អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លទ្ធផល​ផ្លូវ​ការ៖ បក្ស​នយោបាយ​៧ ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​

ដូច​ការ​គ្រោង​ទុក គ.ជ.ប នៅ​ថ្ងៃ​នេះ បាន​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណ្ណត្តិ​ទីបួន​។ លទ្ធផល​ផ្លូវការ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ​ ដណ្តើម​បានអាសនៈ​ច្រើន​ជាង​គេ ដោយ​បក្ស​ប្រជាជន​ទទួល​បាន ៦៥០៣ និង​បក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន ៥០០៧​។ ក្រៅ​ពី​នេះ គណបក្ស​ចំនួន​៥ ទៀត​ក៏​ទទួល​បាន​អាសនៈ​ខ្លះ​ដែរ ដូច​ជា គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ គណបក្ស​ខ្មែរ​រួប​រួម​ជាតិ គណបក្ស​សំបុក​ឃ្មុំ និង​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​។ 

ពលរដ្ឋ កំពុងរកឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោត កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅ។
ពលរដ្ឋ កំពុងរកឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោត កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅ។ @REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ចំនួន ១៦៤៦ ទូ​ទាំង​ប្រទេស គណបក្ស​កាន់​អំណាច បាន​បន្ត​នាំ​មុខ ដោយទទួល​បាន​តំណែង​មេឃុំ​ចំនួន ​១១៥៦ តាម​ពី​ក្រោយ​ដោយ​បក្ស​ប្រឆាំង ដែល​ទទួល​បាន​តំណែង​មេឃុំ​ ចំនួន ៤៨៩។ គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ ទទួល​បាន​អាសនៈ​ចំនួន ២៤ និង​តំណែង​ជា​មេឃុំ​ចំនួន​ ១ នៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ចំណែក​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ដណ្តើម​បាន​អាសនៈ​ចំនួន​២៨ ប៉ុន្តែ​មិន​បាន​ឈ្នះ​តំណែង​មេ​ឃុំ​នោះឡើយ​ តែ​ទទួល​តំណែង​ជំទប់​ទី​១ និង ជំទប់​ទី​២។ មិន​ខុស​គ្នា​ដែរ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ទទួល​បាន​អាសនៈ​៤ ហើយ​ទទួល​បាន​កៅអី​ជំទប់​ទី​២ ចំនួន​៤។

គណបក្ស​សំបុក​ឃ្មុំ ទទួល​បាន​អាសនៈ​តែ​មួយ​ប៉ុណ្ណោះ នៅ​ក្នុង​ខេត្ត​កំពង់​ចាម ប៉ុន្តែ​មិន​បាន​ឈ្នះ តំណែង​មេឃុំ ជំទប់ទី ១ នោះ​ទេ​។ និង​ចុង​ក្រោយ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ដែល​ទើប​កកើតថ្មី​ ទទួល​បាន​៥ អាសនៈ ដោយ​ទទួល​បាន​តំណែង​ជំទប់​ទី​១ និង ជំទប់​ទី​ពីរ នៅ​ក្នុង​ខេត្ត​កំពង់​ធំ កំពត និង​ខេត្ត​រតនគិរី​។

សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណ្ណត្តិទី៤ មាន​គណបក្ស​នយោបាយចំនួន​១២ ដែល​បាន​ដាក់​បេក្ខភាព​ចូល​រួម​ប្រកួត​ប្រជែង តំណែង​មេឃុំ ចៅសង្កាត់ ដោយ​នៅ​ក្នុង​នោះ បក្ស​នយោបាយ​ចំនួន ៧ ដែល​បាន​រៀប​រាប់​ខាង​លើ ទទួល​បាន​អាសនៈ ខណៈ​បក្ស​ចំនួន ៥ ទៀត មិនទទួល​បាន​អាសនៈ​ទាល់​តែ​សោះ​។ គណបក្ស​ទាំង​ប្រាំ​នោះ​រួម​មាន៖ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​យុវជន​កម្ពុជា គណបក្ស​អំណាច​ខ្មែរ និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​។

ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​របស់​គ.ជ.ប ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាប័ន​ជំនាញ​មួយ​នេះ​ បាន​ដោះ​ស្រាយ​បណ្តឹង​ពី​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​ចប់​សព្វ​គ្រប់​។ ជា​បណ្តឹង​ដែល​ភាគ​ច្រើន ផ្តឹង​តវ៉ា​ជុំវិញលទ្ធផល​បោះ​ឆ្នោត និង​ទាម​ទារ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​។

តួលេខ​ដែល​ចេញ​ដោយ​គ.ជ.ប.​ ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​កាលពី​ដើម​ខែ​មិថុនា​នេះ​ ​មាន​ចំនួន​ជាង​៧លាន​នាក់​ ​ស្មើ​នឹង​ជិត​៩០​ភាគរយ​ ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជិត ​៨​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ