អានតួអត្ថបទ
កម្ពុជា-សហភាពអឺរ៉ុប

សហភាព​អឺរ៉ុប​សម្រេច​ផ្តល់​ជំនួយ​៤១០​លាន​អឺរ៉ូ​ដល់​កម្ពុជា​ រហូត​ដល់​ឆ្នាំ២០២០​

ឯក​អគ្គ​រដ្ឋ​ទូត​នៃ​ប្រតិ​ភូ​សហភាព​អឺរ៉ុប​ លោក​ ហ្សង់​ ហ្វ្រង់ស័រ​ កូតាំង​ (Jean-Francois Cautain)​ បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​១៧​ធ្នូ​នេះ​ថា ​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប​ ទើប​តែ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​ម៉ិញ​ថា ​សហ​ភាព​អឺរ៉ុប​ នឹង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​៤១០​លាន​អឺរ៉ូ ​សម្រាប់​វិស័យ​អាទិភាព​ចំនួន​៣ ​ក្នុង​នោះ​ក៍​មាន​ការ​ផ្តល់​ជំនួយ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​ផង​ដែរ​។ ​ការ​ប្រកាស​ពី​ការ​ផ្តល់​ជំនួយ​នេះ ​បាន​ធ្វើ​ឡើង ​នៅ​ក្នុង​សន្និ​សីទ​កា​សែត​រួម​គ្នា​មួយ ​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវ​ជន​និង​កីឡា ​លោក​ ហង់​ ជួនណារ៉ុន ​ស្តីពី​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ជាង​៣៧​លាន​អឺរ៉ូ ​ដើម្បី​បង្កើន​ការ​គាំទ្រ​របស់​ខ្លួន​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា។​​

សន្និសីទ​កាសែត​រួម​គ្នា​មួយ ​ស្តីពី​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ឥត​សំណង​ ៣៧,៣​ លាន​អឺរ៉ូ​សំរាប់​ជួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៦​ ដែល​ធ្វើ​ឡើង​ដោយ​ លោក​ ហ្សង់​ហ្វ្រង់​ស័រ​ កូតាំង និងរដ្ឋមន្រ្តីក្រសួងអប់រំ។
សន្និសីទ​កាសែត​រួម​គ្នា​មួយ ​ស្តីពី​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ឥត​សំណង​ ៣៧,៣​ លាន​អឺរ៉ូ​សំរាប់​ជួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៦​ ដែល​ធ្វើ​ឡើង​ដោយ​ លោក​ ហ្សង់​ហ្វ្រង់​ស័រ​ កូតាំង និងរដ្ឋមន្រ្តីក្រសួងអប់រំ។ @RFI
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​សន្និ​សីទ​កាសែត​នោះ​ លោក​ ហ្សង់​ ហ្វ្រង់​ស័រ ​កូ​តាំង​ (Jean-Francois Cautain)​ ឯក​អគ្គ ​រដ្ឋទូត​នៃ​ប្រតិភូ​សហ​ភាព​អឺរ៉ុប​ បាន​បញ្ជាក់​ថា ​សហ​ភាព​អឺរ៉ុប​ ទើប​តែ​បាន​ប្រកាស​ពី​កាស​ម្រេច​ផ្តល់ជំនួយ​៤១០​លាន​អឺរ៉ូ​ដល់​កម្ពុជា ​សំរាប់​ការ​អភិវឌ្ឍន៍​លើ​វិស័យ​អទិភាព​ចំនួន​បី ​ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០​ខាង​មុខ​។ ​ក្នុង​នោះ​ ថវិការ​ចំនួន​១៤០​លាន​អឺរ៉ូ​ នឹង​ផ្តល់​ទៅ​វិស័យ​អប់រំ​នៅ​កម្ពុជា។ ចំណែក​ឯ​វិស័យ​អាទិ​ភាព​ពីរ​ទៀត​ គឺ​វិស័យ​កសិកម្ម​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​ និង​វិស័យ​អភិបាលកិច្ច​ល្អ ​និង​ផ្តល់​ជូន​ក្នុង​រង្វង់​ថវិការ​ពី១៣០​ រឺ​១៤០​លាន​អឺរ៉ូ ​ហើយ​ក្នុង​នោះ ​ក៍មាន​ការ​ផ្តល់​ជំនួយ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​ផង​ដែរ​។ ​ប៉ុន្តែ​យ៉ាង​ណា​ក៍​ដោយ​ លោក​ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប​ មិនទាន់​អាច​បញ្ជាក់​អោយ​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​ក្នុង​ចំនោម​ថវិការ​៤១០​លាន​អឺរ៉ូ​នោះ​ នឹង​ផ្តល់​ទៅអោយ​សាលា​ក្តី​ខ្មែរ​ក្រហម​ប៉ុន្មាន​នៅ​ឡើយ​ទេ។​ បើ​តាម​លោក​ ហ្សង់​ហ្វ្រង់​ស័រ​ កូតាំង​ (Jean-Francois Cautain) ​នៅ​ពីរ​រឺ​បី​សប្តាហ៍​ខាង​មុខ​ទៀត​ នឹង​មាន​ការ​ប្រកាស​អំ​ពី​គម្រោង​លំអិត​នៃ​ថវិការ​ជំនួយ​នេះ​។   

សូម​បញ្ជាក់​ថា ​ការ​ប្រកាស​អំពី​ទឹក​ប្រាក់​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នេះ ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​សន្និ​សីទកា​សែត​រួម​គ្នា​មួយ ​ស្តីពី​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ឥត​សំណង​ ៣៧,៣ លាន​អឺរ៉ូ​សំរាប់​ជួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៦​ ដែល​ធ្វើ​ឡើង​ដោយ លោក​ ហ្សង់​ហ្វ្រង់​ស័រ​ កូ​តាំង ​(Jean-Francois Cautain)​ ឯក​អគ្គ​រដ្ឋ​ទូត​នៃ​ប្រតិភូ​សហ​ភាព​អឺរ៉ុប​ ប្រចាំ​នៅ​កម្ពុជា ​និង​លោក​ ហង់​ ជួន​ណា​រ៉ុន​ រដ្ឋ​មន្ត្រីក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​នៅឯ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ក្នុង​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ២០១៤នេះ។​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ ថវិកា​ចំនួន​៣២​លាន​អឺរ៉ូ​ នឹង​ផ្តល់​លើ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​ហើយ​ថវិការ​ចំនួន​ ៥,៣លាន​អឺរ៉ូ​ទៀត ​គឺ​ប្រើ​ទៅ​លើ​ការ​អភិវឌ្ឍន៍​សមត្ថ​ភាព​ និង​ការ​អភិវឌ្ឍន៍​ស្ថាប័ន​។

លោក​ហង់​ ជួន​ ណា​រ៉ុន ​ជឿ​ជាក់​ថា ​ថវិការ​គាំទ្រ​វិស័យ​អប់រំ​នេះ ​គឺ​ជា​យន្ត​ការ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ ដើម្បី​ភាព​ស័ក្តិ​សិទ្ធ​នៃ​ការ​អភិវឌ្ឍ ​ពីព្រោះ​ថា ​ថវិកា​នេះ​ ផ្តល់​ជូន​ដោយ​ផ្អែក​ទៅ​លើ​ដំណើរការ​នៃ​ការ​រៀប​ចំ ​ផែន​ការ​ ការ​រៀប​ចំ​ថវិកា​ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​។

សូម​បញ្ជាក់​ថា ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ ​គិត​ត្រឹម​ឆ្នាំ​២០១៤​នេះ ​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​សហ​ភាព​អឺរ៉ុប​សម្រាប់​ការ​អភិវឌ្ឍន៍ ​និង​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​ គឺមាន​ចំនួន​សរុប​ជិត១០០​លាន​អឺរ៉ូ​រឺ​ស្មើ​១២៥​លាន​ដុល្លា​អាមេរិក ​ដោយ​បូក​រួមទាំង​ការ​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​នៅ​ថ្ងៃនេះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ