អានតួអត្ថបទ
កម្ពុជា

គណៈកម្មការ​ទី​៣​រដ្ឋសភា ​បញ្ចប់​បេសកម្ម​ពិនិត្យ​ពី​ផលប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គីសនី​សេសាន​ក្រោម​២​ តែ​គ្មាន​គម្រោង​សុំ​ឱ្យ​បញ្ឈប់

គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ​ដែល​ដឹកនាំ​ដោយ​លោក​ ប៉ុល ហំម ​បាន​បញ្ចប់​ដំណើរ​បេសកម្ម​រយៈពេល​បី​ថ្ងៃ​នៅ​ខេត្ត​ស្ទឹងត្រែង​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨​មិនា ​និង​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​មិនានេះ​។ ​ជា​ដំណើរ​បេសកម្ម ​ដើម្បី​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ពី​ផលប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​សេសាន​ក្រោម​២។ ​ក្នុង​រយៈពេល​បី​ថ្ងៃ​ គណៈកម្មការ​នេះ​ បាន​ប្រមូល​ព័ត៌មាន​ជាច្រើន​ជុំវិញ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ តែ​មិនមាន​គម្រោង​ក្នុង​ការ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​សាងសង់​ទំនប់​នេះ​ទេ។ ​

ដំណើរបេសកម្មរយៈពេលបីថ្ងៃនៅខេត្តស្ទឹងត្រែង របស់លោក ប៉ុល ហំម គណៈកម្មការ​ទី៣​នៃ​រដ្ឋសភា។​
ដំណើរបេសកម្មរយៈពេលបីថ្ងៃនៅខេត្តស្ទឹងត្រែង របស់លោក ប៉ុល ហំម គណៈកម្មការ​ទី៣​នៃ​រដ្ឋសភា។​ Kang Kimhak's FB
ផ្សាយពាណិជ្ជកម្ម

ដំណើរ​បេសកម្ម​របស់​ប្រតិភូ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ​បាន​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​២៦​មិនា ​ដោយ​បាន​ចុះ​ទៅ​កាន់​ទីតាំង​ដោយ​ផ្ទាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គីសនី​សេសាន​ក្រោម​២​ ស្ថិតនៅ​ក្នុង​ភូមិ​ស្រែគរ​ ខេត្ត​ស្ទឹងត្រែង។​ ជាទី​ដែល​ប្រជាពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ ពី​ការ​ប្រឈម​ទៅ​នឹង​ផល​ប៉ះពាល់​ដោយសារ​តែ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ សេសាន​ក្រោម​២​ និង​គម្រោង​នៃការ​សាងសង់​ទំនប់​វារីអគ្គីសនី​ដនសាហុង​របស់​ប្រទេស​ឡាវ។

ក្នុង​រយៈពេល​បី​ថ្ងៃ ​គណៈកម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន​ និង​ធនធាន​ទឹក​នេះ ​បាន​ជួប​ជាមួយ​អភិបាល​ខេត្ត​ស្ទឹងត្រែង​ លោក កុល សំអុល,​ ក្រុម​អង្គការ​សង្គមស៊ីវិល ​និង​ប្រជាពលរដ្ឋ​ ស្តី​អំពី​បញ្ហា ​និង​ក្ដី​ព្រួយបារម្មណ៍​អំពី​ផលប៉ះពាល់​ ជុំវិញ​គម្រោង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ សេសាន​ក្រោម​២។ ​ ជា​គម្រោង​ដែល​ប្រជាពលរដ្ឋ​ និង​អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ កំពុង​តែ​តស៊ូ​មតិ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​គម្រោង​សាងសង់​នេះ​។
 
លោក​ ប៉ុល ហំម ​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ​បាន​កត់​សំគាល់​ថា​ មាន​ប្រជាពលរដ្ឋ​បីក្រុម​ បាន​បញ្ចេញ​មតិខុសៗគ្នា​ ជុំវិញ​គម្រោង​សាងសង់នេះ។​  ប្រជាពលរដ្ឋ​១​ក្រុម​ សប្បាយ​​ចិត្ត​នឹង​ការ​ទទួល​បាន​ភ្លើង​ប្រើប្រាស់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គីសនី​ ខណៈ​ប្រជាពលរដ្ឋ​១​ក្រុម​ទៀត​ បាន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​សាងសង់​នេះ។ ​ចំណែក​ឯ​ប្រជាពលរដ្ឋ​១​ក្រុម​ទៀត​ បាន​យល់ព្រម​ឲ្យ​មាន​ការ​សាងសង់ដែរ​ ក៏ប៉ុន្តែ​ សុំ​ឱ្យ​មាន​ការ​ផ្តល់​សំណង​សមរម្យ ​និង​បំពេញ​ទៅ​តាម​លក្ខ័ណ​មួយ​ចំនួន​ ដូចជា ​បញ្ហាការ​រើ​ទីតាំង​ភូមិដ្ឋាន ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ ទំហំដី​ ផ្ទះ​និង​ដីស្រែ​ចំការ​ រួមទាំង​ការ​ធ្វើ​ពិធី​គាល់​ផ្នូ​ដូនតា​របស់​ពួកគេ​ជាដើម។
 
យ៉ាងណា​ក៏ដោយ​ បន្ទាប់​ពី​ការ​ចុះពិនិត្យ​ដល់​ទីតាំង​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គីសនី​សេសាន​ក្រោម​២​នេះ ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ​មិនមាន​គម្រោង​ក្នុងការ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ រឺផ្អាក​ការ​សាងសង់​ទំនប់​វារីអគ្គីសនី​នេះ​ទេ។ ​មូលហេតុ​ដោយសារ​ថា​ គម្រោង​នេះ​ត្រូវ​បាន​រដ្ឋសភា ​អនុម័ត​រួច​ទៅ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​ គឺ​ការ​ធ្វើ​របាយការណ៍​ជូន​ប្រធានរដ្ឋសភា​ ដើម្បី​ពិនិត្យ​ ហើយ​អ្វី​ដែល​អាច​ធ្វើ​បាន​ទៀត​នោះ ​គឺ​ការ​បន្ត​តាមដាន​ការងារ​ដែល​រដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​បាន​សន្យា​ដោះស្រាយ​ជាមួយ​នឹង​ពួកគេ។

សូម​បញ្ជាក់​ថា ​ទំនប់​វារីអគ្គីសនី​សេសាន​ក្រោម​២​  ដែល​អាច​ទាញ​យក​ថាមពល​អគ្គីសនី​ បាន​៤០០ ​ម៉េហ្គាវ៉ាត់​ កំពុង​ដំណើរ​ការ​សាងសង់​បាន​៣០ភាគរយ​ហើយ​ ក៏​ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ ​និងអង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​តែ​បន្តការ​តស៊ូមតិ​ ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ​ រហូត​ទាល់តែ​ការ​វាយ​តម្លៃ​ពី​ផលប៉ះពាល់​សង្គម និង​បរិស្ថាន​ឡើងវិញ​។
តាម​គម្រោង ​ទំនប់​វារីអគ្គីសនី​សេសាន​ក្រោម​២ នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ​២០១៧​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ