អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភាព​អសកម្ម​លើ​វិស័យ​សាធារណៈ​ការ ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ក្រសួង ស្ថាប័ន​សាធារណៈការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​រង​ការ​ស្តី​បន្ទោស​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ពី​ការ​ស្ពឹក​ស្រពន់​នៅ​ក្នុង​ការងារ​ជួសជុល​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។ ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​សាធារណៈ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ផ្នែក​មួយ​ផ្តល់​ផល​វិជ្ជមាន ដល់​ការ​អភិវឌ្ឍ​ទីក្រុង និង​ផ្តល់​ផល​ប្រយោជន៍​ដល់​បក្ស​កាន់​អំណាច​ផង​ដែរ។

តំបន់​លូ​ទឹក​ស្អុយ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​
តំបន់​លូ​ទឹក​ស្អុយ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ សហការី
ផ្សាយពាណិជ្ជកម្ម

ដំណាល​គ្នា​នឹង​សាលា​រាជ​ធានី​ភ្នំពេញ អបអរ​នូវ​អគារ​រដ្ឋបាល​ដ៏​ស្កឹមស្កៃ​ថ្មី កាល​ពី​ថ្ងៃ​អង្គារ ក៏​ជា​ថ្ងៃ​ដែល​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ក្រុង​ភ្នំពេញ​បោរ​មុខ​ផង​ដែរ ដោយសារ​តែ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន លើក​ឡើង​ចំ​ៗ​ពី​ការ​ដែល​ស្ថាប័ន​នេះ មិន​យក​ភ្នែក​មើល​ស្ថាន​ភាព​ផ្លូវ​ដែល​ខូច​ខាត​នៅ​ក្នុង​ទីក្រុង។

ជា​ការ​ពិត បញ្ហា​កក​ស្ទះ​ចរាចរណ៍ ការ​ជីក​ផ្លូវ ដាក់​លូ ការ​ជីក​ផ្លូវ ដាក់​ខ្សែ​កាព្យ ភាព​ព្រងើយ​កន្តើយ​ក្នុង​ការ​លុប​គ្រលុក​តូច​ៗ និង​ការ​បោះ​សំរាម​ ឬ​កាក​សំណល់​រឹង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​លូ​មេ​ដើម្បី​រំដោះ​ទឹក​ស្អុយ​ចេញ​ពី​ទី​ក្រុង ទាំង​អស់​នេះ​គឺ​ជា​បញ្ហា​ដ៏​ធំ ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំ​ៗ​មួយ​ចំនួន​ទៀត នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​ផ្លូវ​ថ្នល់ ជា​ទូទៅ​បន្ទាប់​ពី​រដូវ​ភ្លៀង ផ្លូវ​ទាំង​តូច​ទាំង​ធំ​ជា​ច្រើន ដែល​គេ​ចាត់​ទុក​ថា​សម្រាប់​ជួយ​រំដោះ​ចរាចរណ៍​ពី​មហា​វិថី​នោះ បាន​រង​នូវ​ឥទ្ធិពល​ទឹក​ដក់​ និង​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ ជា​ហេតុ​បង្ក​ឲ្យ​កើត​មាន​គ្រលុក​ជា​អន្លើ។ តាម​ធម្មតា​ការ​ខូច​ខាត​ផ្លូវ​ គឺ​បណ្តាល​មក​ពី​គ្រលុក​តូច​ៗ។ អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ជា​ប្រចាំ​នៅ​លើ​ផ្លូវ​នីមួយ​ៗ ដែល​មាន​គ្រលុក​ក៏​បាន លើក​ជា​ចំងល់​ដូច​លោក​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ម្សិលមិញ​ដែរ​ថា នៅ​ពេល​មាន​គ្រលុក​តិច​តួច ស្ថាប័ន​មាន​សមត្ថកិច្ច​ក៏​ដូចជា​អាជ្ញាធរ​ដែនដី ជិះ​ទៅ​ជិះ​មក​រំលង​មើល​មិន​ឃើញ ទុក​ទាល់​តែ​គ្រលុក​រីក​ធំ​ទៅ​ៗ ទើប​នឹក​ឃើញ​ជួស​ជុល។

វាជាការ​ហួស​ពេល​ និង​ជា​ទម្លាប់​អាក្រក់​ ដែល​ធ្វើ​ឲ្យ​រដ្ឋមាន​ការ​ខាតបង់ ដោយសារ​គ្រលុក​កាន់​តែ​ធំ រដ្ឋ​ត្រូវ​ចំណាយ​លុយ​កាន់​តែ​ច្រើន ឬ​គេ​អាច​និយាយ​ថា​ទុក​ទាល់​តែ​អស់​លុយ​ដុំ។

មួយ​វិញ​ទៀត ការ​គ្រប់​គ្រង​សម្រាម បណ្តាល​មក​ពី​ភាព​យល់​ដឹង​របស់​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ ដែល​រស់នៅ​តាម​បណ្តោយ​ប្រព័ន្ធ​លូ​មេ សម្រាប់​រំដោះ​ទឹក​ស្អុយ​ចេញ​ពី​រាជធានី​នៅ​មាន​កម្រិត។ មាន​កម្រិត​ដោយសារ ប្រព័ន្ធ​លូ ដែល​ជា​គម្រោង​ជំនួយ​របស់​ប្រទេស​ជប៉ុន បាន​រង​ការ​គោក​រ៉ាក់​ជា​អន្លើ​ៗ ដោយសារ​ការ​ចោល​កាក​សំណល់​រឹង​រាវ​ទៅ​ក្នុង​ទឹក​លូ យ៉ាង​អាណាធិបតេយ្យ។

ជា​រៀង​រាល់​ថ្ងៃ សម្រាម​គ្រប់​ប្រភេទ ជា​ពិសេស​ថង់​ប្លាស្ទីក ប្រអប់​ស្នោរ រួម​ទាំង​ដុំ​ថ្ម​ផង​នោះ ត្រូវ​បាន​គេ​បោះ​ចូល​ទៅ​ក្នុង​ប្រលាយ​ទឹក​ស្អុយ​ដ៏​ធំ​សម្រាប់​បង្ហូរ​ទឹក​កខ្វក់​ចេញ​ទៅ​ក្រៅ​ក្រុង។ ទម្លាប់​នេះ គេ​មិន​ដឹង​ថា​ដល់​ពេល​ណា​ទើប ពលរដ្ឋ​ខ្មែរ ទាំង​នោះ​មាន​ការ​យល់​ដឹង​គ្រប់គ្រាន់​ គ្រាន់​បាន​បរទេស​ហៅ​ខ្មែរ ថា​ជា​ជាតិ​សាសន៍​មួយ​«ស៊ីវីល័យ»នឹង​គេ ឬ​សម​ដូច​ពាក្យ​ថា​«កម្ពុជា ព្រះ​រាជាណាចក្រ​អច្ឆរិយៈ»។

បញ្ហា​ប្រព័ន្ធ​លូ បញ្ហា​សំរាម មើល​ទៅ​ហាក់​ដូចជា​រឿង​កំប៉ិក​កំប៉ុក ក៏​ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃ​គេ​ឲ្យ​តម្លៃ​ខ្លាំង ដោយសារ​តែ​បញ្ហា​ទាំង​អស់​នេះ ពាក់ព័ន្ធ​ទៅ​នឹង​សោភ័ណ្ឌ​ភាព​ទីក្រុង ពាក់ព័ន្ធ​ទៅ​នឹង​អនាម័យ បរិស្ថាន ដែល​ត្រូវ​តែ​មាន​ការ​គិត​គូរ​ម៉ត់ច​ត់។

សំណួរ​សួរ​ថា ហេតុអ្វី​បាន​ជា​មាន​ការ​បណ្តោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឲ្យ​បោះ​សម្រាម​ចូល​ទៅ​ក្នុង​លូ​ដូច្នេះ? ជា​ការ​កត់​សម្គាល់​គ្មាន​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ឬ​សមត្ថកិច្ច​ណា​មួយ មាន​វិធាន​ការ​ជាក់​លាក់​ដើម្បី​ទប់ស្កាត់​ភាព​ឥត​សណ្តាប់​ធ្នាប់​ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​បែប​នេះ​ទេ។ ការ​ពន្យល់ ការ​អប់រំ និង​វិធាន​ការ​ផាក​ពិន័យ​ក៏​គ្មាន។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​រិះ​គន់​ដែរ​ថា​អាជ្ញាធរ​មូលដ្ឋាន បាន​បំពេញ​តួនាទី​របស់​ខ្លួន​មិន​ទាន់​អស់​ពី​សមត្ថភាព​នៅ​ឡើយ។

សរុប​មក​សន្ទរក​ថា​ខ្លាំង​ៗ​ដោយ​លើក​ឈ្មោះ​ចំ​ៗ​ពី​អ្នក​ទទួល​ខុស​ត្រូវ​លើ​កិច្ចការ​សាធារណៈ​ការ​ក្រុង​របស់​ប្រមុខ​រដ្ឋាភិបាល​នា​ពេល​នេះ គឺ​ជា​សារ​មួយ ផ្ញើ​ដល់​ថ្នាក់​ដឹកនាំ​ក្រុង ក្នុង​នោះ​អាច​រួម​ទាំង​ចៅហ្វាយ​ក្រុង​ផង​ដែរ ដោយហេតុ​ថា​ប្រធាន​មន្ទីរ​សាធារណៈការ​ក្រុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចៅហ្វាយ​ក្រុង ឲ្យ​នាំ​គ្នា​កំរើក​សសៃ​ឡើង​វិញ។

ការ​កំរើក​សសៃ​នេះ​មាន​អត្ថប្រយោជន៍​ពីរ​យ៉ាង​ គឺ​ទី​១​ ជួយ​ឲ្យ​រាជធានី​ភ្នំពេញ​មាន​ការ​រីក​ចម្រើន​ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល និង​ការ​ចង់​បាន​របស់​ក្រុង​ភ្នំពេញ​ឲ្យ​ក្លាយ​ជា​ទីក្រុង​«គុជ»​ដូច​ដែល​ធ្លាប់​មាន​ការ​ស្រមើល​ស្រម៉ៃ​កន្លង​មក។

ទី២ នរណា​ក៏​ដឹង​ដែរ​ថា គណបក្ស​កាន់​អំណាច​បាន​បាត់បង់​អាសនៈ​ចំនួន​២​នៅ​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ប្រទេស កាល​ពី​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ។ ដូច្នេះ​ភាព​រស់​រវើក​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​គណបក្ស​ដឹកនាំ​ប្រទេស​អាច​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ពិចារណា​ឡើង​វិញ​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ