អានតួអត្ថបទ
កម្ពុជា

ក្រសួង​អប់រំ​មិនទាន់​ទទួលបាន​ឈើ​មួយ​ដុំ​ទេ បន្ទាប់ពី​របាយការណ៍បង្ក្រាប​ព្រៃឈើ​ទៅដល់​ដៃ​នាយករដ្ឋមន្ត្រី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់​ការងារ​ទៅ​ឲ្យ​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បន្ត​លើ​របាយការណ៍​បទល្មើស​ព្រៃឈើ របស់​គណៈកម្មការ​ជាតិ​ស្តីពី​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃ។ លោក ប៊ិន ឈិន ក៏បាន​ជួបប្រជុំ​ជា​អន្តរក្រសួង​ ដោយមាន​ការចូល​ពី​រួម​ក្រសួង​អប់រំ យុវជន និង កីឡា ផងដែរ។ ជំនួប​នេះ​ផ្ដោត​សំខាន់​ដើម្បី​ស្វែងរក​មធ្យោបាយ​ដឹកឈើ​ដែល​រឹបអូស​បាន​ជាង​ប្រាំ​ពីរម៉ឺន​ម៉ែត្រគូប ប្រគល់ជូន​ក្រសួង​អប់រំ​ដោយ​របៀប​ណា? តែ​យ៉ាងណាក៏ដោយ ​រហូតមកដល់​ពេលនេះ ​ក្រសួង​អប់រំ​នៅ​មិនទាន់​ទទួលបាន​ឈើ​មួយ​ដុំ​នៅឡើយ​ទេ។

សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ
សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ទទួល​ការងារ​បន្ត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ត្រួតពិនិត្យរ​បាយ​ការណ៍​បទល្មើស​ព្រៃ​ឈើ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អន្តរក្រសួង​ ដោយមាន​ការចូលរួម​ពី​ក្រសួង​អប់រំ និងក្រសួងបរិស្ថាន ជាដើម ​កាលពី​ថ្ងៃទី២៥មេសា នៅទី​ស្ដីការគណៈរដ្ឋមន្ត្រី។ លទ្ធផល​នៃ​កិច្ចប្រជុំ​មិនត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នោះទេ។

ប៉ុន្តែ​លោក អេង ហ៊ី អ្នកនាំពាក្យ​ឲ្យ​គណៈកម្មការ​ជាតិ​ស្ដីពី​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ថា ​ក្រោយ​កិច្ចប្រជុំ​បានបញ្ចប់ ​គណៈ​ប្រតិភូ​អន្តរក្រសួង​ចំនួន១៦រូប ​បានធ្វើ​ដំណើរ​រួមគ្នា​តាម​ឧ​ត្ថ​ម្ភ​ចក្រ ​ត្រួតពិនិត្យ​ទីតាំង​រឹបអូស​ឈើ​ដ៏​ធំ​ក្នុង​ខេត្តក្រចេះ​និង​ម​ណ្ឌ​គិរី​ ដើម្បី​រក​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​មក​ប្រគល់​ជួន​អប់រំ​យុវជន​និង​កីឡា។ ដឹក​ចេញ​របៀប​ណា​នៅ​មិនទាន់​ដឹង តែ​គណៈកម្មការ​ជាតិ​ដឹកនាំ​ដោយ លោក សៅ សុខា នឹងធ្វើ​របាយការណ៍​នេះ​ជា​បន្តទៅ​ឲ្យ​លោក ប៊ិន ឈិន។

លោក អេង ហ៊ី បាន​គូសបញ្ជាក់ថា រហូតមកដល់​ពេលនេះ​ ឈើ​មួយ​ដុំ​នៅ​មិនទាន់​ទៅដល់​ក្រសួង​អប់រំ​នៅឡើយ​ទេ បន្ទាប់ពី​ការប្រកាស​របស់លោក ហ៊ុន សែន ឲ្យ​ឈើ​ដែល​រឹបអូស​ទាំង​​ជាង​ប្រាំ​ពីរម៉ឺន​ម៉ែត្រគូប​ ទៅ​ក្រសួង​អប់រំ​ ដើម្បី​ធ្វើ​សាលា​និង​សង់ផ្ទះ​ឲ្យ​លោកគ្រូ អ្នកគ្រូ។ ការងារ​នេះ​ប្រើពេល​យូរ​បន្តិច​ដោយ លោក អេង ហ៊ី អះអាងថា ភាគី​ពាក់ព័ន្ធ​ធ្វើ​ទៅតាម​នីតិវិធី។

បន្ទាប់ពី​បាន​បញ្ជូន​របាយការណ៍​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ លោក អេង ហ៊ី មើលឃើញថា​បទល្មើស​ព្រៃ​ឈើ​បាន​ស្ងប់ស្ងាត់ជាងមុន ​ដោយ​កើតមានឡើង​ក្នុង​រូបភាព​​តូច​តាច​ប៉ុណ្ណោះ។ លោកថា ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ នឹង​នៅតែ​ធ្វើ​ឡើងជា​បន្តបន្ទាប់។

សូមបញ្ជាក់ថា គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ បាន​បញ្ជូន​របាយការណ៍​នៃប្រតិបត្តិ​ការបង្ក្រាប​ព្រៃឈើ ដែល​ផ្តើម​តាំងពី​ខែមករា​ឆ្នាំ ២០១៦ ទៅកាន់​រដ្ឋាភិបាល​កាលពី​ថ្ងៃទី ១៨មេសា។ ​របាយការណ៍​នោះ​បង្ហាញថា បាន​រកឃើញ​ឈើ​ខុសច្បាប់​ជាង ៧ម៉ឺន​ម៉ែត្រគូប និង​បាន​ប្តឹង​ឈ្មួញ​រកស៊ី​ចំនួន ៥៧ករណីទៅ​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ