អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ ចាត់​ទុក ​បន្ទប់​ស្ថានការណ៍​បង្កើត​ដោយ​សង្គម​ស៊ីវិល គឺ​ផ្ទុយ​នឹង​បទ​បញ្ញត្តិ

ក្រសួង​មហាផ្ទៃ នៅ​យប់​ថ្ងៃ​ទី ៤ កក្កដា បាន​បញ្ជា​ឲ្យ​អង្គការ​ខុមហ្រ្វែល​និង​និកហ្វិច បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​របស់​បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត។ ជា​សកម្មភាព​ដែល​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​អះអាង​ថា អនុវត្ត​ផ្ទុយ​ទៅ​នឹង​បទ​បញត្តិ​នៃ​ច្បាប់​ស្តី​ពី​សមាគម។ ជា​ការ​ឆ្លើយ​តប ខុមហ្វ្រែល ចាត់​ទុក​ថា ការ​លើក​ឡើង​នេះ គឺ​ជា​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល។

បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​
បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​ Phearak Soeung
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​អង្គការ​ខុមហ្វ្រែល និង​និកហ្វិច នៅ​យប់​មិញ​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​រិះគន់​សេចក្តី​ថ្លែងការណ៍​របស់ បន្ទប់​ស្ថានការណ៍ ថា​មិន​មាន​តម្លៃ​គតិយុត្ត និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​អព្យាក្រឹត្យ​ភាព ដូច​មាន​ចែង ក្នុង​មាត្រា​២៤ នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លោក ស ខេង បាន​បង្គាប់​ឱ្យ​អង្គការ​ទាំង​ពីរ ដែល​ជា​អ្នក​ផ្តួច​ផ្តើម បង្កើត​បន្ទប់​ស្ថានការណ៍ បញ្ឈប់​សកម្មភាព​ខុស​ច្បាប់ និង​ត្រូវ​អនុវត្ត​សកម្មភាព​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ ស្រប​តាម​ច្បាប់​ស្តីពី​សមាគម ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន។

ភ្លាមៗ​ក្រោយ​លិខិត​របស់​ក្រសួង​មហាផ្ទៃ អង្គការ​ខុមហ្វ្រែល​ចាត់​ទុក​ថា ការ​លើក​ឡើង​នេះ​គឺ​ការ​រិត​ដ្បិត​សិទ្ធិ និង​សេរីភាព​នៃ​ការ​ចូល​រួម និង​សិទ្ធិ​ប្រមូល​ផ្តុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​សហការណ៍ សម្រប​សម្រួល​នៃ​ការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​សិទ្ធិ​ចូល​រួម​ក្នុង​ដំណើរ​ការ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សូម​រំឮក​ជូន​ថា ការ​ចេញ​មុខ​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍។ លោក ហ៊ុន សែន ​យល់​ឃើញ​ថា បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត គឺ​ជា​ដៃ​ជើង​របស់​គណបក្ស​ប្រឆាំង​ព្រោះ​ថា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ក្នុង​ន័យ​ស្រដៀង​គ្នា​ចាត់​ទុក​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​ថា គ្មាន​សេរីភាព​ពេញ​លេញ និង​មិន​យុត្តិធម៌​នោះ​ឡើយ។ ហើយ​លោក បាន​ចាត់​ទុក​ថា ក្រុម​ទាំង​នោះ​បាន​ធ្វើ​សកម្មភាព និង​សេចក្តី​ថ្លែងការណ៍ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រូបភាព​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

ជា​ការ​ឆ្លើយ​តប​នៅ​ពេល​នោះ បន្ទប់​ស្ថានការណ៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ពន្យល់​ពី​តួនាទី​និង​គោល​បំណង​របស់​ខ្លួន​ថា គឺ​បង្កើត​ឡើង​ដើម្បី​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​នៅ​ថ្ងៃ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​គជប ចែក​រំលែក​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ទាក់​ទង​ការ​បោះ​ឆ្នោត និង វាយ​តម្លៃ​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដោយ​ផ្អែក​លើ​បទ​ដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​តែ​ប៉ុណ្ណោះ។ បើ​តាម​បន្ទប់​ស្ថានការណ៍ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់ សកម្មភាព​របស់​ខ្លួន​ក៏​ត្រូវ​បាន​បញ្ចប់​ដែរ​កាល​ពី​ថ្ងៃ​ទី ២៤ មិថុនា​កន្លង​ទៅ។

នៅ​ថ្ងៃ​ទី​៤ កក្កដា ដដែល​នេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ដាច់​ដោយ​ឡែក​ទៀត ដោយ ព្រមាន​ដល់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ដែល​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម ច្បាប់​ស្តីពី​សមាគម ជា​ពិសេស​តាម​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​មាត្រា​១០ និង​មាត្រា​២៥ នៃ​ច្បាប់​នេះ។ ក្រសួង អះអាង​ថា មួយ​រយៈ​កន្លង​ទៅ​នេះ មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ចំនួន ដែល​បាន​ចុះ​បញ្ជី និង​តម្កល់​សំណុំ​ឯកសារ​នៅ​ក្រសួង​មហាផ្ទៃ មិន​បាន​យក​ចិត្ត​ទុក​ដាក់ អនុវត្ត​តាម​បទ​បញ្ញត្តិ​នៃ​មាត្រា​ខាង​លើ​នេះ​ទេ និង​បាន​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​ខ្លួន​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ