អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រុម​មេធាវី​ស្នើ​តុលាការ​សុំ​ផ្ទេរ​ការ​ឃុំ​ខ្លួន​លោក​កឹម សុខា ពី​ត្រពាំង​ផ្លុង​មក​ពន្ធនាគារ​ប៉េហ្ស៊ី​នៅ​ភ្នំពេញ

ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា កំពុង​រៀប​ចំ​សំណើ​មួយ​ទៅ​កាន់​តំណាង​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ផ្ទេរ​លោក​កឹម សុខា ពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្ទុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​មក​កាន់​ពន្ធនាគារ​ប៉េហ្ស៊ី​(PJ)ក្នុង​រាជធានី​ភ្នំពេញ​វិញ។ បើ​តាម​ក្រុម​មេធាវី សំណើ​នេះ នឹង​ដាក់​ជូន​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ក្នុង​សប្តាហ៍​នេះ។

មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ជា​ទី​កន្លែង​ឃុំ​ឃាំង​លោក កឹម សុខា
មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ជា​ទី​កន្លែង​ឃុំ​ឃាំង​លោក កឹម សុខា REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​ស្នើ​សុំ​ផ្ទេរ​លោក​កឹម សុខា ពី​ត្រពាំង​ផ្លុង​មក​កាន់​ប៉េហ្ស៊ី​នេះ ក្រុម​មេធាវី​បាន​សំអាង​ទៅ​លើ​ហេតុ​ផល​បី​សំខាន់ៗ គឺ​ទី​១ ក្រុម​មេធាវី​យល់​ថា ការ​ផ្ទេរ​លោក​កឹម សុខា មក​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ផ្តល់​ភាព​ងាយ​ស្រួល​ទាំង​តុលាការ និង​ក្រុម​មេធាវី​ផ្ទាល់​តែ​ម្តង​ក្នុង​ការ​អនុវត្ត​នីតិវិធី និង​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​លោក​កឹម សុខា ជា​ដើម។ ទី​ពីរ ក្រុម​មេធាវី​អះ​អាង​ថា ការ​ឃុំ​ខ្លួន​លោក​កឹម សុខា នៅ​ឆ្ងាយ​បែប​នេះ គឺ​មាន​ការ​លំបាក​សម្រាប់​តុលាការ និង​អាជ្ញាធរ​នៅ​ពេល​ត្រូវ​នាំ​ខ្លួន​លោក​មក​កាន់​តុលាការ ដើម្បី​ធ្វើ​សវនាការ​ណា​មួយ​នោះ។ ចំណែក​ទី​បី គឺ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​លោក​កឹម សុខា ពោល​គឺ​ក្រុម​មេធាវី​យល់​ថា នៅ​ពេល​លោក​កឹម សុខា​ត្រូវ​ឃុំ​ខ្លួន​នៅ​ភ្នំពេញ​វិញ វា​ងាយ​ស្រួល​សម្រាប់​គាត់​ក្នុង​ពេល​មាន​បញ្ហា​សុខភាព​ណា​មួយ គឺ​អាច​ជួប​ពេទ្យ​ដែល​មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ។ ម៉្យាង​វិញ ការ​ដាក់​ឃុំ​ខ្លួន​នៅ​ភ្នំពេញ​នេះ ​ក៏​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​លោក​កឹម សុខា អាច​ចូល​មក​ជួប​សួរ​សុខ​ទុក្ខ​លោក។

សូម​រំលឹក​ថា សំណើ​ទៅ​កាន់​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​មេធាវី​បាន​ដាក់​សំណើ​របៀប​នេះ​ទៅ​កាន់​ចៅក្រម​ស៊ើប​សួរ​ម្តង​រួច​ហើយ។ បើ​តាម​លោក​សំ សុគង់ ដែល​ជា​សហមេធាវី​ម្នាក់​របស់​លោក​កឹម សុខា គឺ​ចៅក្រម​ស៊ើប​សួរ បាន​ណែ​នាំ​ឲ្យ​ដាក់​សំណើ​នេះ​ទៅ​កាន់​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ​វិញ ព្រោះ​មិន​មែន​ជា​សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើប​សួរ។ យ៉ាង​ណា​ក៏​ដោយ ចំពោះ​សំណើ​សុំ​ផ្ទេរ​ការ​ឃុំ​ខ្លួន​លោក​កឹម សុខា​នេះ ក្រុម​មេធាវី​បក្ស​ប្រឆាំង​មិន​បាន​ផ្តល់​ក្តី​សង្ឃឹម​ណា​មួយ​ទេ ដោយ​គ្រាន់​តែ​អះ​អាង​ថា ធ្វើ​ទៅ​តាម​នីតិវិធី​ដែល​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណោះ។

លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្ទុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ក្រោម​បទ​ចោទ​ប្រកាន់​ក្បត់​ជាតិ។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មុន សាលា​ឧទ្ធរណ៍​បាន​សវនាការ​លើ​បណ្តឹង​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក​កឹម សុខា​ម្តង​រួច​មក​ហើយ។ គឺ​នៅ​ពេល​នោះ​ហើយ លោក​កឹម សុខា មិន​ត្រូវ​បាន​អាជ្ញាធរ​នាំ​ខ្លួន​កាន់​តុលាការ​ឡើយ​ក្រោម​ហេតុ​ផល​សុវត្ថិភាព និង​សន្តិសុខ​សណ្តាប់​ធ្នាប់។ នៅ​ត្រង់​ចំណុច​នេះ លោក​មេធាវី​សំ សុគង់ គូស​បញ្ជាក់​ថា ប្រសិន​បើ​លោក​កឹម សុខា ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​វិញ​នោះ គឺ​វា​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​នាំ​ខ្លួន​លោក​កឹម សុខា មក​ចូល​រួម​នៅ​ក្នុង​សវនាការ​របស់​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ