ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
កម្ពុជា

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​៥​រូប ទទួល​គោរមងារ​នៃ​រាជ្យ​បណ្ឌិត​សភា ពី​ព្រះ​មហាក្សត្រ

media  
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា Siv Channa/RFI

ព្រះ​មហាក្សត្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ​កិត្តិយស នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា​ជូន​ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​៥​រូប។ ជា​ការ​ផ្តល់​គោរមងារ ដែល​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី ចាស់ៗ ដែល​បាន​បំរើ​ជាតិ​យូរ​ឆ្នាំ តែ​មិន​បញ្ជាក់​ពី​ប្រសិទ្ធភាព​ការងារ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​៥​រូប ដែល​ទើប​តែ​ទទួល​បាន​គោរមងារ​កិត្តិយស នៃ​រាជ្យ​បណ្ឌិត​សភា​កម្ពុជា រួម​​មាន៖ លោក​ប៊ិន ឈិន ឧបនាយក​រដ្ឋមន្រ្ដី​ប្រចាំ​ការ ទទួល​គោរមងារ​ជា កិត្តិនីតិកោសលបណ្ឌិត, លោក គាត ឈន់ ឧបនាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​កិត្តិយស ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ទទួល​គោរមងារ​ជា កិតិ្តបរិរក្សបណ្ឌិត, លោក​ស្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ទទួល​គោរមងារ​ជា កិតិ្តសង្កហបណ្ឌិត, លោក​ចម ប្រសិទ្ធិ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ៍កម្ម និង​សិប្បកម្ម ជា កិត្តិសេដ្ឋាបណ្ឌិត, និង​លោក អូន ព័ន្ធមុនីរ័ត្ន ប្រធាន​ក្រុម​ប្រឹក្សា​បណ្ឌិត​សភាចារ្យ ជា អគ្គបណ្ឌិតសភាចារ្យ

លោក សន ជ័យ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ផ្តល់​គោរមងារ​ទាំង​នេះ ជា​ទម្រង់​នៃ​ការ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី ចាស់ៗ​ដែល​បាន​បំរើ​ជាតិ​យូរ​ឆ្នាំ​ហើយ។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា វា​មិន​បាន​បញ្ជាក់​ពី​ការ​អនុវត្តន៍​ល្អ​របស់​ស្ថាប័ន ដែល​មន្ត្រី​ទាំង​នោះ​បម្រើ​ការ​នោះ​ទេ។ សម្រាប់​លោក​សន ជ័យ ក្រៅ​ពី​គោរមងារ​នេះ លោក​ក៏​ចង់​ឃើញ​ពី​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ទាំង​អស់​នោះ​ដែរ។

លោក​បណ្ឌិត មាស នី អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​វិញ យល់​ឃើញ​ថា ការ​ផ្តល់​គោរមងារ​នេះ​គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេស​មួយ ​នៅ​ពេល​ដែល​អ្នក​​ណា​ម្នាក់​បាន​បំពេញ​ការងារ​ដែល​មាន​​គុណ​ធំធេង​ដល់​សង្គម។ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ការ​បញ្ជាក់​ថា​លក្ខខ័ណ្ឌ​អ្វី​ខ្លះ​ ដែល​បុគ្គល​ម្នាក់​ត្រូវ​បំពេញ ដើម្បី​ទទួល​បាន​គោរមងារ​នោះ​ទេ។

លោក​បណ្ឌិត មាស នី បញ្ជាក់​ថា ដោយ​សារ​តែ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​នេះ​ហើយ ទើប​ការ​ផ្តល់​គោរមងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដល់​មន្ត្រី​រដ្ឋាភិបាល​ម្តងៗ តែង​ទទួល​រង​ការ​រិះគន់​ពី​សាធារណជន​ថា ការ​ផ្តល់​គោរមងារ​នេះ ធ្វើ​ឡើង​ដោយ​សារ​តែ​នយោបាយ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​តើ​មាន​លក្ខខ័ណ្ឌ​ចាំ​បាច់​អ្វី​ខ្លះ​ដែល​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​គោរមងារ។

គួរ​ជម្រាប​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក ព្រះ​មហាក្សត្រ​បាន​ព្រះ​រាជ​ទាន​គោរមងារ​ដល់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ចំនួន ៩​រូប​ហើយ ក្នុង​នោះ​រួម​មាន​សព​លោក ជា ស៊ីម ដែល​មាន​គោរមងារ​ជា "សម្ដេច​អគ្គ​មហា​ធម្ម​ពោធិសាល ជា ស៊ីម" លោក ហេង សំរិន ជា "សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន" លោក ហ៊ុន សែន ជា "សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន" លោក គង់ សំអុល ជា "សម្ដេច​ចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល" ភរិយា​លោក ហ៊ុន សែន គឺ​លោក​ស្រី ប៊ុន រ៉ានី មាន​គោរព​ងារ​ជា "សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន" លោកស ខេង មាន​គោរមងារ​ជា​សម្ដេច​ក្រឡាហោម ស ខេង" លោក សាយ ឈុំ មាន​គោរមងារ ជា "សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ" លោក​ទៀ បាញ់ មាន​គោរមងារ​ជា "សម្ដេច​ពិជ័យ​សេនា ទៀ បាញ់" និង​លោក សុខ អាន មាន​គោរមងារ​ជា "សម្តេចវិបុលបញ្ញា សុខ អាន"៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ