អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អង្គការ​សមាគម​ជំនាញ​ខាង​កិច្ច​ការ​បោះ​ឆ្នោត មិន​បាន​ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ព្រឹទ្ធសភា

អង្គការ​សមាគម​ក្នុង​ស្រុក ដែល​មាន​ជំនាញ​ខាង​កិច្ច​ការ​បោះ​ឆ្នោត និង​តែង​ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​កន្លង​មក នឹង​មិន​ចូល​រួម​សង្កេត​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​នេះ​ទេ។ អង្គការ​ទាំង​នោះ​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត​អសកល ដែល​អាច​ទាយ​ដឹង​ពី​លទ្ធផល​មុន ក្រោយ​អវត្តមាន​បក្ស​ប្រឆាំង។

រូបភាព​តំណាង៖ ការបោះឆ្នោត
រូបភាព​តំណាង៖ ការបោះឆ្នោត
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ មាន​អង្គការ និង​សមាគម​ក្នុង​ស្រុក​ចំនួន​១២ បាន​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ជាតិ ដែល​ត្រូវ​សង្កេតការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ ខាង​មុខ​នេះ។

ចំណែក​ឯ អង្គការ និង​សមាគម ដែល​មាន​ជំនាញ​ខាង​កិច្ច​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដូច​ជា​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និកហ្វិច (NICFEC) និង គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​ខុមហ្វ្រែល (COMFREL) មិន​បាន​ចូល​រួម​សង្កេតការណ៍​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ទេ។

លោក​ សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច​ និង​លោក កន សាវាង្ស មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្រែ្វល​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា គឺ​ជា​ការ​បោះ​ឆ្នោត​អសកល ហើយ​អាច​ប៉ាន់​ស្មាន​ដឹង​ថា​គណបក្ស​ណា​នឹង​ទទួល​បាន​លទ្ធផល​ក្រោយ​ពី​ការ​បោះ​ឆ្នោត។

លោក សំ គន្ធាមី បន្ត​ថា​ការ​មិន​ចូល​រួម​នេះ មិន​មែន​ជា​លើក​ទី​១​ទេ ព្រោះ​កន្លង​មក​ស្ថាប័ន​របស់​លោក​ក៏​មិន​ធ្លាប់​បាន​ចូល​រួម​សង្កេតការណ៍​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ដែរ។ លោក​បន្ថែម​ថា​មូលហេតុ​មួយ​ទៀត គឺ​ដោយ​សារ​ស្ថាប័ន​របស់​លោក​គ្មាន​កញ្ចប់​ថវិកា​សម្រាប់​បណ្តុះ​បណ្តាល​អ្នក​សង្កេតការណ៍។

លោក កន សាវាង្ស​វិញ​បន្ត​ថា ក្រោយ​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​មក ស្ថាប័ន​របស់​លោក​អាច​ដឹង​បាន​ថា​លទ្ធភាព​នៃ​ការ​ជាប់​ឆ្នោត​នៃ​សមាជិក​ព្រឹទ្ធសភា គឺ​មាន​តែ​មួយ​គណបក្ស​តែ​ប៉ុណ្ណោះ។

លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប បាន​បញ្ជាក់​ថា ការ​ថយ​ចុះ​នៃ​ចំនួន​អង្គការ ឬ​សមាគម​ក្នុង​ស្រុក ក្នុង​ការ​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​នេះ ដោយ​សារ​តែ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា គឺ​ជា​បោះ​ឆ្នោត​អសកល ដូច្នេះ​មជ្ឈដ្ឋាន​មួយ​ចំនួន​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ។ លោក​បន្ថែម​ថា​ករណី​នេះ មិន​មែន​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ លោក​បញ្ជាក់​ថា​ទោះ​បី​ជា​តួ​លេខ​នៃ​អ្នក​ចូល​រួម​សង្កេត​ការណ៍​ប៉ុណ្ណា​ក៏​ដោយ ក៏​បង្ហាញ​ពី​ការ​ចូល​រួម​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ដែរ។

បើ​តាម​សេច​ក្តី​ប្រកាស​របស់ គ.ជ.ប អ្នក​សង្កេតការណ៍​ជាតិ ដែល​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នា​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​សរុប ២៧៦​នាក់ មក​ពី​១២​ស្ថាប័ន ដែល​មាន​ទាំង​សមាគម​ស្និត​នឹង​បក្ស​កាន់​អំណាច​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ