អានតួអត្ថបទ
កម្ពុជា

លោក​ហុង សុខ​ហួរ ​ត្រូវ​បាន​លើក​លែង​ទោស ​ចំពេល​នយោបាយ​ឡើង​កំដៅ​ខ្លាំង

អតីត​​ព្រឹទ្ធ​​សមាជិក​​គណបក្ស​​សម រង្សី​ លោក​ ហុង​ សុខ​ហួរ​ នៅ​​ថ្ងៃ​ទី​២៥ខែ​តុលា​នេះ ត្រូវបាន​ព្រះ​មហាក្សត្រ​​លើក​លែង​ទោស ​ឲ្យ​​មាន​​សេរីភាព​​វិញ ​បន្ទាប់​ពី​​ជាប់​​ពន្ធនាគារ​អស់​​រយៈពេល ​ជាង​​២​ឆ្នាំ​​រឿង​​ព្រំដែន​​។ ​​ការ​​រួច​ទោស​​របស់​លោក​​ហុង សុខ​ហួរ ​​នៅ​ពេល​នេះ ​បាន​​ធ្វើ​ឡើង​​បន្ទាប់​ពី​​អតីត​​សមាជិក​​ជាន់ខ្ពស់​​គណបក្ស​​ប្រឆាំង​​រូប​នេះ ​​សរសេរ​លិខិត​​សុំ​​អន្តរាគមន៍​​ជូន​​លោក ​​ហ៊ុន សែន ​​ដើម្បី​​ស្នើ​សុំ​​ព្រះរាជ​ទាន​​ទោស​​ពី​​ព្រះ​មហាក្សត្រ​​។

លោកហុង សុខហួរ អតីតព្រឹទ្ធសមាជិកគណបក្ស សម រង្សី
លោកហុង សុខហួរ អតីតព្រឹទ្ធសមាជិកគណបក្ស សម រង្សី rfi
ផ្សាយពាណិជ្ជកម្ម

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ដែល​បាន​ឡាយព្រះហស្ថលេខា​នៅថ្ងៃ​នេះ ​បាន​ត្រាស់បង្គាប់​ថា​ត្រូវ​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ ហុង សុខ​ហួរ ​អាយុ​៥៩​ឆ្នាំ ​ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពីបទ ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​អំណាច​សាលដីការ​ព្រហ្មទណ្ឌ ​កាលពី​ថ្ងៃទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៧​។

ព្រះរាជក្រឹត្យ​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ​បានធ្វើ​ឡើង​ជិត​២​ខែ ​បន្ទាប់ពី​លោក​ហុង សុខ​ហួរ បាន​សរសេរ​លិខិត​មួយច្បាប់​ទៅកាន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កាលពី​ថ្ងៃ​ទី​៨ខែ​កក្កដា​ឆ្នាំ២០១៧ ​ដោយ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​យោគយល់​ស្នើសុំ​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​លើកលែងទោស​ដល់​រូបលោក​ ឲ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ​និង​បាន​ចេញទៅ​ព្យាបាល​ជំងឺ​ប្រចាំកាយ​នៅ​ប្រទេស​បារាំង​ដោយ​អនុគ្រោះ​។

លិខិត​លោក​ហុង សុខ​ហួរ ផ្ញើ​ទៅ​លោក​ហ៊ុន សែន ដែល​អ្នក​កាសែត​ទើប​ទទួលបាន​នាពេលនេះ ក៏បាន​បញ្ជាក់​ដែរ​ថា លោក​មានការ​សោកស្តាយ ដោយ​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំពោះ​នយោបាយ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​ដំណើរការ​បោះបង្គោល​ព្រំដែន ដូចជា​យក​ឯកសារ​មិន​ត្រឹមត្រូវ ​មក​ប្រើប្រាស់​ក្នុង​បញ្ហា​ព្រំដែន ជាហេតុ​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ក្នុង​មតិ​សាធារណៈ ​លើ​គោល​នយោបាយ និង​ការអនុវត្ត​កន្លងមក​របស់​រាជរ​ដ្ឋា​ភិ​បាល។

សូម​បញ្ជាក់ថា​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្សី ​បច្ចុប្បន្ន​ គណបក្ស​ភ្លើងទៀន​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ខែ​សីហា​ឆ្នាំ​២០១៥ ​បន្ទាប់ពី​លោក​បាន​បង្ហោះ​ឯកសារ​មួយ ស្តីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​លោក សម រ​ង្ស៉ី ​ដែល​រដ្ឋាភិបាល​ចោទថា​ជា​ឯកសារ​ក្លែងក្លាយ​។

អ្នក​នយោបាយ​បក្សប្រឆាំង​រូបនេះ ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស ​រួមមាន​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង ​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​។​ លោក​ហុង សុខ​ហួរ ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​ដាក់ពន្ធនាគា​រ​រយៈពេល៧ឆ្នាំ​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៧​។ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ ​ក្រៅពី​លោក​ហុង សុខ​ហួរ ​នៅមាន​លោក​អ៊ុំ សំអាន ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​ក៏ត្រូវ​ជាប់ទោស​ដែរ ​បច្ចុប្បន្ន​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​នៅឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ