ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
កម្ពុជា

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កំពុង​សិក្សា​ផ្លូវ​ច្បាប់ ដើម្បី​ចាត់​វិធានការ​អ្នក​ចែក​ខិត្តប័ណ្ណ​រក​ស៊ី​ផ្លូវ​ភេទ

media  
ខិត្តប័ណ្ណ​រក​ស៊ី​ផ្លូវ​ភេទ ដោយ​ជន​ជាតិ​ចិន នៅក្នុង​ខេត្ត​ព្រះសីហនុ @សហការី

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កំពុង​សិក្សា​ផ្លូវ​ច្បាប់ ដើម្បី​ចាត់​វិធានការ​អ្នក​ដែល​ដើរ​ចែក​ខិត្តប័ណ្ណ​រក​ស៊ី​ផ្លូវ​ភេទ នៅ​តាម​បណ្តា​ទីតាំង​កំសាន្ត​នានា ខណៈ​អាជ្ញាធរ ទើប​បាន​ចាប់​ខ្លួន ជន​ជាតិ​ចិន​ចំនួន​៦​នាក់ ដែល​ធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ​កាល​ពី​យប់​ម្សិល​មិញ​នេះ។ វិធានការ​របស់​អាជ្ញាធរ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ស្តីពី​ការ​ចែក​ចាយ​ខិត្តប័ណ្ណរក​ស៊ី​ផ្លូវ​ភេទ​ យ៉ាង​​កក្រើក​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ខេត្ត​ព្រះសីហនុ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្ដម​សេនីយ៍​ទោ ជួន ណារិន្ទ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា ករណី​ចែក​ខិត្តប័ណ្ណ​រក​ស៊ី​ផ្លូវ​ភេទ ដោយ​ជន​ជាតិ​ចិន នៅ​ក្នុង​ខេត្ត​នេះ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ មិន​មែន​ជា​ករណី​ថ្មី ព្រោះ​ថា​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​ឃាត់​ខ្លួន អ្នក​ដើរ​ចែក​ខិត្ត​ប័ណ្ណ​របៀប​នេះ ពីរ​ដង​រួច​មក​ហើយ កាល​ពី​ដើម​ឆ្នាំ​២០១៨។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​​ដដែល បញ្ជាក់​ថា កាល​ពី​៦-៧​ខែ មុន អាជ្ញាធរ​ក៏​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ជា​ច្រើន​នាក់ ដែល​ធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ រក​ស៊ី​ផ្លូវ​ភេទ​នេះ យក​ទៅ​អប់រំ និង​ព្រមាន កុំ​ឱ្យ​ប្រព្រឹត្ត​ទង្វើ​នេះ​ជា​ថ្មី​ទៀត។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​ករណី​ដែល​ទើប​ផ្ទុះ​ឡើង និង​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ព្រោង​ព្រាត តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​សប្តាហ៍​មុន​នេះ ត្រូវ​បាន លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ គូស​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​សិក្សា​ផ្លូវ​ច្បាប់ ដើម្បី​ចាត់​វិធានការលើ​បុគ្គល ឬ​ក្រុម ដែល​នៅ​តែ​ផ្គើន​ធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ រក​ស៊ី​ផ្លូវ​ភេទ នៅ​តាម​បឹង​ហ្គាឡូ ផ្ទះ​សំណាក់ សណ្ឋាគារ និង​កន្លែង​កម្សាន្ត​នានា​ជា​ដើម។ ជា​សកម្មភាព​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​ថា ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រពៃណី វប្បធម៌ និង​កិត្តិយស​ខេត្ត​ទេសចរ​ណ៍មួយ​នេះ។

ក្រៅ​តែ​ពី​កំពុង​សិក្សា​តាម​ផ្លូវ​ច្បាប់​​​ចំពោះ​​ករណី​នេះ ស្នងការ​ខេត្ត​ព្រះសីហនុ ក៏​បាន​ពង្រាយ​កម្លាំង នៅ​តាម​ទីតាំង​សំខាន់​ៗ​​នៅ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ព្រះសីហនុ​នេះ​ដែរ​ ដើម្បី​ឃាត់​ខ្លួន​អ្នក​លួច​ដើរ​ចែក​ខិត្ត​ប័ណ្ណ​​​ ​នៅ​ហ្នឹង​​កន្លែង​។ ជាក់​ស្តែង កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​១២ ​សីហា កម្លាំង​សមត្ថកិច្ច ទើប​ឃាត់​ខ្លួន​ជន​ជាតិ​ចំនួន ​៦​នាក់ ដែល​ប៉ុនប៉ង សៀត​ខិត្តប័ណ្ណ នៅ​តាម​ទ្វារ​​ឡាន និង​​បន្ទប់​ផ្ទះ​សំណាក់​ជា​ដើម។

ព្រម​ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍​ទោ ជួន ណារិន្ទ ក៏​បាន​អំពាវនាវ​ដល់​មន្រ្តី​វប្បធម៌​ និង​ទេសចរណ៍​​ខេត្ត ​អ្នក​ពាក់​ព័ន្ធ​​ទាំង​អស់ ដែល​ឃើញ​អ្នក​ចែក​ចាយ​ខិត្តប័ណ្ណ​បែប​នេះ ឱ្យ​ជូន​ដំណឹង​ដល់​អាជ្ញាធរ។

ចំណាត់​ការ​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចែក​ចាយ​ជា​ច្រើន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ពី​រឿង​ដើរ​ចែក​ខិត្តប័ណ្ណ​កន្លែង​រក​ស៊ី​ផ្លូវ​ភេទ​ នៅ​ខេត្ត​គោលដៅ​ទេសចរ​ណ៍មួយ​នេះ។

សូម​បញ្ជាក់​ថា ខិត្តប័ណ្ណ ដែល​មាន​ការ​ទាក់​ទាញ​ភ្ញៀវ​បុរសៗ​ក្នុង​ការ​រក​សេវា​ផ្លូវ​ភេទ ត្រូវ​បាន​គេ​ចែក​ចាយ​ជា​សាធារណៈ កាល​ពី​សប្តាហ៍​មុន ដែល​ក្នុង​ខិត្ត​ប័ណ្ណ​តូចៗ​​នោះ មាន​ដាក់​រូបភាព​ស្ត្រី​​ចិន​អាក្រាត​កាយ សរសេរ​អក្សរ​ចិន និង​លេខ​ទូរស័ព្ទ​​ទំនាក់​ទំនង​​ផង​ដែរ។

បើ​តាម​របាយការណ៍ ផ្ញើ​ទៅ​កាន់​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ អភិបាល​ខេត្ត​ព្រះសីហនុ​លើក​ឡើង​ថា កំណើន​ជន​បរទេស​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន​ក្នុង​ខេត្ត​មាន​សក្តានុពលមួយ​នេះ​កំពុង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ផ្សេងៗ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​ខុស​ច្បាប់។ ​យ៉ាង​ណា​ក៏​ដោយ ស្ថាន​ទូត​ចិន​​ប្រចាំ​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​រួច​ហើយ​ថា ​ស្ថានទូត​ប្រឆាំង​ដាច់​ខាត ចំពោះ​ជន​ជាតិ​ចិន​មួយ​ចំនួន​តូច​នៅ​កម្ពុជា ដែល​បាន​ប្រពឹត្ត​​អំពើ​ល្មើស​ច្បាប់ ធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​ប្រជាជន​ចិន​ទាំង​មូល។ ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា​ ចាត់​វិធានការ​តឹង​រឹង​ចំពោះ​ប្រជាជន​ចិន ដែល​ប្រព្រឹត្ត​​បទ​ល្មើស​ទាំង​នោះ​ និង​អំពាវនាវ​ឲ្យ​ប្រជាជន​ចិន​ទាំង​ឡាយ​ ​ដែល​​មក​កម្ពុជា រក្សា​ភាព​ត្រឹម​ត្រូវ ស្អាត​បាត និងជៀស​វាង​ពីល្បែង​​ស៊ី​សង​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ