ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

សង្គម​ស៊ីវិល​រារែក​ក្នុងការ​សម្រេច​ចិត្ត​ភ្លាម​ៗ​ ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨

media  
សកម្មភាពអង្គការសង្គមស៊ីវិលអំឡុងពេលមានការបោះឆ្នោតកន្លងមក

​​អង្គការ​សង្គម​ស៊ីវិល​សំខាន់​ៗ​មួយ​ចំនួន ​ដែល​សកម្ម​នៅក្នុង​ការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​​នៅ​​​កម្ពុជា ​កំពុង​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិចារណា ​ថា​នឹង​ចូលរួម​សង្កេតការណ៍​ដូច​សព្វ​មួយដង​ឬ​​យ៉ាងណា​។ ​ការ​សម្រេច​ចិត្ត​មិនទាន់​បាន​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ​ធ្វើ​ឡើង​ខណៈ​ដែល​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(​គ​.ជ​.ប​) ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​​​ប្រកាស​ស្វាគមន៍​ដល់​អ្នក​សង្កេតការណ៍​ជាតិ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៅ​ខែ​កក្កដា​ខាងមុខ​។

លោក​ កន សា​វ៉ាង ​មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ​ខុមហ្វ្រែល ​បាន​ប្រាប់​វិទ្យុ​បារាំង​RFI ​នៅ​ថ្ងៃ​នេះ​ថា ​ការ​ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា​ខាងមុខ​របស់​អង្គការ​ខុមហ្វ្រែល ​នឹង​មិន​ទាន់​អាច​សម្រេច​ភ្លាម​ៗ​នោះ​ទេ​។ ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​ភ្លាម​ៗ ​គឺ​ដោយសារ​តែ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​នេះ ​រង់​ចាំមើល​ការ​វិវឌ្ឍ​នៃ​ស្ថានភាព​នយោបាយ ​ថា​មាន​ភាព​ប្រែប្រួល​ដែរ​ឬ​យ៉ាង​ណា​។

ការ​លើក​ឡើង​របស់​ម​ន្ត្រី​ខុមហ្វ្រែល​បាន​ធ្វើ​ឡើង​ខណៈ​ដែល ​គ.​ជ.​ប ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​នឹង​ចាប់​ផ្តើម​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ​ចាប់​ពី​ថ្ងៃ​ទី​២៣​ខែ​មេសា ​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨​ខែ​កក្កដា​ខាង​មុខ​។ ​ជាមួយ​គ្នា​នេះ ​លោក​សំ ​គ​ន្ធា​មី ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ​និក​ហ្វិ​ក ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ការ​សម្រេច​ចិត្ត​ថា​នឹង​ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោត​សកល ​ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​ឧសភា​ដែរ​។ ​ថវិកា ​និង​ស្ថានការណ៍​នយោបាយ​កម្ពុជា​គឺ​ជា​ហេតុផល​ចំបង​របស់​អង្គការ​មួយ​នេះ ​ក្នុង​ការ​សម្រេច​ចិត្ត​ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោត​។

ដូចគ្នា​ដែរ ​លោក ​យង់ គឹមអេង ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព ​ថ្លែង​ថា ​ការ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​គឺ​អាស្រ័យ​ទៅ​លើ​ការ​ចាប់អារម្មណ៍​របស់​ម្ចាស់​ជំនួយ ​ដែល​ភាគច្រើន​ជា​ប្រទេស​លោក​ខាង​លិច​។ ​លោ​ក​ថា​ពេលនេះ ​នៅ​មិនទាន់​ដឹង​ពី​ជំហរ​ម្ចាស់​ជំនួយ​យ៉ាងណា​នៅ​ឡើយ​។

ទោះ​យ៉ាងណា ​បើ​តាម​លោក ​កន សា​វ៉ាង​ អង្គការ​ខុម​ហ្វ្រែល​នឹង​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​សង្គម​ស៊ីវិល​ដទៃ​ទៀត ​ហើយ​នឹង​ធ្វើការ​សម្រេច​ចិត្ត​ចុងក្រោយ​នៅ​ពាក់​កណ្តាល​ខែ​ឧសភា​ខាងមុខ ​ក្នុង​ករណី​ស្ថានការណ៍​នយោបាយ​មិន​មាន​ការ​ប្រែប្រួល​ណា​មួយ​ពី​ស្ថានភាព​បច្ចុប្បន្ន​។​តំណាង​អង្គការ​ខុមហ្វ្រែល​និង​អង្គការ​និក​ហ្វិ​ក ​ក៏​បាន​លើក​ឡើង​ដែរ​ថា​អង្គការ​មួយ​នេះ ​នៅតែ​មាន​ការ​ត្រៀម​លក្ខណៈ​ជាប់​ជានិច្ច​នូវ​សម្ភារៈ ​នីតិវិធី ​និង​ការងារ​ផ្សេង​ៗ​ទៀត ​ដើម្បី​ចូលរួម​សង្កេត​ការណ៍ ​ក្នុង​ករណី​ស្ថានការណ៍​អំណោយផល​។

សូម​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​មាន​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​អាណត្តិ​ទី​៦​ ដែល​កំណត់​យក​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​តាមរយៈ​វេទិកា​សាធារណៈ​នានា ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ពី​ការ​មិន​ប្រែប្រួល​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​នេះ ​ខណៈ​ដែល​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដោះលែង​អ្នក​ជាប់​ឃុំ ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មនុស្ស​សំខាន់​ៗ​ចំនួន​១១៨​នាក់ ​និង​មាន​ការ​បោះឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ