ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
កម្ពុជា

វារី​អគ្គិសនី​សេសាន​ក្រោម​២៖ ប្រជាពលរដ្ឋ​បី​ភូមិ​ប្តេជ្ញា​ចិត្ត​មិន​ចាក​ចេញ ខណៈ​អាជ្ញាធរ​ព្រមាន​ពី​ការ​លិច​លង់​បន្ថែម

media  
ទំនប់សេសានក្រោម @FB

អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង កាល​ពី​ថ្ងៃ​ទី ១១ តុលា បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​៣​ភូមិ​ ដែល​កំពុង​រស់​នៅ​ផ្នែក​ខាង​លើ​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ចាក​ចេញ​ពី​ភូមិ​ជា​បន្ទាន់ ខណៈ​ដែល​អាជ្ញាធរ​បាន​ព្រមាន​ពី​ការ​លិច​លង់​បន្ថែម ដោយ​សារ​តែ​ការ​បិទ​ទ្វារ​ទឹក​វារីអ​គ្គិសនី​ទី​១​ (តួប៊ីន​ទី​១) នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​អំពាវនាវ​នេះ ប្រជាពលរដ្ឋ​៣០​នាក់​ តំណាង​ឲ្យ​១៣៦​គ្រួសារ ដែល​ប្រកាស​មិន​ចាក​ចេញ​ពី​ភូមិ​ចាស់​ដាច់​ខាត បាន​ឡើង​មក​សុំ​អន្តរាគមន៍​ដល់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ តុលា។

ញត្តិសុំ​អន្តរាគមន៍​របស់​ជន​ជាតិ​ដើម​ភាគ​តិច​មក​ពី​បី​ភូមិ គឺ​ភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែ​គរ១ ភូមិ​ស្រែ​គរ​២ បាន​ដាក់​ទៅ​កាន់​រដ្ឋសភា និង​ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​ទី​ ១២ តុលា​នេះ ដោយ​សុំ​ឲ្យ​អាជ្ញាធរ​ឈប់​បង្ខំ​ពួក​គេ​ឲ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​ត​ទៅ​ទៀត។ ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​៣០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៣៦​គ្រួសារ ដែល​ឡើង​មក​តវ៉ា​ដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ​នៅ​តែ​អះអាង​ថា ពួក​គេ​នឹង​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​ចាស់​របស់​ខ្លួន​ជា​ដាច់​ខាត ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​រស់​នៅ​ដោយ​លិច​ទឹក ឬ​ក៏​ថា មិន​ព្រម​ទទួល​យក​សំណង ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ជា​ដាច់​ខាត។

ញត្តិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​រួម​មាន​ជន​ជាតិ​ព្នង ឡាវ គួយ និង​ព្រៅ​នេះ​ បាន​ធ្វើ​ឡើង​ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង បាន​ជូន​ដំណឹង កាល​ពី​ថ្ងៃ​ទី ១១ តុលា ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ចាក​ចេញ​ទាំង​នេះ ប្រញ៉ាប់​រុះ​រើ​ឥវ៉ាន់​ចាក​ចេញ​ពី​លំនៅដ្ឋាន​ជា​បន្ទាន់។ ត្បិត​កំណើន​ទឹក​នឹង​កើន​ឡើង​លិច​ភូមិ​ដ្ឋាន​របស់​ពួក​គេ​បន្ថែម​ទៀត នៅ​ពេល​ដែល​ក្រុម​ការងារ​បច្ចេកទេស​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ គ្រោង​នឹង​បិទ​តួប៊ីន​ទី​១ នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ។ សេចក្តី​ជូន​ដំណឹង​ដែល​ហាម​ឃាត់​មិន​ឲ្យ​អ្នក​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល ឬ​ក្រុម​មនុស្ស​មក​ពី​ខាង​ក្រៅ ចូល​ទៅ​កាន់​ភូមិ​ទាំង​៣​ខាង​លើ​ក្នុង​អំឡុង​ពេល​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​នឹង​ចុះ​ទៅ​ដោះ​ស្រាយ​បញ្ហា​សំណង​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ នៅ​ថ្ងៃ​ទី ១៥ តុលា សប្តាហ៍​នេះ និង​បាន​កំណត់​ថា ការ​ដោះ​ស្រាយ​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី ៣១ ធ្នូ ឆ្នាំ​២០១៧​នេះ។

គួរ​ជំរាប​ជូន​ថា ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ គឺ​ជា​ទំនប់​វារី​អគ្គិសនី​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​៤០០​ម៉េហ្គាវ៉ាត់ ត្រូវ​បាន​ធ្វើ​ពិធី​បិទ​ទ្វារ​ទឹក​កាល​ពី​ថ្ងៃ​ទី ២៥ កញ្ញា ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ទំនប់​វារី​អគ្គិសនី​នេះ​ស្ថិត​នៅ​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ក្រុមហ៊ុន Hydro Power SeSan 2 Co,.Ltd ដែល​មាន​ភាគ​ហ៊ុន​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន កម្ពុជា ចិន និងវៀតណាម ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា​៨០០​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ ការ​ដាក់​ឲ្យ​ដំណើរ​ការ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៣៦​គ្រួសារ នៅ​តែ​អះអាង​ថា មិន​ព្រម​ចាក​ចេញ​ដោយ​សារ​តែ​ជា​ភូមិ​ចាស់​ដែល​បង្កប់​នូវ​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី ដូនតា ខណៈ​ដែល​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ទៀត បាន​យល់​ព្រម​ចាក​ចេញ ដោយ​ទទួល​យក​សំណង​និង​ការ​តាំង​ទី​លំនៅ​ថ្មី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ