អានតួអត្ថបទ
កម្ពុជា-នយោបាយ

ព្រះ​មហាក្សត្រ៖ ព្រឹទ្ធសភា ត្រូវ​បន្ត​រួម​ចំណែក​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ក្នុង​ការ​លើក​ស្ទួយ​ប្រជាធិប​តេយ្យ

ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​នេះ​ព្រឹទ្ធសភា​នីតិកាល​ទី៤ បាន​បើក​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន ក្រោម​ព្រះ​រាជ​វត្តមាន​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​។ អង្គ​ព្រះ​មហាក្សត្រ​បាន​មាន​រាជ​បន្ទូល​ក្នុង​ឱកាស​នោះ​ថា​ ព្រឹទ្ធសភា​នីតិកាល​ទី៤ ត្រូវ​បន្ត​រួម​ចំណែក​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត ក្នុង​ការ​ពូន​ជ្រុំ​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

​ព្រឹទ្ធសភា​នីតិកាល​ទី៤ ក្រោម​ព្រះ​រាជ​វត្តមាន​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​
​ព្រឹទ្ធសភា​នីតិកាល​ទី៤ ក្រោម​ព្រះ​រាជ​វត្តមាន​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​ @សហការី
ផ្សាយពាណិជ្ជកម្ម

ព្រះ​ករុណា ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​កម្ពុជា ​មាន​ព្រះរាជ​បន្ទូល​ថា ឈរ​លើ​អត្តសញ្ញាណ​ជា​តំណាង​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ព្រឹទ្ធសភា​នីតិកាល​ទី៤ ត្រូវ​ខិត​ខំ​រួម​ចំណែក​ជំរុញ​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ កាន់​តែ​មាន​សន្ទុះ​រីក​ចំរើន​ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។ អង្គ​ព្រះ​មហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា ព្រឹទ្ធសភា​ត្រូវ​ធានា​ការពារ​យុត្តិធម៌ ​និង​គោរព​សិទ្ធិ​មនុស្ស ដើម្បី​បង្កើត​ឡើង​នូវ​ភាព​សុខដុមរមនា​យូរ​អង្វែង​ក្នុង​សង្គម​ជាតិ​។

ជា​ការ​កត់​សម្គាល់ ក្រៅពី​ព្រះរាជ​វត្ត​មាន​របស់​អង្គ​ព្រះ​មហាក្សត្រ​កម្ពុជា ក្នុង​ឱកាស​បើក​សម័យ​ប្រជុំ​ដំបូង​របស់​ព្រឹទ្ធសភា​នីតិកាល​ទី៤ នា​ពេល​នេះ​ដែរ ក៏​មាន​វត្ត​មាន​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ចូល​រួម​ដែរ។

ការ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន​នា​ពេល​នេះ គឺ​ដើម្បី​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​ព្រឹទ្ធសភា​នីមួយៗ ក្នុង​នីតិកាល​ទី៤ និង​បន្ទាប់​មក​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន អនុប្រធាន​ទី១ និង​អនុប្រធាន​ទី២នៃ​ព្រឹទ្ធសភា។ នា​ពេល​រសៀល​ថ្ងៃ​នេះ​ដែរ ថ្នាក់​ដឹក​នាំ​ និង​សមាជិក​ព្រឹទ្ធសភា​ទាំង​អស់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះបរមរាជ​វាំង ដើម្បី​ធ្វើ​សច្ចា​ប្រណិធាន។

កន្លង​មក​រដ្ឋសភា និង​ព្រឹទ្ធសភា​ត្រូវ​បាន​អតីត​គណបក្ស​ប្រឆាំង រួមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង រិះគន់​ជុំវិញ​ការ​តាក់​តែង​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ធ្វើ​ឲ្យ​អតីត​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល និង​ផាត់​ចេញ​គណបក្ស​ប្រឆាំង​មួយ​នេះ​ពី​ឆាក​នយោបាយ​ខ្មែរ​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​តែង​ធ្វើការ​ការពារ​ខ្លួន​យ៉ាង​តឹងតែង ដោយ​ថា​វា​ជា​ការ​អនុវត្ត​នីតិរដ្ឋ និង​ការពារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា ការ​​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ កាល​ពី​ថ្ងៃទី​២៥ ខែកុម្ភៈ កន្លង​ទៅ​ មាន​គណបក្ស​ចំនួន​៤​ចូល​រួម​ប្រកួត ​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា​​ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ របស់​​សម្តេចក្រុម​​ព្រះនរោត្តម រណឬទ្ធិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​​ដែល​មាន​លោក ញឹក ប៊ុនឆៃ ជា​អតីត​ប្រធាន រួម​ទាំង​ គណបក្ស​យុវជន​កម្ពុជា របស់​​លោក ពេជ្រ ស្រស់។

ជា​លទ្ធផល​គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ ដែល​ឈ្នះ​អាសនៈ​ទាំង​អស់​របស់​ព្រឹទ្ធសភាចំនួន​៥៨ ដោយ​មិន​រាប់​បញ្ចូល​អាសនៈ​ចំនួន​៤​ទៀត ដែល​២​អាសនៈ​ត្រូវបាន​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ និង​២​អាសនៈ​ទៀត ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច តែង​តាំង​ដោយ​រដ្ឋសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ