ក្រុមមេធាវីគ្រោងស្នើសុំតុលាការនាំយកលោកកឹម សុខា ទៅព្យាបាលជំងឺ
លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងកំពុងហ៊ុមព័ន្ធដោយជំងឺផ្សេងៗ ហើយកំពុងត្រូវបានតាមដាន និងព្យាបាលពីសំណាក់គ្រូពេទ្យប្រចាំនៅពន្ធនាគារ។ ក៏ប៉ុន្តែការតាមដាននិងព្យាបាលនេះ ក្រុមមេធាវីលោកកឹម សុខា បានអះអាងនៅព្រឹកថ្ងៃចន្ទនេះថា មិនទាន់គ្រប់គ្រាន់ដែលធានាឲ្យលោកកឹម សុខាមានសុខភាពល្អឡើងវិញឡើយ។ ដូច្នេះក្រុមមេធាវីគ្រោងនឹងដាក់លិខិតស្នើសុំទៅកាន់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ ដើម្បីនាំយកលោកកឹម សុខាទៅព្យាបាលនៅមន្ទីរពេទ្យវិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៤
សហមេធាវីម្នាក់របស់លោកកឹម សុខា គឺលោកផែង ហេង បានអះអាងថា នៅពេលនេះ លោកកឹម សុខា កំពុងមានជំងឺខ្វះជាតិស្ករ សំពាធឈាមឡើងខ្ពស់ ហើយជាពិសេសនោះ គឺលោកកំពុងរងនូវការឈឺចាប់ដោយជំងឺគាបសរសៃនៅស្មាខាងឆ្វេង ដែលធ្វើឲ្យលោកសម្រាកមិនសូវបានដូចមុន។ តាមលោកមេធាវីផែង ហេង ជំងឺគាបសរសៃនៅស្មាខាងឆ្វេងរបស់លោកកឹម សុខានេះ គឺធ្លាប់ត្រូវបានក្រុមគ្រូពេទ្យជំនាញតម្រូវឲ្យលោកវះកាត់ម្តងរួចមកហើយតាំងតែពីលោកមិនទាន់ត្រូវបានចាប់ឃុំខ្លួនមកម្ល៉េះ តែកាលណោះលោកបានខកខាន។ ដូច្នេះហើយទើបពេលនេះ វាបង្កការឈឺចាប់ដែលតម្រូវឲ្យមានការវះកាត់។
ដើម្បីដោះស្រាយបញ្ហានេះ លោកមេធាវីផែង ហេង បានបញ្ជាក់ថា ក្រុមមេធាវីនឹងរៀបចំលិខិតស្នើសុំផ្លូវការមួយទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំយកលោកកឹម សុខា ទៅទទួលការព្យាបាលជំងឺពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ក៏ប៉ុន្តែលោកមេធាវី មិនបានបង្ហាញឲ្យជាក់លាក់ទេ ថាតើនឹងដាក់ទៅកាន់តុលាការនៅពេលណាមួយនោះ តែគ្រាន់តែថានឹងធ្វើក្នុងពេលឆាប់ៗខាងមុខនេះ។
លោកសុខ ឥសាន អ្នកនាំគណបក្សកាន់អំណាចបានចាត់ទុកការអះអាងរបស់ក្រុមមេធាវី លោកកឹម សុខានេះថា ជាវោហារសាស្ត្រនយោបាយចង់បានការដោះលែងកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំតែប៉ុណ្ណោះ ។ តាមអ្នកនាំពាក្យរូបនេះ មេធាវីបានចាប់អារម្មណ៍ពីអាយុជីវិតរបស់កូនក្តី តែមេធាវីមិនបានគិតពីអាយុជីវិតរបស់ប្រជាជនកម្ពុជាដែលមិនដឹងជាប៉ុន្មាននាក់ត្រូវបាត់បង់ បើសិនណាជាអំពើឃុបឃិតជាមួយបរទេសចង់នាំមកនូវគ្រោះមហន្តរាយដូចពីអតីតកាលមកដាក់នៅកម្ពុជាជាថ្មីនោះ។ លោកសុខ ឥសាន ថែមទាំងប្រៀបធៀបអាយុជីវិតរបស់ កឹម សុខា ជាមួយអាយុជីវិតរបស់ប្រជាជនកម្ពុជាដោយគូសបញ្ជាក់ថាខុសគ្នាឆ្ងាយណាស់។ ដូច្នេះសម្រាប់លោកសុខ ឥសាន សុំកុំយកអាយុជីវិតលោកកឹម សុខាម្នាក់មកដាក់ពីលើអាយុជីវិតរបស់ប្រជាជនកម្ពុជាអី វាមិនបានសម្រេចតាមចិត្តចង់នោះទេ ។
សម្រាប់លោកមេធាវីផែង ហេងវិញ គម្រោងស្នើសុំនេះ មិនមែនចង់ឲ្យមានការដោះលែងលោកកឹម សុខានោះទេ តែជាការនាំទៅព្យាបាលជំងឺដែលកំពុងកើតមានជាក់ស្តែងលើលោកកឹម សុខា។ មេធាវីដែលតែងតែចូលទៅជួបលោកកឹម សុខាញឹកញាប់រូបនេះ លើកឡើងថា ការនាំយកលោកកឹម សុខា ទៅព្យាបាលជំងឺនេះមិនប៉ះពាល់ដល់ដំណើរការនីតីវិធីលើសំណុំរឿងលោកកឹម សុខាឡើយ ហើយថា នៅពេលណាដែលលោកកឹម សុខា ទទួលបានការព្យាបាលរួចហើយនោះ គឺអាចនាំយកលោកកឹម សុខា មកបន្តឃុំខ្លួននៅក្នុងពន្ធនាគារវិញបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ