិញ​នូវ​សិទ្ធ​នយោ​បាយ និង សិទ្ធ​ជា​ពល​រដ្ឋ​ជូន​រូប​លោក។ បន្ថែម​លើ​នេះ​ក៏​ត្រូវ​បន្ត​ដោះ​លែង​អ្នក​ពាក់​ព័ន្ធ​ទាំង​ឡាយ​ណា ដែល​រដ្ឋា​ភិបាល​កម្ពុជា​ឃុំ​ខ្លួន​ពួក​គេ​តាម​អំពើ​ចិត្ត​។

ក្រសួង​ការ​បរទេស​អាមេរិក​អះ​អាង​ថា រដ្ឋា​ភិបាល​កម្ពុជា​ឃុំ​ខ្លួន លោក កឹម សុខា​ដោយ​មិន​មាន​ការ​កាត់​ទោស និង មិន​ទាន់​មាន​ភ័ស្តុ​តាង​ណា​មួយ​ដែល​អាច​ជឿ​ជាក់​បាន​នោះ​ទេ នៅ​ក្នុង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ឈាន​ដក​ហូត​ដំណែង​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណ​បក្ស​នេះ​ចំនួន​ជាង​៥០០០​នាក់​នៅ​ទូទាំង​ប្រទេស​។ ទង្វើ​របៀប​នេះ គឺ​កំពុង​បំផ្លាញ​លទ្ធិ​ប្រជា​ធិប​តេយ្យ សេរី​ពហុ​បក្ស​នៅ​កម្ពុជា ដែល​ជា​គោល​ការណ៍​មាន​ចែង​ក្នុង​រដ្ឋ​ធមនុញ្ញ​។

​ជា​ការ​កត់​សម្គាល់ ការ​អំពាវ​នាវ​របស់​សហ​រដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​ខួប​គម្រប់​ពីរ​ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ